វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារទី១៨ខែមេសាឆ្នាំ២០២៣ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាទីបញ្ជាការយោធានៅក្នុងតំបន់ Kherson និង Luhansk របស់ប្រទេសអ៊ុយក្រែន ដែលកំពុងគ្រប់ គ្រងដោយប្រទេសរុស្ស៊ី។ ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីបញ្ជាការយោធាកើតឡើង ខណៈអ៊ុយ ក្រែនកំពុងរៀបចំការវាយលុកថ្មីមួយដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់មកវិញ។

លោកពូទីនបានចូលរួមកិច្ចប្រជុំមេបញ្ជាការយោធានៅក្នុងតំបន់Khersonដើម្បីស្តាប់របាយការណ៍ពីមេបញ្ជាការ កងកម្លាំងអាកាសនិងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតអំពីស្ថានភាពនៅក្នុងតំបន់ KhersonនិងZaporizhzhia ដែលទីក្រុង ម៉ូស្គូបានប្រកាសជាផ្នែកមួយនៃប្រទេសរុស្ស៊ី។
លោកពូទីនបានប្រាប់ក្រុមមេបញ្ជាការថាវាមានសារៈសំខាន់សម្រាប់ខ្ញុំក្នុងការស្តាប់យោបល់របស់អ្នកអំពីរបៀបដែលស្ថានភាពកំពុងវិវឌ្ឍន៍ ។
លោកវរសេនីយ៍ឯក Mikhail Teplinsky មេបញ្ជាការកងទ័ពអាកាសរបស់រុស្ស៊ីបានអង្គុយនៅខាងស្តាំលោក ពូទីន ខណៈដែលវរសេនីយ៍ឯក Oleg Makarevich អង្គុយនៅខាងឆ្វេង។
Kherson និង Zaporizhia ស្ថិតក្នុងចំណោមតំបន់ចំនួនបួនរបស់អ៊ុយក្រែនដែលរុស្ស៊ី បានបញ្ចូលកាលពីខែកញ្ញា ឆ្នាំមុនបើទោះបីជាគេមិនបានគ្រប់គ្រងពេញលេញនៃតំបន់ណាមួយក៏ដោយ។ការដាក់បញ្ចូលនេះត្រូវបាន ថ្កោលទោសថាខុសច្បាប់ដោយទីក្រុងគៀវនិងសម្ព័ន្ធមិត្តរបស់ខ្លួន។
កាលពីខែវិច្ឆិកា យោធារុស្ស៊ីបានដកថយពីទីក្រុង Kherson ដែលជារដ្ឋធានីក្នុងតំបន់និងជាទីក្រុងដ៏ធំបំផុតដែល ខ្លួនចាប់បានចាប់តាំងពីការលុកលុយខែកុម្ភៈឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមកកងទ័ពបាននិងកំពុងពង្រឹង ទីតាំងនៅលើច្រាំងទន្លេ Dnieper ទល់មុខគ្នា ដើម្បីទន្ទឹងរង់ចាំការវាយលុកជាថ្មីពីអ៊ុយក្រែន។
G-7 ប្តេជ្ញាបង្កើនទណ្ឌកម្មប្រឆាំងរុស្ស៊ី
នៅប្រទេសជប៉ុន រដ្ឋមន្ត្រីការបរទេស G7 នៅថ្ងៃអង្គារ មេសាបានថ្កោលទោសផែនការរបស់រុស្ស៊ីក្នុងការដាក់ ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្ថា មិនអាចទទួលយកបាន។
រដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលបីថ្ងៃនៅក្នុងប្រទេសជប៉ុនថា វោហាសាស្ត្រនុយក្លេអ៊ែរដែលមិនទទួលខុសត្រូវរបស់រុស្ស៊ី និងការគំរាមកំហែងរបស់ខ្លួន ក្នុងការដាក់ ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុសគឺមិនអាចទទួលយកបានទេ។
រាល់ការប្រើប្រាស់អាវុធគីមីជីវសាស្រ្តឬនុយក្លេអ៊ែរដោយរុស្ស៊ីនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។
រដ្ឋមន្ត្រី G-7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនៅតែប្តេជ្ញាចិត្តក្នុងការបង្កើនការដាក់ទណ្ឌ កម្មប្រឆាំងនឹងរុស្ស៊ី ដោយសម្របសម្រួល និងអនុវត្តយ៉ាងពេញលេញ។
ពួកគេបានបន្ថែមថាមិនអាចមាននិទណ្ឌភាពសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើឃោរឃៅផ្សេងទៀត ដូចជា ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗនោះទេ។

រុស្ស៊ី បង្កើនការបាញ់ផ្លោង និងវាយប្រហារតាមអាកាសនៅ Bakhmut
មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីកំពុងបង្កើនការប្រើប្រាស់ កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសនៅក្នុងទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែនដែលត្រូវបាន បំផ្លិចបំផ្លាញ។
ការប្រយុទ្ធគ្នានៅក្នុង និងជុំវិញតំបន់ Bakhmut មានរយៈពេលជាច្រើនខែដែលជាចំណុច កណ្តាលនៃសង្រ្គាមនៅ ក្នុងប្រទេសអ៊ុយក្រែន។
ឧត្តមសេនីយ Oleksandr Syrskyi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបានអោយដឹង ថាបច្ចុប្បន្ននេះ សត្រូវកំពុងបង្កើនសកម្មភាពនៃកាំភ្លើងធំធុនធ្ងន់និងចំនួននៃការវាយប្រហារតាមអាកាសធ្វើអោយទីក្រុងនេះកំពុងរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។
លោកបាននិយាយថារុស្ស៊ីដែលបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន នៅតែប្តេជ្ញាថានឹងយក Bakhmut ក្នុងតម្លៃណាក៏ដោយ ប៉ុន្តែកំពុងទទួលរងការខាតបង់ យ៉ាងសំខាន់នៅក្នុង សមរភូមិសម្រាប់ទីក្រុងនេះ។
រ៉យទ័រមិនអាចបញ្ជាក់ពីស្ថានភាពសមរភូមិបានទេ។ រុស្ស៊ីនិយាយថា កម្លាំងអ៊ុយក្រែនក៏បានរងការខាតបង់យ៉ាង ខ្លាំងនៅ Bakhmut៕