អាជ្ញាធរចិនបាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យឆាបឆេះនៅមន្ទីរពេទ្យទីក្រុង ប៉េកាំង បានកើនឡើងដល់២៩នាក់ដែលក្នុងនោះមានអ្នកជំងឺ២៦នាក់ផងដែរ។ក្រោយកើតហេតុមនុស្ស ១២នាក់ត្រូវបាន ឃុំខ្លួន រួមទាំងប្រធានមន្ទីរពេទ្យ និងអនុប្រធានផងដែរ។
អគ្គីភ័យបានឆាបឆេះនៅមន្ទីរពេទ្យឯកជន Changfeng កាលពីរសៀលថ្ងៃអង្គារ ទី១៨មេសា បង្ខំមនុស្សមួយ ចំនួនត្រូវជម្លៀសចេញ។ អ្នកខ្លះ បង្ខំចិត្តលោកពីលើបង្អួចដោយប្រើកម្រាលពូកចងភ្ជាប់។

លោក Li Zongrong អនុប្រធានស្រុក Fengtai បាននិយាយថា គិលានុបដ្ឋាយិកាជំនួយការពេទ្យនិង សមាជិក គ្រួសារម្នាក់ក៏បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ។
មូលហេតុនៃការឆេះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ប៉ុន្តែយោងតាមការស៊ើបអង្កេតបឋមបានអោយដឹង ថា ការឆាបឆេះនេះគឺបណ្តាលមកពីផ្កាភ្លើងក្នុងអំឡុងពេលជួសជុលខាង ក្នុងនិងសាងសង់ផ្នែកអ្នកជំងឺក្នុងមន្ទីរ ពេទ្យ។នេះបើយោងតាម Zhao Yang មកពីក្រុមពន្លត់អគ្គីភ័យទីក្រុង។។
មន្ត្រីបាននិយាយថា មនុស្សសរុបចំនួន ៣៩នាក់ កំពុងត្រូវបានព្យាបាលរបួស ដោយក្នុងនោះ ៣នាក់ស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ។ ក្រុមជួយសង្គ្រោះ និងបុគ្គលិកពេទ្យមកពីជុំវិញទីក្រុងត្រូវបានចល័ត ។
ច្បាប់សុវត្ថិភាពត្រូវបានគេមិនអើពើជាញឹកញាប់នៅក្នុងប្រទេសចិន។រដ្ឋាភិបាលកណ្តាលបានសន្យាវិធាន ការ សុវត្ថិភាពកាន់តែខ្លាំងចាប់តាំងពីការផ្ទុះនៅក្នុងឆ្នាំ ២០១៥ នៅឯឃ្លាំងផ្ទុកសារធាតុគីមីក្នុងទីក្រុងកំពង់ផែ Tianjin ភាគខាងជើងបានសម្លាប់មនុស្ស ១៧៣នាក់ ដែលភាគច្រើនជាអ្នកពន្លត់អគ្គីភ័យ និងមន្ត្រីប៉ូលីស៕