ភ្នំពេញ៖ពិធីកររូបសង្ហាររបស់CTN កម្មវិធី”រាត្រីម្សាន្ដ”លោកសាយ រតនៈ បានឲ្យដឹងថាលោកចង់វិលទៅរួមការងារជាថ្មីម្ដងទៀតនៅCTN ប្រសិនបើថ្នាក់ដឹកនាំសា្ថនីយ៍នេះផ្ដល់ឱកាសដល់រូបលោកជាថ្មី ព្រោះក្នុងចិត្តលោកនៅតែស្រលាញ់ការងារនៅទីនោះក៍ដូចជាមិនដែលភ្លេចគុណដល់ទូរទស្សន៍មួយនេះឡើយ។



ការចេញមុខបញ្ជាក់របស់លោករតនៈ នាពេលនេះក្រោយពីមានការសង្ស័យថាលោករតនៈ បាត់មុខពីCTN ជាច្រើនខែដោយសារតែលោកមានបញ្ហាវិវាទណាមួយជាមួយទូរទស្សន៍នេះ ប៉ុន្ដែឥឡូវទស្សនិកជនបានយល់ច្បាស់តាមរយៈការចេញមុខបំភ្លឺរបស់ពិធីកររូបនេះថាលោកបានចប់កុងត្រានៅCTN តាំងពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ម្លេះ ហើយលោកមិនដែលមានបញ្ហាទំនាស់ណាមួយជាមួយថ្នាក់ដឹកនាំម្ដងណាឡើយ។លោករតនៈ ថារយៈពេលជាង១ឆ្នាំក្រោយលោកចេញពីCTN នេះលោកមិនទាន់បានចុះកុងត្រាថ្មីនៅស្ថានីយ៍ណានោះទេ ហើយក៍មិនសូវជាមមាញឹកខ្លាំងរឿងសិល្បៈដែរ តែលោកមានមុខរបរខ្លះនៅក្រៅសិល្បៈ ហើយប្រាកដណាស់ទាំងកេរ្តិ៍ឈ្មោះ មានទស្សនិកជនបានស្គាល់រូបលោក ក៍ដូចជាអាចឲ្យលោកមានអាជីវកម្មផ្ទាល់ខ្លួននាពេលនេះគឺកើតចេញពីការទទួលបានការធ្វើជាពិធីករនៅCTN រយៈពេលដល់ទៅជាង១០ឆ្នាំកន្លងមកទើបធ្វើឲ្យទស្សនិកជនគាំទ្រលោក ហេតុនេះហើយបានជាលោករតនៈ ថាទោះជាលោកក្លាយទៅជាអ្វីក៍ដោយគឺមិនភ្លេចគុណCTN ជាដាច់ខាត។



ទស្សនិកជនមើលឃើញថាលោកសាយ រតនៈ ជាពិធីករដ៍មានសម្ថភាពខ្ពស់ម្នាក់ ហេតុនេះហើយប្រាកដជាមានស្ថានីយ៍ជាច្រើនចាប់អារម្មណ៍ចង់បានលោកទៅធ្វើជាMC ជាមិនខាន។ប៉ុន្ដែលោករតនៈ ហាក់នៅដក់ជាប់ចិត្តជាមួយCTN នឹងបានបញ្ជាក់ច្បាស់ៗថាបើមេឲ្យឱកាសលោកនឹងវិលទៅទ្រនុំចាស់នេះជាថ្មី។



គូរបញ្ជាក់ថាក្រៅពីលោកសាយ រតនៈ មុននេះក៍មានតារាកំប្លែងផលិតករ និងពិធីករមួយចំនួនទៀតបានចាកចេញពីCTN ជាបន្ដបន្ទាប់ផងដែរ ក្រោមហេតុផលផ្សេងៗគ្នា ប៉ុន្ដែមានតែលោករតនៈ ម្នាក់ប៉ុណ្ណោះដែលចាកចេញហើយចង់វិលវិលវិញ៕



