Starship ដែលជាឈ្មោះរ៉ុក្កែតដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មាន បានផ្ទុះក្នុងអំឡុងពេលហោះហើរលើកដំបូង របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី២០មេសាប៉ុនន្តែ លោកElon Musk បានអបអរសាទរក្រុម SpaceX របស់លោក ចំពោះការធ្វើតេស្ត ដ៏គួរឱ្យរំភើបនៃយានអវកាសជំនាន់ក្រោយដែលត្រូវបានរចនា ឡើងដើម្បីបញ្ជូនអវកាស យានិកទៅឋានព្រះច័ន្ទ។ ភពព្រះអង្គារ និងភពផ្សេងៗទៀត។
រ៉ុក្កែតដ៏ធំសម្បើមនេះបានបាញ់បង្ហោះដោយជោគជ័យនៅម៉ោង៨និង៣៣នាទីព្រឹក(ម៉ោងនៅអាមេរិក) ពី Starbase ដែលជាកំពង់ផែ SpaceX ឯកជននៅ Boca Chica នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

យានអវកាស Starship ដែលរចនាឡើងសម្រាប់ដឹកនាវិក និងទំនិញទៅទីអវកាសត្រូវបាន គេគ្រោងថានឹងបំបែក ចេញពីឧបករណ៍ជម្រុញនៅ ដំណាក់កាលទី ១ក្នុងរយៈពេល ៣ នាទីក្នុងការហោះហើរ ប៉ុន្តែការបំបែកខ្លួនមិន បានសម្រេច ហើយរ៉ុក្កែតបានបែកខ្ញែកជាដុំភ្លើងមុនពេលធ្លាក់នៅលើឈូងសមុទ្រម៉ិកស៊ិក។
ទោះបីជាបរាជ័យក្នុងការបញ្ចប់ការធ្វើតេស្តហោះហើររយៈពេល៩០នាទីពេញ និងទៅដល់គន្លងក៏ដោយ SpaceX និង Musk ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអវកាស ឯកជនបានប្រកាសថាខ្លួនទទួលបាន ជោគជ័យ។
លោកMusk បានបង្ហោះសារថាអបអរសាទរក្រុម SpaceX ចំពោះការបាញ់សាកល្បងដ៏រំភើបនៃ Starship!។ យើង បានរៀនច្រើនសម្រាប់ការដាក់ឱ្យប្រើប្រាស់ការធ្វើតេស្តបន្ទាប់ក្នុងរយៈពេលពីរបីខែខាងមុខ។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានជ្រើសរើស Starship ដើម្បីដឹកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទនៅចុង ឆ្នាំ ២០២៥ ជាលើកដំបូងចាប់តាំងពីកម្មវិធី Apollo បានបញ្ចប់នៅឆ្នាំ ១៩៧២។
ប្រធាន NASA លោក Bill Nelson បានអបអរសាទរ SpaceX ដោយនិយាយថារាល់សមិទ្ធិផលដ៏អស្ចារ្យក្នុងប្រវត្តិ សាស្ត្រត្រូវតែជួបហានិភ័យខ្ពស់ហើយហានិភ័យកម្រិតខ្ពស់នេះវានឹងនាំមកនូវរង្វាន់ដ៏អស្ចារ្យ៕