ភ្នំពេញ៖តារាចម្រៀងខែម ប៊ុនថៃ បានជ្រកនៅGalaxy រយៈពេលជិត៤ខែមកហើយក្រោយអស់និស្ស័យជាមួយហង្សមាសត្រឹម៥ឆ្នាំ។រយៈពេលខ្លីនៅផលិតកម្មទី៤នេះលោកប៊ុនថៃ មិនបន្ធូដៃសម្រាប់ទ្រនុំថ្មីឡើយពោលគឺបានចេញបុកបទចម្រៀងជាបន្ដបន្ទាប់ហើយលោកនៅតែអាចក្លាយទៅជាតួឯកម្ដងទៀតដដែល ប្រសិនបើបងប្រុសរបស់ខ្លួនលោកខេរៈ ភារុណ នៅបន្ដជួយជ្រោមជ្រែងខណៈដែលបទ”រាំទយ”ត្រូវបានលោកអះអាងថាល្បីដល់ឋានយក្សា ឯណ្ណោះ ព្រោះមិនមែនត្រឹមតែជាយុវវ័យទេដែលចូលចិត្តបទនេះ តែសូម្បីតែតួត្លុកល្ខោនដែលតែងខ្លួនជាយក្សា ក៍ចេះរាំបទនេះដែរ។

យ៉ាងណាគេកត់សម្គាល់ថាមុនលោកប៊ុនថៃ មកដល់Galaxy តួឯករបស់ផលិតកម្មថ្មី ចាយលុយធំនេះគឺជាលោកព្រាប សុវត្ថិ ហេតុនេះហើយបើតារាទាំងពីសម្រុកវាយលុកទីផ្សារប្រជែងគ្នាសារជាថ្មីពេញទំហ៊ឹងនោះគេជឿរជាក់ថាការស្វែងរកតួឯកឬបែងចែកឲ្យដឹងឈ្នះចាញ់ប្រាកដពិបាកសន្និដ្ឋានជាលើកទី២មិនខាន ខណៈដែលតារាលំដាប់ជូរមុខទាំងពីរនេះក៍ធ្លាប់ជ្រកនៅទ្រនុំជាមួយគ្នាដល់ទៅជាង៣ឆ្នាំដែរនោះគឺហង្សមាស។ប៉ុន្ដែគេកត់សម្គាល់ថាក្រោយលោកប៊ុនថៃ និងលោកសុវត្ថិ ឡើងជាឧកញ៉ាដូចគ្នានៅឆ្នាំ២០២២ នោះកម្ដៅនៃការប្រជែងទីផ្សារចម្រៀងហាក់បន្ថយទៅវិញព្រោះថាអ្នកទាំង២សុទ្ធតែស្ដាប់គោលការណ៍ថៅកែដូចគ្នា។

គូររំលឹកថាលោកខែម ប៊ុនថៃ បានប្រជែងគ្នាខ្លាំងជាមួយលោកព្រាប សុវត្ថិ តាំងពីមុនបុកគ្នានៅទ្រនុំហង្សមាសពីឆ្នាំ២០១៧ ដល់២០២០ម្លេះ ហើយក្រោយពេលលោកសុវត្ថិ ចាកចេញនៅឆ្នាំ២០២០ ចូលGalaxy នោះលោកប៊ុនថៃ ក្លាយទៅជាតួឯកនៅហង្សមាសដែលគ្មានតារាប្រុសណាខ្លាំងជាងលោកនោះទេពីឆ្នាំ២០២០ ដល់២០២២ ។យ៉ាងណានៅទីបំផុតតារាល្បីទាំងពីរនៅតែមិនអាចគេចផុតការទិញរបស់ថៅកែGalaxy បានដូចគ្នាហើយអ្វីដែលគូរឲ្យកត់សម្គាល់នោះទាំងលោកប៊ុនថៃ និងសុវត្ថិ ពេលនេះមានដៃគូតែម្នាក់គត់នោះគឺនាងតន់ ច័ន្ទសីម៉ា ទើបនាំឲ្យស្រីស្រស់កាន់តែលេចធ្លោបោះពួយទៅមុខថែម១ក្រឺតទៀត។

លោកខែម ប៊ុនថៃ អាចនឹងបន្ដជ្រកកោននៅGalaxy ជាច្រើនឆ្នាំព្រោះលោកធ្លាប់ប្រាប់ថាទំនាក់ទំនងរវាងលោកនិងថៅកែមានភាពស្និតស្នាលគ្នាលើសពីបងប្អូនទៅទៀត។ការផ្ញើរខ្លួននៅទ្រនុំថ្មីរបស់លោកប៊ុនថៃ នាពេលនេះដែរគឺជាការបង្ហាញឲ្យគ្រប់គ្នាមើលឃើញថាលោកនៅតែបន្ដអាជីពចម្រៀងនិងរកស៊ីស្មើដៃគ្នាដូចទៅនិងលោកព្រាប សុវត្ថិ ដែរ ខណៈដែលមុននេះអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅCTN លោកសិន សិលា បានស្នើសុំឲ្យតារាទាំងអស់ដែលឡើងជាឧកញ៉ាហើយ គូរតែបញ្ចប់អាជីពចម្រៀងទាំងស្រុងតែម្ដង ដើម្បីកុំឲ្យច្របូកច្របល់ច្រៀងផង ធ្វើឧកញ៉ាផង នាំឲ្យអ្នកឡើងអក្សរលើទូរទស្សន៍វិលក្បុងព្រោះមិនដឹងថាដាក់យ៉ាងម៉េច នោះគឺអត់ប្រសិទ្ធភាព ព្រោះទាំងលោកប៊ុនថៃ និងលោកស្នាយ នៅតែកាន់ក្បាលមីក្រូដដែល បើទោះជាលោកឧកញ៉ាទុំ សារុត ហៅនាយឃ្លោគ និងលាន អាហ្រ្វីលគីនីន បានចាកចេញពីការងារសិល្បៈជាច្រើនឆ្នាំមកហើយក្ដី។

តាមព័តមានថាបន្ទាប់ពីលោកខែម ប៊ុនថៃ និងព្រាប សុវត្ថិ បានក្លាយទៅជាតារាទទួលបានងារឧកញ៉ាចុងក្រោយគេនោះគឺនាយពែកម៉ី និងនាយចឺម ក៍ត្រូវបានគេសន្និដ្ឋានថានឹងក្លាយជាឧកញ៉ានាពេលបន្ទាប់ផងដែរ។ចំពោះលោកប៊ុនថៃ វិញបានឡើងតម្លៃខ្លួនច្រៀងសម្ដែងទ្វេដងព្រោះមុនឡើងឧកញ៉ាលោកស៊ីថ្លៃ ១កម្មវិធី៥ពាន់ដុល្លារ តែពេលនេះច្រៀង៦បទ១ម៉ឺនដុល្លារ ទើបនាំឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈថ្ងូរដូចព្រាប និងភាគច្រើនថាគ្មានលទ្ធភាពជួលឡើងឆាកឡើយលើកលែងតែម្ចាស់Sponsor កុម្មង់។

មជ្ឈដ្ឋានមហាជនរងចាំមើលថាការប៉ៈគ្នាជាលើកទី២របស់លោកខែម ប៊ុនថៃ និងព្រាប សុវត្ថិ នៅទ្រនុំថ្មីនេះ១ណាជាតួឯកពិតប្រាកដ ហើយម្នាក់ណាព្រមធ្វើជាតួរង ,ឬថៅកែឲ្យតួឯកត្រួត?