Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាបោក៤០លានដុល្លារ តុលាការដាក់គុក

ឧកញ៉ាបោក៤០លានដុល្លារ តុលាការដាក់គុក

ភ្នំពេញ ៖ ក្រុមឧកញ៉ា ជា សារ៉ន និងបក្ខពួក ដែលបានឆបោកប្រជាពលរដ្ឋ រាប់ពាន់នាក់ ក្នុងទំហំទឹក ប្រាក់ប្រ មាណជាង ៤០លានដុល្លារ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត សម្រេចចោទប្រកាន់ ពីបទ «ឆបោក មានស្ថានទម្ងន់ទោស» និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពត កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ១៥១ “ញ” ព្រ.ទ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ចេញដោយលោកភាព សុភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះជា សារ៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុនជាសារ៉ន រៀលធី ទីកន្លែងកំណើតភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត លំនៅបច្ចុប្បន្ន នៅភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ គ្មាន។ ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ ឆបោកមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅភូមិបឹងនិមល និងភូមិត្រពាំងបី ស្រុកឈូក ខេត្តកំពត និងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោស តាមមាត្រា៣៧៧ មាត្រា៣៨០ នៃក្រម ព្រហ្មទណ្ឌ។

បានឃើញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន លេខ១៥០ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូង ខេត្តកំពត។

បង្គាប់ ៖ ១-ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ដែលមានសាវតារជាតិខាងលើ ទៅពន្ធនាគារខេត្តកំពត ដោយអនុវត្តឱ្យ បាន ត្រឹមត្រូវតាមច្បាប់។ ២-ឱ្យប្រធានពន្ធនាគារខេត្តកំពត ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេ ចផ្សេងពីនេះ។ ៣-ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកា នេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់…។

គួររំលឹកថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ លោកឧកញ៉ា ជា សារ៉ន រួមនិងបក្ខពួក ៨នាក់ទៀត (សរុបចំនួន៩នាក់) ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឱ្យប្រជាពលរដ្ឋលង់ខ្លួនទៅខ្ចីលុយពីស្ថាប័ន ធនាគារនិងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួនទៅទិញ ដីឡូត៍ របស់ឧកញ៉ា ជា សារ៉ន ក្នុងទំហំទឹកប្រាក់ ប្រមាណ៤០លានដុល្លារ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ បានឱ្យដឹងថា នៅក្នុងខេត្តកំពត មានប្រជាពលរដ្ឋចំនួន ២៤៦១នាក់ (ស្រី៦៨២នាក់) បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនទៅដាក់វិនិយោគជាមួយក្រុមហ៊ុន ជាសារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែទៅតាមចំនួនប្រាក់ ដែលប្រជាពលរដ្ឋបានវិនិយោគ ជាមួយក្រុមហ៊ុន មានចំនួនទឹកប្រាក់កម្ចីសរុប ៤០ ៥៨២ ២២៥ដុល្លារ និង ៨៨លានរៀល ក្នុងនោះចំនួនទឹកប្រាក់ ផ្ទាល់ខ្លួន សរុប ១ ១២០ ២៣៧ដុល្លារ និងចំនួនទឹកប្រាក់វិនិយោគជាមួយក្រុមហ៊ុន ៣៨ ៧៩៤ ២៥៩ដុល្លារ និង១០២ ៤០០ ០០០រៀល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានចុះទៅសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមាន បញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យា ធ្វើឱ្យពលរដ្ឋដែលជាអ្នកវិនិយោគ ភ្នាក់ងារលក់ និងអ្នកទិញដីឡូត៍ ពិសេសអ្នកទៅខ្ចីលុយធនាគារ មកឱ្យក្រុម ហ៊ុន ដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារ ដោះស្រាយមិនរួច។

ការសម្របសម្រួលដោះស្រាយនេះ បានប្រព្រឹត្តធ្វើឡើងនៅបរិវេណវត្តអង្គឈូក ឃុំឈូក ស្រុកឈូក ហើយជាលទ្ធផល ៖

១-ក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវទទួលយកនូវបន្ទុកបំណុលដែលប្រជាពលរដ្ឋទៅខ្ចីពីអ្នកមានលុយ យកទៅឱ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ។

២- អចលនទ្រព្យរបស់ប្រជាពលរដ្ឋដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីនោះ ក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវយកទ្រព្យសម្បត្តិរបស់គាត់ ទៅតម្កល់ជំនួសអចលនទ្រព្យរបស់ប្រជាពលរដ្ឋ ហើយត្រូវបង្វិលអច លនទ្រព្យរបស់ប្រជាពលរដ្ឋ ជូនប្រជាពលរដ្ឋវិញ។

៣- អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉ន គ្រុប សុំពេល១ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវថា តើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មានដើម្បីឱ្យ គាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនប្រជាពល រដ្ឋវិញ។

៤- ប្រជាពលរដ្ឋដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៍នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅ ប្រាប់ក្រុមហ៊ុន ជា សារ៉ន គ្រុប ដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។

៥- លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យមេធាវីខេត្ត តំណាងឱ្យប្រជាពលរដ្ឋ ដើម្បីដាក់ពាក្យស្នើទៅម្ចាស់ លុយទាំងអស់ សុំពន្យារក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឱ្យក្រុមហ៊ុន ជា សារ៉ន គ្រុប ជាអ្នកទទួលខុសត្រូវ ហើយមិនឱ្យមកទារប្រជាពលរដ្ឋតាមខ្នងផ្ទះទេ ព្រោះបន្ទុកនេះ ក្រុមហ៊ុន ជា សារ៉ន គ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់។

តាមប្រជាពលរដ្ឋ ដែលជាអតិថិជនក្នុងទំនាស់នោះ បានឱ្យដឹងថា ពួកគាត់លង់ជឿងប់លើក្រុមហ៊ុន ដោយសារ មានអ្នកអូសទាញ (បុគ្គលិកក្រុមហ៊ុន ជា សារ៉ន) ទើបក៏បាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ ១ម៉ឺនដុល្លារ ត្រូវបង់ឱ្យក្រុមហ៊ុន តែ៧ពាន់ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុន ធានាបង់សងធនា គារទាំងអស់។ ប៉ុន្តែរយៈពេល ២ទៅ៣ខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឱ្យខាងធនាគារមក ទារលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ ទើបផ្ទុះរឿងឡើងតែម្តង៕

RELATED ARTICLES