ខេត្តក្រចេះៈ ពន្ធនាគារខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺ ច្រានចោលការ ចោទប្រកាន់បង្ខំអ្នកទោសធ្វើការឆបោកតាមអនឡាញ។

តាមរយៈសេចក្តីបំភ្លឺរបស់អង្គភាពពន្ធនាគារខេត្តក្រចេះ បានញ្ជាក់ថា មានគេហទំព័រហ្វេសប៊ុកសម្លេងមនសិការខ្មែរ បានចុះផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយមានខ្លឹមសារថា “ពន្ធនាគារខេត្តក្រចេះ ត្រូវបានរាយការណ៍មកថា អ្នកទោសត្រូវបានគេបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ ដោយត្រូវបានបង្កើតគេចេញជា ១០ក្រុម ក្នុងមួយក្រុម មានគ្នា៣០នាក់។ មកដល់ខែនេះ សម្រេចបាន ៥ដងហើយ ក្នុងរយៈពេល៥ខែ។ សូមចូលរួមកម្ចាត់ក្រុមឧក្រិដ្ឋជនទាំងអស់គ្នា!”។
ដើម្បីឆ្លើយតបទៅនឹងគេហទំព័រហ្វេសប៊ុក ខាងលើ អង្គភាពពន្ធនាគារ សូមធ្វើការបំភ្លឺថា នៅក្នុងពន្ធនាគារ មិនត្រូវបានអនុញ្ញាតឱ្យជនជាប់ឃុំ ប្រើប្រាស់ទូរស័ព្ទចល័តនោះទេ ហេតុដូច្នេះគ្មានហេតុផលណាមួយដែលជន ជាប់ឃុំ អាចធ្វើការឆបោកតាមអនឡាញ បានឡើយ។ ម៉្យាង វិញទៀត រាល់ការផ្ញើសម្ភារៈប្រើប្រាស់ ឱសថ គ្រឿងបរិភោគ ឱ្យជនជាប់ឃុំ អង្គភាពពន្ធនាគារបានធ្វើការឆែកឆេរយ៉ាងល្អិតល្អន់បំផុត។ បន្ថែមលើនេះ អង្គ ភាពក៏បានធ្វើការឆែកឆេរ រុករកវត្ថុហាមឃាត់ ក្នុងបន្ទប់ឃុំឃាំង ជាប្រចាំ ក្នុង ១សប្តាហ៍ ចំនួន២ ទៅ៣ដង ពុំបានរកឃើញអ្វីដែលខុសពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងច្បាប់ពន្ធនាគារនោះទេ មិនតែប៉ុណ្ណោះ អង្គភាពពន្ធ នាគារ តែងតែធ្វើការអប់រំណែនាំដល់ជនជាប់ឃុំឱ្យ មានការភ្ញាក់រលឹកនូវទោសកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត ហើយខិតខំកែប្រែខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អ និងអាចសមាហរណកម្មទៅក្នុងសង្គមវិញ ក្រោយពីអនុវត្តទោសចប់។
ក្នុងន័យនេះ អង្គភាពពន្ធនាគារខេត្តក្រចេះ សូមធ្វើការបដិសេធទាំងស្រុងចំពោះគេហទំព័រហ្វេសប៊ុក ខាងលើ ដែលបានធ្វើការចុះផ្សាយនូវខ្លឹមសារខាងលើ ក្នុងន័យចោទប្រកាន់ និងបំផ្លើសការពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គភាពពន្ធនាគារខេត្តក្រចេះ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ៕