ប៉ៃលិន ៖ អាជីវករផ្សារព្រំជើង ជាច្រើននាក់ កំពុងលង់ខ្លួនខាតបង់ប្រាក់ជាច្រើនលានរៀល ក្រោយពីមេតុងទីន បានប្រមូលលុយពីកូនៗ រួចរត់គេចខ្លួនបាត់។
ករណីមេតុងទីនប្រមូលុយរត់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយពីក្រុមអាជីវករក្នុងផ្សារព្រំជើង បានចូលដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កាលពីពេលថ្មីៗ កន្លងទៅនេះ។
ជនរងគ្រោះ ជាកូនតុងទីន បានលើកឡើងថា ករណីមេតុងទីន ជាអាជីវករដូចគ្នា បានឆបោកលុយពីកូនៗទាំងអស់ ចំនួន២១នាក់ សរុបជាទឹកប្រាក់ ប្រមាណជិត ១២ម៉ឺនដុល្លារ។
ប្រភពដដែល បានបន្តថា មេតុងទីនដែលប្រមូលលុយពីកូនៗ ហើយរត់បាត់នោះ មានឈ្មោះសួ ម៉ាឌីណា ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មុខរបរអ្នកលក់ដូរនៅក្នុងផ្សារតាប៉ាច ហៅផ្សារព្រំជើង។
ប្រភពខាងលើ បានបញ្ជាក់ថា ក្រោយពេលដែលជនសង្ស័យជាមេតុងទីនខាងលើ និងក្រុមគ្រួសារ បានប្រមូលលុយពីកូនៗអស់ហើយ និងស្របពេលបុណ្យចូលឆ្នាំខ្មែរ មកដល់ ជនសង្ស័យបានយកលេសប្រាប់កូនតុងទីន និងអ្នកជិតខាងជាច្រើនថា ទៅលេងស្រុកកំណើត ៣-៤ថ្ងៃ ស្រាប់តែបាត់ដំណឹងជាច្រើនថ្ងៃមកហើយ មិនឃើញវិលត្រឡប់មកវិញ សូម្បីតែឆាតហ្វេសប៊ុក ក៏ទាក់ទងមិនបាន ទូរស័ព្ទ ក៏ហៅមិនចូល ទើបដឹងថា មេតុងទីន បោកលុយ ហើយរត់គេខ្លួន។
ជនរងគ្រោះ ជាកូនតុងទីន បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ថា មកទល់ពេលនេះ រឿងឈ្មោះសួ ម៉ាឌីណា បោកលុយកូនតុងទីន ជិត១២ម៉ឺនដុល្លារនេះ នៅមិនទាន់មានពន្លឺនៅឡើយ។ ចំណែកកម្លាំងផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងបន្តស្រាវជ្រាវតាមរកមុខសញ្ញា ដើម្បីឃាត់ខ្លួនមកអនុវត្តតាមច្បាប់៕