Friday, October 18, 2024
Homeតារាខ្មែរអិនជី ខំប្រឹងទាំងសសៃខ្ចី

អិនជី ខំប្រឹងទាំងសសៃខ្ចី

អិនជី ដែលបាត់មុខទាំងស្រុងលើកញ្ចក់ទូរទស្សន៍ជាង១ខែ ដោយសារតែសម្រាលកូនប្រុសទី២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដាក់ឈ្មោះកូនដូចរថយន្តទំនើបថា “Audi” នោះ ពេលនេះបានវិលត្រឡប់មករកអាជីពចាស់វិញហើយ ដោយកាន់ក្បាលមីក្រូឡើងឆាកធ្វើអត្ថាធិប្បាយវិញ ក្នុងកម្មវិធីប្រគំតន្ត្រីប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ស្រាបៀរ “Ganzberg” កាលពីថ្ងៃទី១៨ ខែធ្នូ។ គេឃើញសម្រស់តារាកូន២រូបនេះ ហាក់មិនមានការប្រែប្រួលច្រើនទេ គឺនៅតែមានរាងស្វែលដូចក្រមុំអីចឹង ទើបអ្នកទស្សនាលាន់មាត់ថា អិនជី ពិតជាពូកែថែរាងមែន ហើយ ប្រឹងទាំងនៅសរសៃខ្ចីតែម្តង…។


ជួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លី ច័ន្ទដាលីស ហៅអិនជី និយាយដោយសប្បាយរីករាយថា នាងមិនទៅណាឆ្ងាយពីអាជីពសិល្បៈនេះឡើយ ហើយពេលនេះសម្រាលកូនហើយ កាន់តែត្រូវប៉ាន់ថែមទៀតផង។


អិនជី បរិយាយលាយសំណើចថា “ខ្ញុំសម្រាកបានជាង១ខែដែរបង ពេល សម្រាលកូនហើយហ្នឹង តែមានគេទាក់ទងឱ្យធ្វើពិធីការិនីកម្មវិធីអីផ្សេងៗមុនហ្នឹង ខ្ញុំក៏បានធ្វើទៅហើយ ឥឡូវចូលប៉ុស្តិ៍អាស៊ីអាគ្នេយ៍ វិញហើយ។ ចំណែកនៅប៉ុស្តិ៍ PNN វិញ អាចដើមឆ្នាំ២០១៧ ទើបខ្ញុំចូលវិញ ព្រោះកម្មវិធីដែលខ្ញុំកាន់មុន (ស៊ុបភើរសាន់ដេ) ហ្នឹង គេកែថ្មី តែអ្នកគ្រប់គ្រងនៅតែឱ្យខ្ញុំកាន់វិញទេ។ និយាយទៅ អាជីពពិធីការិនីខ្ញុំមិនធ្លាក់ចុះទេ ពេលមានកូននេះហើយ សូម្បីតែនៅមុនថ្ងៃបុណ្យឆ្លងឆ្នាំសកល នេះ ខ្ញុំជាប់រវល់ដល់ទៅ៣ថ្ងៃជាប់គ្នាតែម្តង គឺថ្ងៃទី២៩ ដល់៣១ ខែធ្នូ ខ្ញុំជាប់នៅកំពង់សោម ទាក់ទងកម្មវិធីទូរទស្សន៍ អីចឹងមិនបានដើរលេងជាលក្ខណៈគ្រួសារអីដូចគេទេ”។


អិនជី បានរៀបការប្តីកាលពីឆ្នាំ២០១៣ ជាមួយអាណិកជនខ្មែរនៅអាមេរិក លោកវិស្វករភីតធើរ ហេង តែពេលនេះ នាងមិនទាន់មានគម្រោងចេញទៅរស់នៅតាមប្តី ដូចតារាមួយចំនួនឡើយ គឺបែរជាប្តីមកតាមដល់ស្រុកខ្មែរ ហើយមិនព្រមវិលត្រឡប់ទៅវិញឡើយ។
ឆ្លើយតបសំណួរថា ហេតុអីបានជាអិនជី ចូលធ្វើការទាំងសរសៃនៅខ្ចី ហើយមិនព្រមទៅរស់នៅអាមេរិក ដូចគេ? តារារូបនេះសើច ហើយនិយាយថា “អូ! ខ្ញុំមិនអាចឈប់សម្រាកបានយូរទេបង ព្រោះអីខែហ្នឹងខាងពិធីករគេត្រូវការយើង គឺត្រូវតែមកវិញ។ ម៉្យាងដូចបងដឹងហើយថា យើងត្រូវការចំណាយរាល់ថ្ងៃ អីចឹងក៏ត្រូវរកប្រាក់ចំណូលដែរ ហើយប្តីខ្ញុំ គាត់មានទៅថាអី បើយើងធ្វើការរកលុយហ្នឹង? តាមពិត មូលហេតុដែលខ្ញុំមិនទាន់ចង់ទៅរស់នៅអាមេរិក ដោយសារតែគិតថា យើងជាអ្នកសិល្បៈអីចឹង ទៅហ្នុងធ្វើអីទៅ? បើនៅស្រុកខ្មែរ យើងចេះតែអាចធ្វើការងារដែលយើងធ្លាប់ធ្វើបានហើយ តែនៅថ្ងៃអនាគត គង់តែទៅរស់នៅអាមេរិកទេ គ្រាន់តែពេលនេះ មិនទាន់ដល់ពេលប៉ុណ្ណោះ។ ចំពោះកូនប្រុសខ្ញុំវិញ គឺខ្ញុំសម្រាលនៅក្នុងស្រុកខ្មែរ ដើម្បីឱ្យគេរស់នៅក្នុងស្រុកឱ្យធំបន្តិច យល់ដឹងពីប្រពៃណីខ្មែរយើងឱ្យបានច្រើនសិន”។
អិនជី មានកូនស្រីទី១ ឈ្មោះ Lah Sa (Lasa) កូនប្រុសទី២ ឈ្មោះអូឌី (Audi) ហើយតាមប្រភពថា ស្វាមីនាង លោកវិស្វករភីតធើរ ហេង នោះ ចង់បានកូនថែមទៀត ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ ប៉ុន្តែ អិនជី បែរជារារែក។


ឆ្លើយតបសំណួរថា តើអិនជី នឹងពពោះកូនទី៣ តាមសំណូមពរប្តី ឬក៏មិនហ៊ានយកថែម ព្រោះខ្លាចខាតលុយ?
ពិធីការិនីរូបនេះនិយាយលាយសំណើចថា “ប្រហែលជាអត់ច្រើនជាងបង ព្រោះអីខ្ញុំសម្រាលកូនពិបាកណាស់ ដោយការវះកាត់ ហើយថ្មីៗនេះ ខ្ញុំក៏ទើបវិលត្រឡប់មកពីប្រទសថៃដែរ គឺទៅពិនិត្យសុខភាពកូនខ្ញុំ និងទៅយកអីវ៉ាន់ ដាក់ហាងសម្លៀកបំពាក់ផងដែរ។ មើលទៅ ខ្ញុំប្រហែលជាមិនយកកូនទៀតទេមើលទៅ”។


អិនជី ធ្លាប់ប្រាប់មុននេះដែរថា ស្វាមីនាងគ្រោងបើកហាងបាញ់ថ្នាំឡានមួយនៅភ្នំពេញ ដោយយកថ្នាំឡានដែលមានគុណភាពនាំចូលពីបរទេស តែពេលនេះបំណងប្តីអែនជី មិនទាន់ចេញជារូបរាងឡើយ ហើយអាណិកជនខ្មែរ នៅអាមេរិក រូបនោះ នឹងត្រៀមវិលទៅអាមេរិក មួយរយៈ ចោលអិនជី ទាំងនៅសរសៃខ្ចីនេះទៀតផង ដើម្បីសិក្សាពីការធ្វើជំនួញនោះ…៕ ហ៊ឹម វិចិត្រ

RELATED ARTICLES