ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ លើកចុងក្រោយ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រវាងក្រុមឥណ្ឌូនេស៊ី និងថៃ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ចាត់ទុកជាការប្រកួតដ៏ ស្វិតស្វាញ និងក្តៅគគុក បង្កការភ្ញាក់ផ្អើលទាំងក្នុងតំបន់ និងពិភពលោក ព្រោះជាការប្រកួតដណ្តើមមេដាយ មាស ហើយក៏មានអំពើហិង្សាកើតឡើង នៅទីលានប្រកួត រវាងគូប្រកួតទាំងពីរក្រុម ក្នុងនោះមាន កីឡាករ បាល់ទាត់ជម្រើសជាតិថៃ ម្នាក់ បានបង្កហិង្សា និងបង្ហាញកាយវិការមិនសមរម្យ បន្ទាប់ពីក្រុមខ្លួនបានចាញ់ ការប្រកួត រហូតត្រូវអាជ្ញាកណ្តាលឲ្យកាតក្រហម បណ្តេញចេញពីទីលានប្រកួត ហើយចុងក្រោយ កីឡាករ ថៃរូបនេះ បានគប់ចោល នូវមេដាយប្រាក់ស៊ីហ្គេម និងតុក្កតាទៀតផង។
នៅទីបំផុត កីឡាករថៃ ដែលប្រព្រឹត្តអំពើមិនសមរម្យម្នាក់នោះ ត្រូវបានគណៈកម្មាធិការស៊ីហ្គេម (SEA Games) សម្រេចបណ្ដេញចេញ មិនឲ្យចូលរួមគ្រប់ការប្រកួត អស់មួយជីវិត ខណ:ដែលក្រុមកីឡាករឥណ្ឌូនេស៊ី ដែល ឈ្នះការប្រកួត ក្លាយជាជើងឯកបាល់ទាត់ស៊ីហ្គេម លើកទី៣២ បានដេកឱបតុក្កតា និងមេដាយប្រាក់ ប្រកប ដោយក្តីស្រឡាញ់ ពេញចិត្ត និងមោទនភាព ព្រមទាំងបានអរគុណកម្ពុជា ដែលបានទទួលប្រតិភូ កីឡារបស់ ពួកគេ យ៉ាងកក់ក្តៅ និងមិនគិតថ្លៃ ទាំងការស្នាក់នៅ ហុបចុក និងមិនយកថ្លៃចូលរួមប្រកួត ជាលើកដំបូងបំ ផុតក្នុងប្រវត្តិស៊ីហ្គេម។
កីឡាករបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ ដែលបង្កហិង្សា រហូតត្រូវបានបណ្តេញចេញពីការប្រ កួតវគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម ហើយបានគប់មេដាយប្រាក់ និងតុក្តតាចោល នោះ មានឈ្មោះ ចូណាថាន ខេមឌី អាយុ២១ឆ្នាំ បាក់អាវលេខ៤។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រវាងក្រុមឥណ្ឌូនេស៊ី និងថៃ កាលពីរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានកើតមានការប៉ះទង្គិចហិង្សា ពីទៅបី លើក រវាងក្រុមកីឡាករ និងគ្រូបង្វឹកនៃក្រុមទាំងពីរ នៅអំឡុងពេលដែលការប្រកួតកំពុងមានភាពតានតឹង ក្តៅ គគុក ជាពិសេស ក្រោយពេលក្រុមថៃ បានរកគ្រាប់បាល់ទី២ តាមស្មើក្រុមឥណ្ឌូនេស៊ី នៅនាទីចុងក្រោយនៃ ម៉ោងថែមបង្គ្រប់ ៩០នាទី (ថែម៧នាទី) និងក្រោយពេលកីឡាករឥណ្ឌូនេស៊ី រកបានគ្រាប់បាល់ទី៣ នាំមុខថៃនៅ នាទីដំបូង នៃការប្រកួតថែមម៉ោង ១៥នាទី លើកទី១ ។ ក្នុងការប៉ះទង្គិចគ្នានោះ ត្រូវបានកម្លាំង សមត្ថកិច្ច អាវុធ ហត្ថកម្ពុជា អន្តរាគមន៍សម្របសម្រួល បញ្ចៀសហិង្សាធ្ងន់ធ្ងរ ហើយអាជ្ញាកណ្តាល បានឲ្យកាតក្រហមទាំង កីឡាករ និងជំនួយការគ្រូបង្វឹកទាំងសងខាង ក្នុងនោះកីឡាករ ពាក់លេខ៤ របស់ថៃ ឈ្មោះចូណាថាន ខេមឌី ក៏បានកាតក្រហមផងដែរ។
នៅទីបំផុត ក្រោយបញ្ចប់ការប្រកួតថែមម៉ោង ១៥នាទី ២លើក ក្រុមឥណ្ឌូនេស៊ី បានយកឈ្នះក្រុមថៃ ដោយ លទ្ធផល ៥-២ ក្លាយជាជើងឯកស៊ីហ្គេម ជាលើកទី៣ របស់ពួកគេ បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៣២ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩១ មក ។
ក្រោយបញ្ចប់ការប្រកួត និងការបំពាក់មេដាយរួចមក កីឡាករថៃ ពាក់លេខ៤ ឈ្មោះចូណាថាន ខេមឌី បាន យកតុក្កតាស៊ីហ្គេម និងមេដាយប្រាក់របស់ខ្លួន គប់ចោល នៅក្នុងទីតាំងប្រកួត ដែលទង្វើនេះ បានរងការរិះ គន់ពីមហាជនទូទៅ រួមទាំងជនជាតិថៃ ខ្លួនឯងផងដែរថា ជាទង្វើអសីលធម៌ គួរឲ្យអាម៉ាស់សម្រាប់ជនជាតិថៃ និងថាកីឡាកររូបនេះ បានបំបាក់មុខជាតិនិងជនរួមជាតិខ្លួន នៅលើឆាកអន្តរជាតិ។
ទីបំផុត គណៈកម្មាធិការស៊ីហ្គេម (SEA Games) បានសម្រេចបណ្ដេញកីឡាករបាល់ទាត់ក្រោមអាយុ២២ឆ្នាំ (U22) របស់ថៃ ពាក់អាវលេខ ៤ ឈ្មោះចូណាថា ខេមឌី នេះ ចេញពីគ្រប់ការប្រកួត អស់មួយជីវិតតែម្តង ។
ជុំវិញករណីខាងលើនេះដែរ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់ថៃ បានបង្ហោះសារ បង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះកីឡាករជម្រើសជាតិថៃ ដែលបានបង្កហិង្សាជាមួយឥណ្ឌូនេស៊ី កាលពី យប់ថ្ងៃទី១៦ ខែឧសភា ក្នុងអំឡុងពេលប្រកួត និងពេលចប់ការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា នោះ។ ជាមួយនេះ តាមបណ្តាញព័ត៌មានថៃ បានផ្សាយថា សហព័ន្ធកីឡាបាល់ទាត់ថៃ កំពុងស្រាវជ្រាវ ស្វែងរកឫសគល់ នៃបញ្ហា ខាងលើនេះ នៅពេលដែលកីឡាករ និងគ្រូបង្វឹក បានត្រឡប់ដល់ប្រទេសថៃ វិញ ដើម្បីដាក់ទណ្ឌ កម្មចំពោះ បុគ្គលដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រជាជន និងប្រទេសរបស់ខ្លួន។ លើសពីនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ បន្ថែមថា នឹងធ្វើលិខិតសូមទោសផ្លូវការ ទៅកាន់ស្ថាប័នពាក់ព័ន្ធចំពោះកំហុសមិនគួរកើតមានដែលបង្កដោយ ក្រុមកីឡាកររបស់ខ្លួន ដើម្បីកែលម្អកុំឱ្យមានរឿងបែបនេះកើតឡើងនៅលើកក្រោយទៀត។
សូមបញ្ជាក់ដែរថា ផ្ទុយពីកីឡាករថៃ ម្នាក់ ដែលគប់មេដាយប្រាក់ និងតុក្កតាស៊ីហ្គេម ចោល ដោយសារខឹង ចាញ់ការប្រកួតនោះ សម្រាប់ក្រុមកីឡាករបាល់ទាត់ឥណ្ឌូនេស៊ី ដែលជាជ័យលាភីជើងឯកបាល់ទាត់ស៊ីហ្គេម លើកទី៣២ បានដេកឱបមេដាយមាស និងតុក្កតាស៊ីហ្គេម ប្រកបដោយមោទនភាពបំផុត៕ ខៀវទុំ