Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិបក្សឆ្ពោះទៅមុខ៖ប្រកាន់ជំហរយកតំណែងប្រធានសភា និង​ជឿរជាក់ថាភឿថៃ មិនដើរចេញ

បក្សឆ្ពោះទៅមុខ៖ប្រកាន់ជំហរយកតំណែងប្រធានសភា និង​ជឿរជាក់ថាភឿថៃ មិនដើរចេញ

រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភាឆ្នាំ ២០២៣គណបក្សឆ្ពោះទៅមុខ(Move Forward) ដែលបាន​ឈ្នះការបោះឆ្នោតកាលពីសប្តាហ៍មុននៅតែប្រកាន់ជំហរទាមទារយកតំណែងប្រធានសភាបើទោះជាមានការគំរាមដើរចេញពីរដ្ឋាភិបាលចម្រុះ៨គណបក្សរបស់មេបក្សភឿថៃដែលដឹកនាំដោយកូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា។

សមាជិកសភាទើបជាប់ឆ្នោតលោកស្រី Sirikanya Tansakun បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ថា គណបក្សត្រូវការតំណែងនេះដើម្បី ដើម្បីជំរុញការផ្លាស់ប្តូរដែលខ្លួនបានសន្យាជាមួយអ្នក​បោះឆ្នោតថៃរួម​ទាំង​ការតាក់តែងរដ្ឋធម្មនុញ្ញថ្មីដោយពន្លឿននីតិវិធីនីតិបញ្ញត្តិនៅពេលដែលខ្លួនបង្កើតរដ្ឋាភិបាលចម្រុះ ។

លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាក្រៅពីអំណាចនីតិប្រតិបត្តិ យើងមានរបៀបវារៈ​ចំនួន​បី ដែលតម្រូវឱ្យយើងទទួលបានតំណែងជាប្រធានផ្នែកនីតិបញ្ញត្តិផងដែរ។ទាំងនេះរួមបញ្ចូលទាំងការ​ជំរុញរបស់​យើងសម្រាប់ ច្បាប់៤៥ដែលនឹងអនុញ្ញាតឱ្យយើងអនុវត្តគោលនយោបាយដូចពេលយើងធ្វើយុទ្ធនាការ។

គោលដៅសំខាន់បីគឺ៖

១-វិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បី

ធ្វើឱ្យប្រទេសថៃកាន់តែមានប្រជាធិបតេយ្យ

២-ការអនុម័តច្បាប់ឲ្យរីកចម្រើន

៣-ពង្រឹងតម្លាភាព និងការដាក់បញ្ចូលប្រជាពលរដ្ឋក្នុងសភា។

លោកស្រីបានពន្យល់ថាក្រៅពីការនាំយកសេចក្តីព្រាងច្បាប់ចំនួន៤៥នេះគណបក្សឆ្ពោះទៅមុខក៏ប្តេជ្ញាក្នុងការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីផងដែរ ដែល លោកស្រី Sirikanya បាននិយាយថា នឹងត្រូវបានអនុវត្តដោយសមា​ជិក​ជាប់ឆ្នោតនៃសភារៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។

តាមរយៈការទទួលបានតំណែងប្រធានសភា គណបក្សនឹងអាចធានាបាននូវដំណើរការរលូននៃការធ្វើវិសោធន​កម្មធម្មនុញ្ញនិងត្រួសត្រាយផ្លូវសម្រាប់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។

លោកស្រីបានបន្ថែមថា៖ «របៀបវារៈនេះមានសារៈសំខាន់ ដូចដែលគ្រប់គណបក្សចម្រុះ​បានយល់ព្រម​នៅក្នុង​អនុ​ស្សារណៈយោគយល់គ្នាMoU។

ដើម្បីបញ្ចប់បេសកកម្មនេះ វាចាំបាច់ត្រូវមាន  ប្រធានសភាមួយរូបដែលមានការប្តេជ្ញាចិត្តច្បាស់​លាស់ក្នុង​ការធ្វើ​វិ​សោធនកម្មរដ្ឋធម្មនុញ្ញ។

សមាជិកសភាដែលជាប់ឆ្នោតក៏បាននិយាយផងដែរថា គណបក្សមានបំណងបង្កើតសភាបើកចំហ និងលើក​កម្ពស់​ការ​ចូលរួមជាសាធារណៈនៅក្នុងប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់ពួកគេ។

គណបក្សឆ្ពោះទៅមុខជឿជាក់ថា ភឿថៃនឹងមិនដើរចេញទេ

អនុប្រធានគណបក្សឆ្ពោះទៅមុខលោកស្រី Sirikanya Tansakun បានបង្ហាញទំនុកចិត្តថា គណបក្សភឿថៃ នឹង​មិន​ដកខ្លួនចេញពីក្រុមចម្រុះចំពេលមានការខ្វែងគំនិតគ្នាលើតំណែងប្រធានសភា ដែលគណបក្សទាំង​ពីរចង់​បាន។

លោកស្រីក៏បានផ្តល់ការធានាផងដែរថាគណបក្សរបស់លោកស្រីនឹងមិនចាក់ដៃគូណាមួយពីក្រោយខ្នងនោះទេ ហើយស្វាគមន៍ការពិភាក្សាអំពីបញ្ហាទាំងអស់ដែលគ្រប់ភាគីព្រួយបារម្ភ។

លោក Piyabutr Saengkanokkul អគ្គលេខាធិការនៃគណបក្សចលនាវឌ្ឍនភាព និងជាអ្នកយុទ្ធសាស្ត្រសំខាន់​ក្នុង​យុទ្ធនា​ការបោះឆ្នោត បាននិយាយកាលពីថ្ងៃអង្គារថា តំណែងប្រធានសភាគឺជារឿងមួយដែល MFP មិនអាច​បាត់​បង់ទេ៕

RELATED ARTICLES