រដ្ឋមន្រ្ដីក្រសួងការពារជាតិលោក Chiu Kuo-cheng បានប្រាប់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ថា តៃវ៉ាន់នឹងទទួលបានយន្តហោះចម្បាំង F-16V ពីសហរដ្ឋអាមេរិកចំនួន ៦៦ គ្រឿងនៅឆ្នាំ ២០២៦។

លោក Chiu បានប្រាប់សមាជិកសភាថា ការពន្យារពេលកន្លងមកនេះ ភាគច្រើនកើតឡើងដោយសារបញ្ហាដែលភាគីអាមេរិកជួបប្រទះក្នុងការកែសម្រួលនិងកែលម្អកម្មវិធីគ្រប់គ្រងការហោះហើរ។ លោកបានបញ្ជាក់ថាគ្មានបញ្ហាអ្វីទេសម្រាប់ការដឹកជញ្ជូនទាំង៦៦គ្រឿងក្នុងឆ្នាំ២០២៦មកកាន់កោះតៃវ៉ាន់ ។
តៃវ៉ាន់កំពុងធ្វើទំនើបកម្មយន្តហោះចម្បាំង F-16A/B ចំនួន ១៤១គ្រឿងរបស់ខ្លួនទៅជាម៉ូដែល F-16V Block 20។យន្តហោះចម្បាំង F-16V Block 70 ចំនួន ៦៦ គ្រឿង មានតម្លៃ៨ពាន់លានដុល្លារ ។យន្តហោះចម្បាំងនេះទំនើបជាងម៉ូដែល Block 20 ។
នៅពេលដែលយន្តហោះនេះមកដល់តៃវ៉ាន់នឹងមានយន្តហោះ F-16V ជំនាន់ទីបួនជាង ២០០ គ្រឿង ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងដោយប្រទេសចិន ដែលតែងតែលុកលុយជាប្រចាំចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(ADIZ) និងឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៅច្រកសមុទ្រតៃវ៉ាន់៕