ភ្នំពេញ៖អ្នកនាងស៊ឹម សូលិកា បានចេញសារប្រាប់ទៅFan នាងកាលពីពេលថ្មីៗនេះថាទារកក្នុងផ្ទៃរបស់នាងទើបតែមានអាយុ៧ សប្ដាហ៍(៤៩ថ្ងៃ)ប៉ុណ្ណោះ តែនាងបានដាក់ឈ្មោះកូនរួចជាស្រេចទៅហើយដោយយកឈ្មោះនាងផ្គួបជាមួយស្វាមីនាងលោកអេង រិទ្ធី (ឬទ្ធីការ )ដោយនាងអះអាងថាកូនមានចង្វាក់បេះដូងហើយ ខណៈគ្រូពេទ្យថាកូននាងមានសុខភាព ល្អ(Active) និងកាត់ទៅរកនាង។សូលិកា បង្ហាញស្នាមញញឹមហាក់មានក្ដីសុខខ្លាំងក្នុងជីវិត ព្រោះថានេះជាបំណងរបស់នាងនិងស្វាមីដែលចង់បានកូននៅឆ្នាំថោះ ទើបនាងនិងប្ដីហៅថាជាកូនទន្សាយ។ដោយឡែលលោកអេង រិទ្ធី វិញលោកមិនទាន់បានឆ្លើយតបតាមសំណួររបស់អ្នកយកព័តមានយើងតាមឆាតTelegram ឡើយ តែមុននេះលោកបាននាំសូលិកា ទៅជួបម្ដាយលោកហើយម្ដាយក្មេកសូលិកា បានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងព្រោះជិតបានចៅពហើយ។
ដោយសារតែផ្ទៃពោះនៅតូចមើលសឹងតែមិនដឹងនោះទើបស៊ឹម សូលិកា នៅតែបន្ដអាជីពជាពិធីការិនីដដែល ប៉ុន្ដែអាជីពភាពយន្ដនាងអាចនឹងសម្រាកជាច្រើនឆ្នាំតទៅទៀតជាមិនខាន ព្រោះផ្ដោតតែលើMC នៅបាយ័ន ខណៈដែលកាលពីឆ្នាំ២០១៧ នាងធ្លាប់បានថតសម្ដែងរឿង”ទឹកចិត្តម្ដាយសម័យថ្មី”របស់លោកស្រីពាន់ ភួងបុប្ផា ផងដែរ។សម្រាប់លោកម៉ែន អេង ហៅអេង រិទ្ធី វិញលោកប្រាកដជាកាន់តែថ្នាក់ថ្នមភរិយាលោកទេ្វដង ក្រោយពីសូលិកា បានឲ្យកាដូធំទៅលោកមិនអាចកាត់ថ្លៃបានគឺយកកូនបានសម្រេចនៅឆ្នាំទន្សាយនេះ។
ស៊ឹម សូលិកា បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកសៅ ភីរៈ ដោយបន្សល់ចំណងដៃកូនស្រី១ឈ្មោះសុកាន ភីរៈណុច ហៅសូលីណា ហើយនាងក៍ប្រេះឆាស្នេហ៍ជាមួយលោកទឹត ថាវរិទ្ធ ផងដែរ ទើបងាកមកភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអេង រិទ្ធី និងរៀបការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងក្លាយទៅជាជំទាវ ខណៈដែលពេលនេះលោករិទ្ធី មានតួនាទីជាប្រធានពិធីករនៅប៉ុស្ដិ៍បាយ័ន និងជាអភិបាលរងខេត្តស្វាយរៀង ។តាមគម្រោងសូលិកា នឹងសម្រាលកូននៅដើមឆ្នាំ២០២៤ ខាងមុខ ហើយការទទួលបានកូននាពេលនេះនឹងធ្វើឲ្យចំណងស្នេហាគូស្នេហ៍តារា១គូនេះរឹតតែរឹងមាំថែមទៀតជាមិនខាន។ដោយឡែកក្រៅពីស៊ឹម សូលិកា តារានិងអតីតតារាដែលក្លាយទៅជាជំទាវមានដូចជាអ្នកនាងស្រីតូច ចំណាន,ឱក បូរី ,ពេជ្រ ច័ន្ទបរមី ,ផាន់ ម៉ូនីកា ,អ៊ឹម សុគន្ធា និងនៅ សុនិតា ជាដើម។
ស៊ឹម សូលិកា ត្រូវបានគេចាត់ទុកថានាងជាពិធីការិនីម្នាក់ដែលមានទ្រព្យមហាសាលរស់នៅផ្ទះវីឡារធំស្កឹមស្កៃ និងជិះរថយន្ដទំនើបជាច្រើនគ្រឿង។តារារួមអាជីពបានហៅនាងថា”ជំទាវៗ” និងលើកដៃសំពះនាងនៅតាមបណ្ដារកម្មវិធីអ្នកសិល្បៈទាំងឡាយ។ប្រភពបានឲ្យដឹងថាសូលិកា មានភាពកក់ក្ដៅចិត្តខ្លាំងនៅពេលដែលស្វាមីថ្មីនាងលោករិទ្ធី ស្រលាញ់និងទុកកូនស្រីនាងដូចជាកូនរបស់លោកបង្កើតដែរ ហេតុនេះហើយការទទួលបានកូនម្នាក់ទៀតដែលជាតំណក់ឈាមរបស់លោករិទ្ធី នេះច្បាស់ជាលោកទុកនាងស្មើកែវភ្នែកលោកជាមិនខាន។អ្វីដែលគូរឲ្យកត់សម្គាល់នោះអតីតស្វាមីសូលិកា គឺលោកភីរៈ និងលោករិទ្ធី បានរាប់អានគ្នាដូចជាមិត្តភក្ដិ ព្រោះពេលភរិយាថ្មីអតីតប្ដីសូលិកា សម្រាកកូនលោករិទ្ធី និងប្រពន្ធក៍ បានយកកាដូទៅជូនទៀតផង។
លោកអេង រិទ្ធី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកនិងភរិយាចង់បានកូនទៅតាមគម្រោងមិនមែនយកចៃដន្យនោះទេ។ដោយឡែកទាក់ទងការថតភាពយន្ដរបស់ភរិយាវិញលោកថានឹងគោរពទៅតាមតាមការសម្រេចចិត្តរបស់នាងជានិច្ច ខណៈដែលរូបលោកនៅតែស្រលាញ់អាជីពចាស់តែគ្មានពេលគ្រប់គ្រាន់។
ក្រោយស៊ឹម សូលិកា ឡើងជាជំទាវនេះនៅតាមបណ្ដារកម្មវិធីនាងបង្ហាញខ្លួនខ្លះគេក៍ឃើញមានអង្គរក្សបើករថយន្ដជូននាងដូចជំទាវផ្សេងៗទៀតដែរ ដែលធ្វើឲ្យឥទ្ធិពលរបស់នាងរឹតតែលេចត្រដែតនៅក្នុងពិភពសិល្បៈ បើទោះជានាងផ្អាកថតសម្ដែងជាច្រើនឆ្នាំមកហើយនិងក្ដាប់តែMC នៅបាយ័នតែមួយច្រកក្ដី។អ្នកជំនាញសិល្បៈបានលើកឡើងថាពេលនេះសូលិកា និងលោករិទ្ធី កំពុងតែលើកមុខគ្នាទៅវិញទៅមកហេតុនេះប្ដីប្រពន្ធ១គូនេះច្បាស់ជារក្សារចំណងស្នេហាបានយូរអង្វែង៕