បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Noeleen Heyzer នឹងចុះចេញពីតំណែងនៅក្នុងខែនេះបន្ទាប់ពីកាន់តំណែងបានរយៈពេល១៨ខែហើយត្រូវបានរិះគន់ដោយរបបយោធានិងគូប្រជែងរបស់ខ្លួន។នេះបើយោងតាមអ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី៣១ ខែឧសភាឆ្នាំ២០២៣។

លោក Stephane Dujarric បាននិយាយថាស្រី Noeleen Heyzer ដែលត្រូវបានតែងតាំងជាបេសកជនដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅក្នុងខែតុលា ឆ្នាំ ២០២១នឹងបញ្ចប់ការវាយតម្លៃកិច្ចការរបស់លោកស្រីនៅថ្ងៃទី ១២ខែមិថុនានៅពេលដែលកិច្ចសន្យាការងាររបស់លោកស្រីក៏ដល់ទីបញ្ចប់ដែរ។
អ្នកនាំពាក្យរូបនេះបាននិយាយថា សូមថ្លែងអំណរគុណចំពោះលោកស្រី Heyzer សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងនាមសន្តិភាពនិងប្រជាជនមីយ៉ាន់ម៉ាដោយបន្ថែមថាបេសកជនថ្មីនឹងត្រូវបានតែងតាំង។
លោក Heyzer ដែលជាអ្នកសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងការសន្ទនានយោបាយជាមួយគូប្រជែងរបស់ខ្លួន និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាមដែលវាបានចាប់ផ្តើមបន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី។
លោកស្រីបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍កាលពីខែសីហាឆ្នាំមុនហើយបានជួបជាមួយប្រមុខរបបយោធា លោកមីងអ៊ុងឡាំងនិងមន្ត្រីយោធាកំពូលផ្សេងទៀតក្នុងសកម្មភាពមួយដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សថាជាការផ្តល់ភាពស្របច្បាប់ដល់ឧត្តមសេនីយ៍យោធា។
លោកស្រីត្រូវបានបដិសេធមិនឲ្យជួបជាមួយមេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលកំពុងជាប់ឃុំលោកស្រី អ៊ុងសាន ស៊ូជី ហើយក្រោយមកបានធ្វើឱ្យមន្ត្រីរបបយោធាមានការខឹងសម្បារ ដែលបានចោទប្រកាន់លោកស្រីថាបានចេញសេចក្តីថ្លែងការណ៍មួយតែមួយជ្រុង។
ក្រោយមកលោកស្រីបានប្តេជ្ញាថានឹងមិនធ្វើដំណើរទៅប្រទេសនេះទៀតទេ លុះត្រាតែលោកស្រីត្រូវបានអនុញ្ញាតឱ្យជួបលោកស្រីស៊ូជី ដែលចាប់តាំងពីនោះមកត្រូវបានតុលាការរបបយោធាបិទទ្វារកាត់ទោសឲ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ៕