យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីចន្ទ ទី៥ខែមិថុនាឆ្នាំ ២០២៣ បានអោយដឹងថា តម្លៃប្រេងបានកើនឡើងបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបាននិយាយថាខ្លួននឹងកាត់បន្ថយការផលិតចំនួនមួយលានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកក្កដាខាងមុខ។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយរបស់អង្គការប្រទេសនាំចេញប្រេង (OPEC) ដែលមានសមាជិកចំនួន១៣ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងដៃគូចំនួន ១០ របស់ខ្លួនដែលដឹកនាំដោយប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានប្រាប់អ្នកយកព័ត៌មានថាការកាត់នេះគឺសម្រាប់តែខែកក្កដា ប៉ុន្តែ អាចបន្តបាន។
សមាជិកផ្សេងទៀតនៃអង្គការ OPECដែលជាក្រុមប្រទេសផលិតប្រេងក៏បានយល់ព្រមបន្តកាត់បន្ថយការផលិតកម្មក្នុងការប៉ុនប៉ងដើម្បីលើកតម្លៃឡើងវិញ។ប្រទេសសមាជិកOPECមានចំនួនប្រហែល ៤០% នៃប្រេងឆៅរបស់ពិភពលោកហើយការសម្រេចចិត្តរបស់ពួកគេអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃប្រេង។នៅក្នុងពាណិជ្ជកម្មអាស៊ីកាលពីថ្ងៃចន្ទ ប្រេងឆៅ Brent បានកើនឡើងដល់ទៅ ២,៤% មុនពេលដែលវាមានតម្លៃប្រហែល ៧៧ដុល្លារក្នុងមួយបារ៉ែល(ជាង១០០លីត្រ)។
តម្លៃប្រេងបានកើនឡើងនៅពេលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះបានត្រឡប់មកវិញក្នុងកម្រិតដដែល មុនពេលជម្លោះចាប់ផ្តើម។
អង្គការOPECនិងដៃគូបាននិយាយថា គោលដៅផលិតនឹងធ្លាក់ចុះ ១,៤លាន បារ៉ែលបន្ថែមចាប់ពីឆ្នាំ ២០២៤៕