ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម លែងសូវធ្វើឲ្យតារាសម្ដែងស្រីៗវ័យក្មេងភ័យខ្លាច ដូចមុនទៀតហើយ ព្រោះចូលដល់វ័យ២៨ឆ្នាំនេះលោកមេសា ហាក់ប្រែប្រួលច្រើននោះគឺសុភាពជាងមុន មិនមែនឲ្យតែឃើញតារាសាច់សខ្ចីនៅចំពោះមុខគិតតែពីចាប់គ្រញិចៗអោបថើបរហូតធ្វើឲ្យអ្នកដឹកនាំរឿងឃាត់មិនឈ្នះដូចមុនឡើយ។ការប្ដូរថ្មីរបស់នាយចឺម បែបនេះកើតមានក្រោយពីនាយរបូតសង្សារអស់ដល់ទៅ៤នាក់ត្រឹមតែមួយពព្រិចភ្នែកសោះនោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងអ្នកមេម៉ាយសេង សុខឃីម ដែលធ្វើឲ្យអតីតតារាកំប្លែងCtn រូបនេះរងាការរិះគន់ច្រើនថារូបគេជាប្រុសសាវ៉ា ,ព្រាននារី ឬស្រីៗឲ្យតែនឹកដល់ឈ្មោះនាយពួកគេចាត់ទុកថាជាបុរសគូឲ្យខ្លាចព្រោះមិនដែលចេះស្មោះយ៉ាងម៉េចជាដើម ។អ្វីដែលគូរឲ្យកត់សម្គាល់នោះមានម្ដាយតារាសម្ដែងខ្លះព្រួយបារម្ភពេលដឹងថាកូនស្រីគាត់ត្រូវបានអ្នកដឹកនាំសម្ដែងជ្រើសឲ្យថតMV ជាមួយនាយចឺម ព្រោះខ្លាចនាយចឺម លេងដៃធ្ងន់នាំឲ្យជាំសាច់ តែឥឡូវលោកមេសា បែជាចេះស្ដាប់តាមការបញ្ជាររបស់អ្នកដឹកនាំសម្ដែងច្រើនជាងមុន ទើបធ្វើឲ្យម្ដាយតារាសម្ដែងមួយចំនួនលែងសូវបារម្ភច្រើនពេលដែលកូនស្រីចាប់ដៃនាយចឺម ថតសម្ដែងខារ៉ាអូខេ។
គូរកត់សម្គាល់ថាជិត១ឆ្នាំនេះនាយចឺម មិនទាន់បញ្ចេញមុខសង្សារថ្មីដូចមុនទេ ក្រោយនាយចែកផ្លូវជាមួយសង្សារអ្នកមេម៉ាយកូន១នាងសេង សុខឃីម កាលពីចុងឆ្នាំ២០២២ ហើយនាយ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាយនឹងយកប្រពន្ធនៅអាយុ២៩ឆ្នាំ ពោលគឺឆ្នាំ២០២៤ ខាងមុខនេះហើយដែលម្ដងនេះដាច់ខាតអនាគតភរិយារបស់នាយត្រូវតែជាអ្នកនៅក្រៅរង្វង់សិល្បៈ។លោកមេសា មិននិយាយពីរឿងនេះច្រើនថាតើមកពីហេតុអ្វីបានជានាយហាក់បាក់ស្បាត និងស្បថលែងយកសង្សារជាតារាដូចគ្នាទៀតនោះទេ តែនាយនិយាយយ៉ាងខ្លីថាបើយកគូស្នេហ៍តារាបែកទៀត មិនអាចគង់វង្សបានយូអង្វែងឡើយ…។
អតីតតារាកំប្លែងCTN នាយចឺម ត្រូវបានគេចាត់ទុកថាជាបុរសមានសំណាង ព្រោះញ៉ែបានៗ ហើយស្រីស្នេហ៍របស់នាយដាច់ខាតត្រូវតែជាស្រីស្អាតទើបប្រុសអ្នកមានទ្រព្យខ្លះសុំចុះចាញ់នាយ ព្រោះតែមិនអាចប្រជែងជាមួយថ្វីមាត់នាយដ៍ពូកែវោហារស័ព្ទនោះបានទេ។ប៉ុន្ដែដូចពាក្យចាស់ពោលថា”ដំរីជើង៤ គង់មានភ្លាត់”នោះមិនខុសឡើយ ព្រោះកាលពីខែធ្នូ ឆ្នាំ២០១៩ នាយចឺម បានរងរបួសក្បាលដេអស់៥ថ្នេរ ព្រោះត្រូវកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយ ក្រោយនាយលួចញ៉ែសង្សារគេនៅខេត្តប៉ៃលិន ដែលរឿង១នេះទោះជាលោកមេសា ព្យាយាមធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងមែន តែគេជឿរថានេះជាមេរៀនមួយ មិនអាចធ្វើឲ្យនាយ ភ្លេចអស់១ជីវិត។ ប្រភពបានឲ្យដឹងថានាយចឺម ចាប់ផ្ដើមប្ដូរទៅជាលែងសូវឃើញស្រីស្អាតមិនបានដូចមុននោះ ព្រោះតែនាយខ្លាច ប៉ៈពាល់ដល់អាជីពចម្រៀងរបស់ខ្លួនដោយសារតែមានអ្នកលេងបណ្ដាញសង្គមខ្លះជេរប្រទេចនាយរឿងប្ដូរសង្សារដូចខោអាវ ទើបពេលនេះនាយបានកែប្រែវិធីញ៉ែស្រីខ្លះៗហើយ។ប៉ុន្ដែគេរងចាំមើលថាតើនៅឆ្នាំ២០២៤ ខាងមុខនេះលោកមេសា នឹងរៀបការប្រពន្ធជាអ្នកនៅខាងក្រៅរង្វង់សិល្បៈមែន ឬមួយនាយចង់សាកល្បងយកសង្សារទី៥ ជាតារាសម្ដែងម្ដងទៀត?
ថ្វីត្បិតតែនាយចឺម មានស្រីៗមួយចំនួនហៅថាជា”ព្រាននារី”ក្ដី តែលោកមេសា ត្រូវបានរៀមច្បងរបស់ខ្លួនគឺស្រីស្អាតសុខ ពិសី នៅតែផ្ដល់ទំនុកចិត្តដល់នាយរហូតធ្វើជាដៃគូចម្រៀងគ្នាទៀតផង ហើយគេកត់សម្គាល់ថានាយពិតជាចេះសម្របខ្លួនបានទៅតាមពេលវេលាយ៉ាងល្អ ពោលគឺមិនដែលហ៊ានកេងចំណេញលើសាច់សខ្ចីរបស់ពិសី ម្ដងណាឡើយ។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថានាយចឺម ទោះជាគេមើលទៅចាត់ទុកថាជាតារាខូចខិលនិងស្រីញីមែន តែនាយនៅតែមានទីផ្សារចម្រៀង ព្រោះថាពេលគេជួលនាយម្នាក់ស្មើតារា២នាក់ដោយសារតែលោកមេសា ចេះនិយាយកំប្លែងធ្វើឲ្យអ្នកទស្សនាបានសប្បាយរីករាយ។ប៉ុន្ដែនាយចឺម បើជាតារាប្ដូរសង្សារដូចខោអាវដូចគេថាមែន នោះមិនយូទេអាជីពសិល្បៈរបស់នាយ ច្បាស់ជាអាចនឹងទៅមុខលែងរួច ហើយទស្សនិកជនចាប់ផ្ដើមលែងចាត់ទុកអ្នកកំប្លែងរូបនេះថាជាIdol របស់គេទៀតហើយ តែអាចហៅថាជាព្រាននារី វិញម្ដង។ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតៗក្នុងសិល្បៈមានដូចជានាយពែកម៉ី ,នាយក្រូច និងលោកអ៊ីណូ ជាដើម៕