ភ្នំពេញ៖ចំណងស្នេហាអ្នកមេម៉ាយលី ម៉ារីណា ជាមួយលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញដែលទើបបង្ហាញភាពផ្អែមល្ហែមជាចំហ ត្រឹមជាងជាង២ខែសោះ តែពេលនេះអ្នកទាំងពីរហាក់ចិត្ត១ ថ្លើម១ ទៅហើយក្រោមការសាទរពីតារារួមអាជីពជាបន្ដបន្ទាប់ដោយហៅម៉ារីណា ថាជា”លោកជំទាវ”ទៀតផង។ដើម្បីឲ្យគ្រប់គ្នាបានឃើញកាន់តែច្បាស់ថាស្នេហារបស់ពួកគេមានភាពច្បាស់លាស់និងគ្នាដោយមានក្រុមគ្រួសារទាំងសងខាងដឹងឭនោះកាលពីថ្ងៃទី២៣ មិថុនា នេះដែរម៉ារីណា បានបណ្ដើរលោកទៀង ច័ន្ទសារ ទៅចូលរួមក្នុងពិធីហែរជំនួនមង្គលការរបស់បងប្អូននាងទៀតផងដែលសកម្មភាពបែបនោះធ្វើឲ្យភ្ញៀវដែលចូលរួមជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ព្រោះលោកអធិការនិងម៉ារីណា ក៍មានកងអង្គរក្សហែហមដូចមន្រ្ដីធំៗផ្សេងទៀតដែរ។ម៉ារីណា បានបង្ហាញអារម្មណ៍ស្រស់ថ្លាជាមួយលោកច័ន្ទសារ ហើយនាងថែមទាំងបានបញ្ចេញសកម្មភាពជាមួយលោកវីរៈសេនីយ៍ឯកបង្ហោះនៅលើបណ្ដាញសង្គមតែម្ដង ដើម្បីឲ្យគ្រប់គ្នាដឹងថាទំនាក់ទំនងស្នេហានាងជាមួយមន្រ្ដីធំរូបនោះប្រៀបដូចជាគ្រួសារតែមួយទៅហើយ។ប៉ុន្ដែនៅពេលអ្នកយកព័តមានយើងឆាតសួរម៉ារីណា រឿងគម្រោងរៀបការជាមួយលោកអធិការ ថាធ្វើនៅពេលណានោះនាងមិនឆ្លើយតបទៅវិញ ខណៈដែលតារាដែលស្និតស្នាលនាងបង្ហើបប្រាប់អ្នកយកព័តមានយើងថាមិនយូទេ អ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងការហើយ ព្រោះថាចាស់ទុំទាំងសងខាងគាំទ្រចំណងស្នេហាមួយនេះដោយគ្មានអ្នកប្រឆាំងទេ។
លី ម៉ារីណា បានបង្ហាញសញ្ញាមានស្នេហាជាមួយលោកទៀង ច័ន្ទសារ នៅពេលដែលនាងបានបណ្ដើរលោកអធិការក្នុងពិធីសង្រ្កាន្ដវត្តភ្នំថ្ងៃចូលឆ្នាំខ្មែរ២០២៣ ហើយដើម្បីឲ្យអស់មន្ទិលសង្ស័យនោះនៅថ្ងៃខួបកំណើតនាងគម្រប់អាយុ៤២ឆ្នាំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោកវីរៈសេនីយ៍ឯកបានចូលរួមជាភ្ញៀវពិសេសហើយថែមទាំងរ៉ាប់រងកម្មវិធីចំណាយទាំងមូលតែម្ដងដែលនៅថ្ងៃនោះហើយគឺជាលើកដំបូងដែលអ្នកទាំងពីរបានបង្ហាញក្ដីស្រលាញ់ចេញពីបេះដូងទាំងសងខាងតាមរយៈការអោបថើបគ្នាជាសាធារណៈនៅចំពោះមិត្តភក្ដិអ្នកសិល្បៈជាច្រើនបានចូលរួមធ្វើជាសាក្សី។ដោយសារតែឥទ្ធិពលរបស់គូស្នេហ៍ថ្មីបែបនេះហើយទើបម៉ារីណា ត្រូវបានគេហៅនាងថាជំទាវៗ បើទោះជានាងនិងច័ន្ទសារ មិនទាន់ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ក្ដី តែគ្រប់សកម្មភាពរបស់ញអ្នកទាំងពីរបង្ហាញថាគឺជាស្នេហាមួយដែលឈានទៅក្រាបផ្ទឹមជាមួយគ្នានាពេលដ៍ខ្លីខាងមុខនេះជាមិនខាន។
គូររំលឹកថាអ្នកនាងលី ម៉ារីណា បានប្រេះឆាស្នេហ៍អស់២លើកមកហើយក្នុងនោះនាងបានចែកផ្លូវជាមួយលោកទឹត្យ ថាវរិទ្ធ និងចុងក្រោយកាលពីដើមឆ្នាំ២០២២ ចំណងស្នេហានាងជាមួយលោកសាត ចាន់ថន បានដើរដល់ផ្លូវទាល់រហូតឈានទៅលែងលះគ្នាទាំងចម្រូងចម្រាសទៀតផង ព្រោះតែម៉ារីណា ថាអតីតប្ដីបានលួចគ្រឿងអលង្ការនាងអស់ពីខ្លួន តែលោកចាន់ថន ប្រកែក។ក្រោយធ្លាក់ខ្លួនមេម៉ាយជាលើកទី២ បានត្រឹមតែ១ឆ្នាំម៉ារីណា ក៍រកបានស្នេហ៍ថ្មីស្អំរបួសបេះដូងតាមរយៈការជ្រើសផ្លូវ”ជួញជិត ប្រសើរជាងជួញាឆ្ងាយ” ស្របពេលដែលលោកចាន់ថន នៅតែចង់ប្ដឹងនាងទាមទារយកកូនប្រុសតែនាងមិនព្រមជាដាច់ខាត។ប្រភពបានឲ្យដឹងថាម៉ារីណា ដែលធ្លាប់រៀបការអស់២លើកមកហើយនោះនាងនៅតែចង់រៀបការជាលើកទី៣ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខនេះជាមួយលោកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ព្រោះថាបុរសណាក៍ដោយឲ្យតែចង់ក្លាយទៅជាស្វាមីនាងស្របច្បាប់ដាច់ខាតត្រូវតែចូលរោងការទើបអាចទៅរួច ហេតុនេះគេជឿរថាលោកវីរៈសេនីយ៍ឯកនឹងមិនរារែកចិត្តចំពោះរឿងមួយនេះឡើយ។អ្នកដឹកនាំសម្ដែងភាពយន្ដម្នាក់បានលើកឡើងថានៅពេលដែលម៉ារីណា ក្លាយទៅជាជំទាវស្របច្បាប់របស់លោកទៀង ច័ន្ទសារ នោះនាងនឹងរយាលពីអាជីពសិល្បៈបន្ដិចម្ដងៗ ហើយឈានទៅផ្ដាច់ពីអាជីពចាស់នេះទាំងស្រុងជាមិនខាននាពេលអនាគតគឺដូចអតីតតារាមួយចំនួនទៀតដែលឡើងជាជំទាវដែរជាមិនខាន។ប៉ុន្ដែពេលនេះ ម៉ារីណា នៅតែធ្វើតាមគោលការណ៍ផ្ទាល់ខ្លួននាងពោលគឺក្នុង១ឆ្នាំ នាងថតសម្ដែងតែ១រឿងប៉ុណ្ណោះ ដើម្បីយកពេលវេលាដែលនៅសល់រកស៊ី ហើយពេលនេះនាងនៅតែមមាញឹកក្នុងមុខរបរតាមOnline និងហាងនំបញ្ចុកខួក្ដាបរបស់នាង។
ក្រៅពីលី ម៉ារីណា អតីតតារានិងតារាដែលក្លាយទៅជាជំទាវមានដូចជាអ្នកនាងហ៊ឹម ស៊ីវន ,ស្រីតូច ចំណាន ,ពេជ្រ ច័ន្ទបរមី ,ឱក បូរី ,ផាន់ ម៉ូនីកា ,ស៊ឹម សូលីកា ,នៅ សុនិតា និងអ៊ឹម សុគន្ធា ជាដើម៕