ក្លឹបLiverpoolបានប្រកាសកាលពីថ្ងៃអាទិត្យថាពួកគេ ចុះហត្ថលេខាទិញខ្សែបម្រើកណ្តាល Dominik Szoboszlai ពី ក្លឹបបាល់ទាត់អាល្លឺម៉ង់Leipzigក្នុងកិច្ចព្រមព្រៀងតម្លៃ៧៦លានដុល្លារ)។
Szoboszlai ក្លាយជាកីឡាករទី២ របស់ក្លឹបក្រោមការដឹកនាំរបស់នាយកកីឡាថ្មីលោក Jorg Schmadtke បន្ទាប់ពីកីឡាករអាហ្សង់ទីន Alexis Mac Allister ខណៈដែលLiverpoolកំពុងធ្វើកំណែទម្រង់ខ្សែបម្រើរបស់ពួកគេឡើងវិញបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ។
មិនមានព័ត៌មានលម្អិតអំពីកិច្ចសន្យាត្រូវបានផ្តល់ឱ្យទេ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន PA បង្ហើបឲ្យដឹងថាកីឡាករអន្តរជាតិហុងគ្រីវ័យ ២២ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយហង្សក្រហម។
Szoboszlai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បីឬបួនថ្ងៃចុងក្រោយនេះពិតជាយូរណាស់វាមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែនៅចុងបញ្ចប់ ខ្ញុំនៅទីនេះ។ខ្ញុំសប្បាយចិត្តហើយខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមជាមួយក្លឹបថ្មី។
Szoboszlai បានបន្តថាLiverpoolពិតជាក្លឹបប្រវត្តិសាស្ត្រ កីឡាករល្អ គ្រូបង្វឹកល្អ អ្វីគ្រប់យ៉ាងគឺល្អ។ សម្រាប់ខ្ញុំ វាគឺល្អឥតខ្ចោះក្នុងការបោះជំហានបន្ទាប់នៅក្នុងក្លឹបបែបនេះ។
កីឡាករសញ្ជាតិហុងគ្រីរូបនេះស៊ុតបញ្ចូលទីបាន ២០ គ្រាប់ និងជួយមិត្តរួមក្រុម២២ដងក្នុងការបង្ហាញខ្លួន ៩១ ប្រកួតចាប់តាំងពីចូលរួមជាមួយ Leipzig ក្នុងទីផ្សារដោះដូរកីឡាកររដូវរងាឆ្នាំ ២០២១ ៕