ខេត្តបាត់ដំបង៖ អតីតតារាសម្តែងនិងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យ មានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីតារារូបនេះនិងបក្ខពួកជាច្រើននាក់ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការចាប់ខ្លួន ព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន។ ក្រៅពី នរពិទូ ក៏មានភរិយា គឺអ្នកនាងអោក រតនះ ប៉ុណ្ណិកា និងបក្ខពួកមួយចំនួន ទៀតផងដែរ ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។
ការចាប់ខ្លួនតារាសម្តែង និងបក្ខពួកនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែង យីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) បន្ទាប់ពីរកឃើញថា ពួកគេបានប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
មន្ត្រីសមត្ថកិច្ចខេត្ដបាត់ដំបង ដឹកនាំដោយលោក ប៉ង់ ចាន់សុយុទ្ធារា បានចុះទៅបង្ក្រាប និងបិទទីតាំងខាងលើភ្លាមៗផងដែរ។
លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននិយាយឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងបង្កា បង្ក្រាប រួមនិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចខារ៉ាអូខេយីហោ ដឺសោន ហ្វាមីលី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោកនិយាយទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ក្នុងបទល្មើសជាក់ស្ដែងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលក្នុងនោះ ពិតជាមានតារាសម្តែង ថៃ នរៈពិទូ ពិតប្រាកដមែន។
យោងតាមរបាយការណ៍របស់មន្ត្រីសមត្ថកិច្ច បានបញ្ជាក់ថា ជនទាំង៦នាក់នោះ រួមមានទី១. ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២. ឈ្មោះ ថៃ នរៈពិទូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរឫស្សី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ទី៣. ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែក ព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤. ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ២៩ ឆ្នាំរស់នៅក្រុងបាត់ដំបង។ ទី៥. ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៦. ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ចំណែកឯវត្ថុតាងដកហូតបាន រួមមានថ្នាំញៀនប្រភេទកេតាមីន (KETAMINEខេ ) ចំនួន៣ថង់ ទម្ងន់០,៨៨ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀន អ៊ិចស្តាស៊ី ចំនួន២ ថ្នាំអំពូល Diazepam ចំនួន២អំពូល ថ្នាំគ្រាប់ ZEPAM ចំនួន១៦បន្ទះ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធខាងលើ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកទីតាំងផ្តល់កន្លែងឲ្យប្រើប្រាស់រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានបិទទ្វារនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។
នេះគឺជារឿងថ្មីដ៏ភ្ញាក់ផ្អើលបន្ទាប់ទៀត ក្រោយពីតារាសម្តែងរូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង កាលពីអំឡុងកក្កដា ឆ្នាំ២០១៦ ក្រោយពីអតីតតារាសម្តែង និងជាFreshie Boy លោកថៃ នរៈពិទូ ត្រូវបានម្ចាស់ហាងបញ្ចាំមួយនៅភ្នំពេញ ប្រកាសឲ្យចូលខ្លួនដោះស្រាយ បញ្ហាលុយជាបន្ទាន់ ក្រោយពីអតីតតារាសម្តែងខាងលើខកខានក្នុងការយកលុយទៅបង់តាមការកំណត់៕