ភ្នំពេញ៖ព្រាប សុវត្ថិ បានចាកចេញពីហង្សមាសជិត៣ឆ្នាំទៅហើយ ខណៈដែលខេមរៈ សិរីមន្ដ វិញទើបអស់និស្ស័យជាមួយផលិតកម្មធំនេះជិត៧ខែ ប៉ុណ្ណោះ ដែលធ្វើឲ្យមានការលើកឡើងថាក្រោយហង្សមាសបាត់តារាប្រុសទាំងពីរដួងជាស្នូលរបស់ផលិតកម្មបែបនេះថៅកែពិបាករកតារាណាមកជំនួស បើទោះជាគិតមកដល់រយៈពេលជិត១០ឆ្នាំនេះហង្សមាសរកបានម្ចាស់ជ័យលាភីជាច្រើននាក់ឡើងគជើងគ្នាក្ដី។ប៉ុន្ដែសម្រាប់តារាទិញចូលពីខាងក្រៅដើម្បីយកមកជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ វិញគិតមកដល់ពេលនេះថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន មិនទាន់ទិញចូលម្នាក់ណាក្ដី តែមុននេះមានការលើកឡើងពីអ្នកជំនាញសិល្បៈថាក្រៅពីលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ របស់សាន់ដេនោះគឺពិបាករកនឹកឃើញថាមានតារារូបណាដែលអាចនឹងទៅអង្គុយកៅអីដែលទំនេរនៅហង្សមាសរបស់អតីតលោកសុវត្ថិ និងប៊ុនថៃ ។
អតីតអ្នកដឹកនាំការប្រគុំតន្រ្ដីល្បីឈ្មោះរបស់CTN និងPNN ម្នាក់បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាបើតាមលោកយល់ហង្សមាសនឹងមិនទិញអ្នកចម្រៀងរូបណាពីខាងក្រៅទៅជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះទេ ព្រោះសម្អាងថានាពេលនេះគេធ្វើតាមគោលការណ៍របស់គេគឺលើកតារាវ័យក្មេងដែលខ្លួនរើសបានពីការប្រលងចម្រៀងទាំងឡាយមកឡង់សេវិញ។លោកថាបើព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅហង្សមាសទាំងពីរ តារាក្មេងៗទៀតដែលជ្រើសបានពីការប្រលងចម្រៀងផ្សេងៗនោះក៍ពិបាកឡើងរួចដែរ អីចឹងនេះក៍ជាឱកាសដែលប្អូនៗជាប់ពានអាចឡើងម្ដង ។ប៉ុន្ដែរឿងហង្សមាសលែងសូវខ្លាំង ឬចុះខ្សោយនោះក្រោយអត់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះលោកថាមហាជនអាចមើលឃើញជាក់ស្ដែងបាន។តែលោកថាបើព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅហង្សមាសទាំងពីរ ហើយឡើងឧកញ៉ាដូចគ្នានោះក្រុមការងារខ្លះក៍ពិបាកនឹងចង់ធ្វើការជាមួយដូចមុនដែរ ព្រោះបញ្ជា ទៅលើអ្នកធំបែបនេះម៉េចស្រួលទៅ?
ព្រាប សុវត្ថិ បានល្បីល្បាញអាជីពចម្រៀងអស់រយៈពេល២៦ឆ្នាំ(១៩៩៧-២០២៣)មកហើយ ខណៈដែលខេមរៈ សីមន្ដ បានចាប់អាជីពចម្រៀងកាលពីឆ្នាំ២០០៤ និងល្បីឈ្មោះជាង១០ឆ្នាំមកនេះ។តារាទាំងពីរបានធ្លាក់ក្នុងកណ្ដាប់ដៃGalaxy ដូចគ្នា តែមកប៉ៈគ្នាលើកទី២លើកនេះ បទចម្រៀងរបស់ពួកគេមិនសូវខ្លាំងក្លាដូចមុនឡើយ ពិសេសគឺលោកសុវត្ថិ ដែលពីមុនសឹងតែគ្មានអ្នកស្អប់លោកនោះចាប់ផ្ដើមមានអ្នកជេនៅលើបណ្ដាញសង្គមជាដើម ខណៈលោកប៊ុនថៃ ទៅទ្រនុំថ្មីនេះលោកបានជួបព្យុះធំៗដល់ទៅ២លើកនោះគឺមានការជេប្រមាថនិងរិះគន់ស្រោចលើខ្លួនតែម្ដងនៅពេលដែលលោកចេញមុខការពារថៅកែខ្លួន។ដោយឡែកហង្សមាសវិញក្រោយរបូតបាត់តារាជូរមុខទាំងពីររបស់ខ្លួន ពេលនេះងាកមកឡង់សេបេក្ខភាពទាំង៤ Cambodian Idol រដូវកាលទី៤ ដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រវិញម្ដង ព្រមទាំងព្យាយាមលើកតារាប្រុសហ្សូណូ ឲ្យកាន់កម្មវិធីធំៗជាCoach និងJudge ទៀតផង។
អ្នកជំនាញសិល្បៈបានលើកឡើងថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពេលទៅដល់មេថ្មីគ្រប់គ្រងពួកគេហាក់គ្មានចេតនាប្រជែង និងកាច់កុងគ្នាដូចមុនទៀតនោះទេ ព្រោះអ្នកទាំងពីក្លាយទៅជាឧកញ៉ាដូចគ្នាទៅហើយ។យ៉ាងណាគេកត់សម្គាល់ថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ផ្ដោតទៅលើការធ្វើជំនួញ និងរឿងពាក់ព័ន្ធនយោបាយច្រើនជាងរកវិធីធ្វើបទថ្មីឲ្យផ្ទុះ។
ដោយឡែកComposer ល្បីឈ្មោះម្នាក់ដែលធ្លាប់និយាយក្រោយពេលព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy ថាបើហង្សមាសអត់ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នឹងធ្វើឲ្យផលិតកម្មនេះរងារនោះ ពេលនេះលោកបែជានិយាយថាអ្វីប្រែប្រួល ព្រោះតារាទាំងពីរឡើងជាឧកញ៉ាអស់ទៅហើយ ហេតុនេះលោកជឿរថាហង្សមាសក៍ពិបាកនឹងធ្វើការជាមួយតារាឧកញ៉ាដែរ ប្រសិនបើអ្នកទាំងពីរមិនចាកចេញនោះ។គ្រូភ្លេងរូបនោះសង្កត់ថាអ្នកខ្លះគេមិនសូវចង់ធ្វើការជាមួយតារាជាអ្នកធំទេ ព្រោះខ្លាចឬកពាខុសពីមុនអីទៅ តែលោកសុវត្ថិ និងសិរីមន្ដ ពេលទៅGalaxy ហ្នឹងត្រូវហើយព្រោះឭថាទាំងអ្នកនិពន្ធ និងដឹកនាំក៍ឧកញ៉ាអីចឹងឋានៈស្មើគ្នា បើថាអ្នកដឹកនាំក្មេងល្មមៗអីលោកថាទៅបញ្ជាលើឧកញ៉ានោះក៍ពិបាកដែរ។
ទស្សនិកជនរងចាំមើលថាតើហង្សមាស នឹងលើកតារារបស់ខ្លួនរូបណាដើម្បីឲ្យស្នងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលលែងជាតារារបស់ខ្លួនទៀតនេះ ខណៈដែលផលិតកម្មធំនេះ ធ្លាប់ត្រូវបានគេចោទថាជ្រលសបានតារាខ្លះទុកកប់ចោល ឡង់សេតែអ្នកថ្មីៗ១ប្រាវក៍បាត់ឈឹងទៅវិញក៍មាន៕