ក្លឹបបាល់ទាត់តួកគី Galatasaray បានប្រកាសកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ពីក្លឹប Paris SG(PSG) កាលពីថ្ងៃអាទិត្យ ជាមួយនឹង តម្លៃផ្ទេរ ជាង ១១លានដុល្លារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្លឹបដែលមានមូលដ្ឋាននៅអ៊ីស្តង់ប៊ុលបានបង្ហើបថាថ្លៃផ្ទេរនឹង ត្រូវបង់ទៅឱ្យអតីតក្លឹបរបស់ Icardi ។
ចាប់ពីរដូវកាល២០២៣-២៤ Icardi នឹងពាក់អាវ Galatasaray សម្រាប់បីរដូវកាលបន្ទាប់។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ នឹងទទួលបានប្រាក់បៀវត្សរ៍សុទ្ធចំនួន ៦ លានដុល្លារក្នុងមួយរដូវកាល។
Icardi អាយុ៣០ឆ្នាំបានមកដល់អាកាសយានដ្ឋាន Ataturk នៃទីក្រុងអ៊ីស្តង់ប៊ុលកាលពីល្ងាចថ្ងៃសុក្រ ខណៈដែល អ្នកគាំទ្របានស្វាគមន៍គាត់ដោយអបអរសាទរឈ្មោះរបស់គាត់។
គាត់បានចំណាយពេលរដូវកាល២០២២-២៣ នៅ Galatasaray ក្នុងលក្ខខ័ណ្ឌខ្ចីជើង និងស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ លើក ឈ្នះពានរង្វាន់តួកគី Super Lig ៕