ភ្នំពេញ៖ក្នុងចំណោមជនរងគ្រោះដែលទិញដីឡូតិ៍លោកយុត្ថារា ឆានី បង់លុយរួចមិនបានដី ឬដីត្រូវគេព័ទ្ធរបងយក ទើបគេហៅថាលោកលក់ដីខ្យល់នោះក៍មានអតីតតារាសម្ដែងអ្នកនាងអម្ពរ ទេវី ដែលកំពុងរស់នៅអាមេរិកម្នាក់ផងដែរដែលបានទិញគម្រោងមួយនេះ។ប្រភពបានឲ្យដឹងថាអ្នកនាងអម្ពរ ទេវី បានទិញដីឡូតិ៍នោះមួយប្លង់អស់ទឹកប្រាក់ចំនួន២៤០០០ដុល្លារ ហើយបង់លុយអស់ តែឥឡូវដីនោះត្រូវបានគេព័ទ្ធរបងយកជាហេតុនេះនាំឲ្យអ្នកនាងទេវី ដែលកំពុងរស់នៅអាមេរិកនោះមានអារម្មណ៍ច្របូលច្របល់ នឹងគម្រោងចុះមកស្រុកខ្មែរនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីជួបតទល់ជាមួយលោកយុត្ថារា ឆានី និយាយជាមួយគ្នាឲ្យបានច្បាស់លាស់រឿងទិញដីបង់លុយរួច អត់បានប្លង់ដីនេះ។
តាមព័តមានថាក្រៅពីអ្នកនាងអម្ពរ ទេវី នោះក៍នៅមានម្ដាយអតីតតារាសម្ដែងខៀវ សុខារ៉ាវី គឺអ្នកស្រីនិន រ៉ាត់ ម្នាក់ទៀតក៍បានទិញដីឡូតិ៍របស់លោកយុត្ថារា ឆានី នូវទឹកប្រាក់អស់ជិត២ម៉ឺនដុល្លារផងដែរ ហើយពេលនេះដីក្នុងគម្រោងនោះត្រូវបានគេព័ទ្ធធ្វើជារបងកម្មសិទ្ធិរបស់គេដូចគ្នានិងជនរងគ្រោះផ្សេងៗទៀត ខណៈដែលអតីតតារាសម្ដែងល្បីឈ្មោះម្នាក់ទៀតគឺអ្នកនាងកែវ កល្យាណ បានចំណាយលុយទិញដីរបស់លោកយុត្ថារា ឆានី ច្រើនជាងគេគឺមានចំនួនដល់ទៅជិត៦ម៉ឺនដុល្លារឯណ្ណោះ តែបង់លុយរួចជាច្រើនខែអត់បានប្លង់ដីដូចគ្នាដែរ។ប្រភពបានឲ្យដឹងថាក្រៅពីអតីតតារា និងម្ដាយតារាសម្ដែងខាងលើនេះនៅមានតារាជាច្រើនទៀតដែលស្គាល់ និងរាប់អានជាមួយលោកយុត្ថារា ឆានី ហើយទិញដីឡូតិ៍លោកក៍ដេកមិនលក់នាពេលនេះដែរ ព្រោះថាដីនោះត្រូវបានគេព័ទ្ធរបងធ្វើជាកម្មសិទ្ធិរបស់គេទៅហើយ។ម្យាងទៀតនៅពេលដែលជនរងគ្រោះខ្លះបានទៅដល់ផ្ទះរបស់លោកឆានី ដើម្បីឲ្យលោកចេញមកដោះស្រាយរឿងនេះលោកបែជាមិនគេចវែសពីអតិថិជនហើយបិទទ្វាផ្ទះទៅវិញ។
យ៉ាងណាកក្នុងបទសម្ភាសន៍ជាមួយ”នគរធំ”កាលពីពេលថ្មីៗនេះលោកយុត្ថារា ឆានី បានឲ្យដឹងថាលោកក៍ជនរងគ្រោះម្នាក់ដែរ ព្រោះម្ចាស់ក្រុមហ៊ុនវណ្ណេត សុវណ្ណភូមិ នោះវេចលុយរត់ទៅបាត់ស្រមោលធ្វើឲ្យដី១ហិកតាដែលជួបបញ្ហា ក្នុងចំណោមដី៧ហិកតា ហើយមានអតិថិជនចំនួន៧១ គ្រួសារ នៅភូមិអម្ពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នោះជួបរឿងរ៉ាវបែបនេះព្រោះថាដីនោះត្រូវបានដាក់បញ្ចាំនៅធនាគារចំនួន៥០ម៉ឺនដុល្លារដើម្បីយកលុយមកអភិវឌ្ឍន៍ តែជនឈ្មោះសាន វណ្ណេត បានបង់ការឲ្យធនាគារបានតែ២ខែ អត់បង់២ខែ ទើបខាងធនាគារមកព័ទ្ធយកដីនោះប៉ៈពាល់ដល់អតិថិជនក្នុងគម្រោង១ហិកតា នោះទាំងអស់បែបនេះ។លោកឆានី ថាខាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងជនសាន វណ្ណេត នោះហើយតែតុលាការចេញដីការឲ្យជននោះចូលខ្លួន២ដងគេមិនចូល អីចឹងលើកទី៣មានតែនាំខ្លួន តែឥឡូវនៅមិនទាន់ឃើញត្រូវបានចាប់ខ្លួននោះទេ។
ប្រភពបានឲ្យដឹងថាលោកយុត្ថារា ឆានី នៅតែមានជំហដោះស្រាយជូនជនរងគ្រោះទាំង៧១ គ្រួសារដែលភាគច្រើនជាតារាសិល្បករធ្លាប់រួមអាជីពជាមួយលោកនោះហើយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះភាគីរងគ្រោះទាំងអស់នឹងទៅជួបលលោកនៅលើទីតាំងដីនោះទាំងអស់គ្នាតែម្ដងដើម្បីស្វែងរកច្រកចេញ។ដោយឡែកសម្រាប់អ្នកនាងអម្ពរ ទេវី វិញតាមព័តមានថាអ្នកនាងបានតាមដានរឿងលោកយុត្ថារា ឆានី ដោះស្រាយបញ្ហាមួយនេះដោយយកចិត្តទុកដាក់បំផុតហើយនៅដើមខែ១០ ឆ្នាំ២០២៣ ខាងមុខនេះក្រៅពីត្រូវចុះមកជួបជាមួយលោកឆានី រឿងលក់ដីខ្យល់នោះអ្នកនាងក៍ឆ្លៀតមកថតសម្ដែងរឿង”អប្សារា មហាអង្គរ”ដែលដឹកនាំដោយលោកហ្វៃ សំអាង របស់ទូរទស្សន៍ហង្សមាសផងដែរ។
ប្រភពបានឲ្យដឹងថាអ្នកនាងទេវី ក៍ដូចជាអ្នកនាងកល្យាណ ឬម្ដាយសុខារ៉ាវី ដែរពោលគឺទិញដីឡូតិ៍នោះដោយសារតែពួកគេទុកចិត្តទៅលើលោកយុត្ថារា ឆានី ព្រោះធ្លាប់រាប់អានគ្នាជាច្រើនឆ្នាំមកហើយ ហេតុនេះប្រសិនបើលោកឆានី គ្រាន់តែឆ្លើយថាម្ចាស់ក្រុមហ៊ុនរត់បាត់ ឬភាគីរងគ្រោះទៅដល់ផ្ទះលោកបែជាបិទទ្វាមិនចេញមកដោះស្រាយនោះគឺមិនគ្រប់គ្រាន់ ឬធ្វើឲ្យអ្នកទិញដីបង់លុយរួច អត់បានប្លង់ដីនោះសុខចិត្តឬនៅស្ងៀមនោះឡើយ ព្រោះថាក្នុងឯកសារក្រុមហ៊ុននោះមានឈ្មោះលោកជាម្ចាស់ក្រុមហ៊ុន និងជាម្ចាស់គម្រោង រួមទាំងប្លង់ដីក៍ជាឈ្មោះលោកទៀត បើទោះជាលោកឆានី ថាប្លង់ដីនោះត្រូវបានបុគ្គលសាន វណ្ណេត យកទៅបញ្ចាំឲ្យធនាគារ ធ្វើឲ្យលោកជាប់ឈ្មោះលោកលក់ដីខ្យល់ ហើយអថិជនបានផ្ទុះកំហឹងតែភាគីខាងលោកម្នាក់ក្នុងចំណោមភាគហ៊ុនទាំង៤នាក់របស់ក្រុមហ៊ុនមួយនេះក្ដី។
អ្នកយកព័តមានយើងបានសាកសួរជនរងគ្រោះទាំងនោះថាបើជនសាន វណ្ណេត រត់បាត់បែបនេះតើមានវិធានការណ៍ក្នុងការប្ដឹងទៅលើលោកយុត្ថារា ឆានី ឬអត់នោះពួកគាត់បាននិយាយស្រដៀងគ្នាថារងចាំដំណោះស្រាយដោយផ្ទាល់របស់លោកឆានី ជាមួយអតិថិជននៅថ្ងៃទី២៤ ខែ៨ ទើបមានវិធានការណ៍តទៅទៀត តែពួកគាត់នឹងមិននៅស្ងៀមនោះទេគឺត្រូវតែរកគ្រប់វិធីដើម្បីឲ្យមានយុត្តិធ័ម ព្រោះថាលុយទាំងនោះជាកំលាំងញើសឈាមរបស់ពួកគាត់ខំប្រឹងរកដោយលំបាក ហេតុនេះមិនឲ្យគេបោកដោយងាយៗឡើយ ព្រោះប្រទេសមានច្បាប់ ត្រូវតែអនុវត្តន៍ទៅតាមច្បាប់៕