Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រឡងប៉ូលិស ៣ម៉ឺនដុល្លារ ស្នងការបំភ្លឺ

 ប្រឡងប៉ូលិស ៣ម៉ឺនដុល្លារ ស្នងការបំភ្លឺ

ក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធ ទៅនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ថាការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ត្រូវចំណាយប្រាក់ចាប់ពី ២ម៉ឺន៥ពាន់ ដុល្លារ រហូតដល់ ៣ម៉ឺនដុល្លារ ទើបជាប់។

សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ មានខ្លឹមសារថា «ស្នងការដ្ឋាននគរបាលខេត្តសូម ជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មានសង្គម មេត្តាជ្រាប ៖  ពាក់ព័ន្ធនិងការផ្សព្វផ្សាយ ព័ត៌ មានតាម បណ្តាញសង្គម ក្នុងខ្លឹមសារពាក់ព័ន្ធការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឲ្យចូលបម្រើការងារ នៅអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ៖

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមធ្វើការបំភ្លឺជូន ដូចខាងក្រោម ៖

១- ចំពោះការបង្ហោះថា បេក្ខជននគរបាលប្រឡងចូលបម្រើការនៅអធិការដ្ឋាននគរបាលអូរគ្រៀងសែនជ័យ ៨នាក់ ជាប់៧នាក់ ធ្លាក់ ១នាក់ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ នេះជាលទ្ធផលនៃការប្រឡង ប្រជែង។

២- តើពិតដែរឬទេ? ពលរដ្ឋស្រុកសម្បូណ៌ ខ្សឹបថា ចំណាយចន្លោះប្រមាណ ២៥០០០ដុល្លារ ទៅ៣ម៉ឺនដុល្លារដើម្បី បានជាប់ក្របខ័ណ្ឌនគរបាល? សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ព័ត៌មាននេះគឺជា ព័ត៌មាន មិនពិត មួលបង្កាច់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល។ សូមជម្រាបជូនថា ជ្រើសរើសមន្ត្រីនគរបាល គឺ តម្រូវឱ្យបេក្ខជនបំពេញនីតិវិធីត្រឹមត្រូវនិងមានការប្រឡងប្រជែងដោយផ្តល់ពិន្ទុត្រឹមត្រូវដោយគណៈកម្មការប្រឡង។

ស្នងការនគរបាលខេត្ត សូមធ្វើការបដិសេធទាំងស្រុង ចំពោះការបង្ហោះតាមប្រព័ន្ធបណ្តាញសង្គម គឺជាព័ត៌មាន មិនពិត ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ។ អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋ និងសាធារណជនដែលបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន»៕

RELATED ARTICLES