Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជួយយកអាសា ប៉ះចោរ ស៊ីដាច់ម៉ូតូ

 ជួយយកអាសា ប៉ះចោរ ស៊ីដាច់ម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់កំពុងតែបើកម៉ូតូដឹកក្មួយប្រុសសុខៗ ប្រទះឃើញបុរសម្នាក់តាមផ្លូវ ក៏ឈប់ម៉ូតូសួរនាំ លុះពេលដឹងថាគ្នាអត់មានលុយ ដោយមានការអាណិតអាសូរផងនោះ បុរសជាម្ចាស់ម៉ូតូ បានហៅជិះម៉ូតូ ជាមួយគ្នា ដើម្បីដឹកទៅចំណតរថយន្ត បែរជាត្រូវជនសង្ស័យ ឆ្លៀតឱកាសយកម៉ូតូរត់គេចខ្លួន ថែមទាំងដឹក ក្មួយប្រុសរបស់ម្ចាស់ម៉ូតូទៅជាមួយទៀត ដោយរត់ចេញពីភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ មកដល់ចំណុច រង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទើបឃាត់ខ្លួនបាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ចំណុចផ្លូវជាតិលេខ២ ស្រុកគិរីវង់ ខេត្តតាកែវ មានបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-1075 បានដឹកក្មួយ ប្រុសរបស់ ខ្លួនធ្វើដំណើរតាមផ្លូវ រហូតមកដល់ចំណុចភ្នំដិន ស្រាប់តែប្រទះឃើញបុរសម្នាក់ (ជនសង្ស័យ) នៅតាមផ្លូវ។ ដោយសារតែមានចិត្តល្អ បុរសជាម្ចាស់ម៉ូតូ បានឈប់ម៉ូតូ សួរនាំបុរសជាជនសង្ស័យរូបនោះ ហើយក៏មាន ការអាណិតអាសូរដល់បុរសជាជនសង្ស័យ ព្រោះតែមូលហេតុគ្នាគ្មានលុយ។ បន្ទាប់មក បុរសជាម្ចាស់ម៉ូតូ បានដឹកជនសង្ស័យខាងលើនេះ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ចេញពីស្រុកគិរីវង់ ខេត្តតាកែវ រហូតមកដល់ ចំណតរថយន្ត។ លុះពេលមកដល់ចំណងរថយន្ត ខណៈបុរសជា ម្ចាស់ម៉ូតូ រវល់តែចុះសួរតម្លៃ ស្រាប់តែជន សង្ស័យបានធ្វើសកម្មភាពជិះរត់គេចខ្លួន និងដឹកទាំងក្មួយប្រុសរបស់ម្ចាស់ម៉ូតូ ទៅជាមួយទៀត ក្នុងទិសដៅ ធ្វើដំណើរមករាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ បុរសជាម្ចាស់ម៉ូតូបានទាក់ទងតាមរយៈទូរស័ព្ទដៃ មកក្មួយប្រុសរបស់គាត់ដែរ តែត្រូវជន សង្ស័យយកទូរស័ព្ទបិទ មិនឱ្យទាក់ទងបាន ប៉ុន្តែចៃដន្យពេលធ្វើដំណើរតាមផ្លូវនោះ ស្រាប់តែម៉ូតូអស់សាំង គ្មាន លុយចាក់សាំង ហើយមិនដឹងថាទៅទីណា។ ពេលនោះ ជនសង្ស័យបានដកអត្តសញ្ញាណប័ណ្ណយកទៅបញ្ចាំ ដើម្បីយកលុយចាក់សាំងម៉ូតូ បន្ទាប់មក ជនសង្ស័យបានដឹកក្មួយប្រុសម្ចាស់ម៉ូតូ ធ្វើដំណើរបន្តមកដល់ចំណុច រង្វង់មូលវត្តភ្នំ ក៏ត្រូវបានបុរសជាម្ចាស់ម៉ូតូឃើញ ហើយក៏ឃាត់ខ្លួនតែម្តង រួចទាក់ទងទៅកាន់សមត្ថកិច្ច មូលដ្ឋាន ខណ្ឌដូនពេញ ភ្លាមៗ។

កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វត្តភ្នំ បានបញ្ជាក់ថា ករណីខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជន សង្ស័យទៅកាន់ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES