Tuesday, November 19, 2024
Homeតារាខ្មែរថុល សុភិទិ ថើបបឺតមាត់ស្រី សង្សារប្រចណ្ឌ ប្រកាសផ្តាច់ស្នេហ៍

ថុល សុភិទិ ថើបបឺតមាត់ស្រី សង្សារប្រចណ្ឌ ប្រកាសផ្តាច់ស្នេហ៍

ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេង លោកថុល សុភិទិ បន្ទាប់ពីធ្លាយវីដេអូថើបបឺតមាត់ស្រីម្នាក់ ស្រាប់តែត្រូវ សង្សារ​ផ្ទុះភ្លើងប្រចណ្ឌ រហូតប្រកាសផ្តាច់ស្នេហ៍ ដោយបញ្ជាក់ថា នាងមិនអាចវិលទៅរកមនុស្ស​ដែល​ធ្វើខុសដដែលៗ មកលើនាងបានទេ។ ស្រីស្អាតរូបនេះ បានបញ្ជាក់ថា មនុស្សទម្លាប់ខុសហើយអាងសុំទោស នឹងមិនចាំទេ​ថា​ខ្លួន​បានធ្វើខុសលើនាងច្រើនប៉ុនណាទេ។

គួរបញ្ជាក់ថា តារាចម្រៀងវ័យក្មេង ដែលចាប់ផ្តើមល្បីឈ្មោះ ក្រោយពេលឆ្លងកាត់ការប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤ ដែលតែងបង្ហាញរូបភាពផ្អែមល្ហែមជាមួយសង្សារមេម៉ាយកូន១ ជាស្រីស្អាត​លក់ឡេ ឈ្មោះឡុង ម៉ានីន នោះ ថ្មីៗនេះ ស្រាប់តែធ្លាយចេញវីដេអូមួយ ដែលតារាចម្រៀងថុល សុភិទិ ថើប​បឺតមាត់យ៉ាងព្រឺព្រួចជាមួយស្រីស្អាតម្នាក់ បើទោះបីគេដឹងថា ជាការសម្តែងក្នុងបទចម្រៀង តែបានធ្វើឲ្យស្រី​ស្អាតជាសង្សាររបស់ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន ជាអ្នកលក់ឡេអនឡាញល្បីឈ្មោះ និងជាមេម៉ាយកូន១ ដ៏មានរូបសម្រស់ស្អាតផូរផង់ ផ្ទុះភ្លើងប្រចណ្ឌ រហូតប្រកាសបែកពីតារាចម្រៀងយុវវ័យរូបនេះ។

ស្រីស្អាត ឡុង ម៉ានីន បានប្រកាសតាមគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០២៣ ថា «កែវដែលបែកទៅហើយ ទោះខំបិទយ៉ាងណា ក៏វាមិនអាចដូចដើមដែរ។ សុំទោស  ខ្ញុំមិន​អាច​វិលទៅ​រកមនុស្សដែលធ្វើខុសលើខ្ញុំទេ ព្រោះខ្ញុំមានមនុស្សល្អច្រើនទៀតដែលគេចាំមើល​ថែខ្ញុំជំនួស​អ្នក​…»។

ជាមួយគ្នានឹងការប្រកាសផ្តាច់ស្នេហ៍ខាងលើនេះ ស្រីស្អាតរូបនេះ បានបញ្ជាក់ថា សត្វមានពិស គួរឲ្យខ្លាច តែមនុស្សមានពិស គួរឲ្យខ្លាចជាងសត្វទៅទៀត។ នាងថា មនុស្សទម្លាប់ខុសហើយអាងសុំទោស គេនឹង​មិនចាំទេថាគេបានធ្វើខុសលើយើងច្រើនប៉ុនណា…។

ឆ្លើយតបការប្រកាសផ្តាច់ស្នេហ៍ របស់នារីជាសង្សារខាងលើនេះ លោកថុល សុភិទិ បានផ្ញើសារលួង​លោម​នាងថា អ្វីដែលគេបានធ្វើ ដោយសារតួនាទី ហើយគេដឹងថា នារីជាសង្សារឈឺហើយ ដោយសាររូបគេសន្យា​នឹងនាង តែធ្វើមិនបាន គេសន្យាជាថ្មីថា លើកក្រោយ គេសុខចិត្តពិបាកខ្លួនឯង មិននារីជាទីស្រឡាញ់ ខូច​ចិត្តលើកទី២ឡើយ។ តារាចម្រៀងយុវវ័យ ដែលមានសាក់ពេញខ្លួនរូបនេះ បានលើកឡើងថា មនុស្ស​ណាមិន​ចេះខុស?  គ្មានមនុស្សណាដែលល្អគ្រប់ដប់ទេ ប៉ុន្តែអ្វីដែលសំខាន់ គឺចេះទទួលស្គាល់កំហុសខ្លួនឯង រូបគេ​ដឹងខុស ដែលមិនគោរពតាមការសន្យា តែទោះជាយ៉ាងណា រូបគេនៅតែផ្តល់តម្លៃឲ្យនាង ដោយមិនថោក​អីនឹងលួងមនុស្សដែលខ្លួនឯងស្រលាញ់នោះទេ។

 ថុល សុភិទិ បានសរសេរក្នុងគណនី និងទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ថា «បងដឹង​ថា​អូនឈឺហើយ ដោយសារបងសន្យា តែធ្វើមិនបាន បងធ្វើដោយសារតួនាទី។  លើកក្រោយបងសុខចិត្តពិ​បាក​ខ្លួនឯង បងមិនឲ្យអូនខូចចិត្តលើកទី២ឡើយ។ កុំគិតច្រើនណាមនុស្សល្អរបស់បង ក្ដីស្រលាញ់របស់​មនុស្ស​ម្នាក់​ៗ មិនមែនផ្អែមល្ហែមរហូតទេ វាតែងតែមានអាក្រក់ល្អ សខ្មៅ គឺត្រូវតែមាន។ កុំធុញពួកខ្ញុំអី ខ្ញុំដឹងថាមិនមែន​តែ​ពួក​ខ្ញុំទេដែលជួបបញ្ហាបែបនេះ គ្រាន់តែបញ្ហាវាកើតឡើងផ្សេងៗគ្នា មនុស្សណាមិនចេះខុស មនុស្សណាដែល​គ្រប់ដប់ គ្មានទេ ប៉ុន្តែអ្វីដែលសំខាន់ គឺទទួលស្គាល់កំហុសខ្លួនឯង។ ខ្ញុំដឹងខ្ញុំអ្នកខុស ខ្ញុំមិនគោរពតាមការសន្យា​របស់​គាត់ ទោះជាយ៉ាងណា មិនថោកអីនឹងលួងមនុស្សខ្លួនឯងស្រលាញ់ទេ វាគឺជាការផ្ដល់តម្លៃទៅ​ឲ្យគាត់វិញ​ទេ…»។

ថុល សុភិទិ បានសរសេរបន្ថែមទៀតថា «ផុសទាំងព្រឹក ក្រែងលោអូនឃើញសំណេរបង អូនត្រជាក់ចិត្តខ្លះ»។យ៉ាងណា ប្រហែលជាមិនទទួលបានការឆ្លើយតបជាវិជ្ជមានពីនារីជាសង្សារ ទើបនៅថ្ងៃដដែលនោះ ថុល សុភិទិ បានសរសេរបន្ថែមថា «បណ្ដោយតាមពេលវេលា បណ្ដែតតាមព្រេងវាសនាចុះ ខ្ញុំចុះចាញ់គ្រប់យ៉ាង Long Manin»។

ជុំវិញការប្រកាសមិនលើកលែងឲ្យបុរសជាសង្សារខាងលើនេះ ក៏ដូចជាការផ្ញើសារទទួលស្គាល់កំហុស និងលួង​លោមសុំការអត់ឱនពីតារាចម្រៀង ថុល សុភិទិ ខាងលើនេះ «នគរធំ» មិនអាចសុំការបញ្ជាក់ ឆ្លើយតបពីអ្នកនាង ឡុង ម៉ានីន បានទេ កាលពីល្ងាចម្សិលមិញ ។

ប៉ុន្តែនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ស្រីស្អាតរូបនេះ បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់ខ្លួនថា នៅម៉ោង ៧យប់ នាងនឹងបកស្រាយរឿងនេះ ជាលើកចុងក្រោយ ឆ្លើយតបទៅអ្នកដែលមិនដឹងរឿងអីចេះ​តែ​បញ្ចេញមតិមិនសមទំនងថា នាងមេម៉ាយសោះ ប្រកាន់ច្រើនម៉្លេះ គេសម្តែងសោះ ខឹងដែរ បើអ៊ីចឹងយកសង្សារ​តារាធ្វើអី? និងអ្នកខ្លះថា នាងលក់ឡេស្ងាត់ មិនសូវដាច់ ខំសម្តែង ទាក់ទាញការចាប់អារម្មណ៍។

អ្នកនាងឡុង ម៉ានីន បានបញ្ជាក់ថា «ដោយសារឡាយយប់មិញផ្ទុះ View ពេក ពេលបិទឡាយ700k ខ្ញុំក៏លុបទៅ ព្រោះទម្លាប់តាំងពីដើម អត់ចេះសម្តែងយក View លក់ផលិតផលទេ តែពេលលុប មានអ្នកមួយចំនួនតូច មិនដឹង នៅតែតាមខំមិនថា មេម៉ាយសោះ ប្រកាន់ច្រើនម៉េះ គេសម្តែងសោះ ខឹងដែរ យកសង្សារតារាធ្វើអី? លក់ឡេ​ស្ងាត់ ខំសម្តែង…. យប់នេះ ម៉ោង ៧យប់ ខ្ញុំបកស្រាយលើកចុងក្រោយ ចូលស្តាប់ផង កុំឲ្យមិនដឹងអី ចេះតែ​ខំមិន​»។

នៅល្ងាចថ្ងៃដដែលនោះ នារីជាសង្សាររបស់ថុល សុភិទិ បានបញ្ជាក់បន្ថែមថា សម្រាប់នាង ចំពោះសុភិទិ ចិត្តនៅ​ស្រឡាញ់ តែ១% ទេ ឯចិត្តក្តៅ ៩៩% គឺក្តៅដូចបាយពុះ មិនអភ័យទោសឲ្យអ្នកដែលសន្យាជាមួយនាងហើយ ធ្វើមិន​បាននោះទេ។

ដោយឡែក កញ្ញាអ៊ីងអ៊ីង ដែលជាតួសម្តែងថើបបឺតមាត់ជាមួយថុល សុភិទិ បានបញ្ជាក់ថា រឿងនេះ អ្នកយល់ គេនឹងយល់ អ្នកមិនយល់ នៅតែមិនយល់ ទោះនិយាយដល់ស្លាប់ ក៏គ្មានបានអ្វីមកវិញដែរ។ នាងបញ្ជាក់ថា គ្រប់យ៉ាង គឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែង។ បើថតកុន មិនមានឆាកស្នេហា ឱបថើបអីទេ មិនបាច់ថត​កុនម៉ងទៅ។ សំខាន់នៅតែជាមនុស្សស្មោះសរ ការស្រលាញ់ គឺការជឿជាក់ បើគេចង់ថើបគ្នាពិតមែន ឬក្បត់នោះ គេមិនបង្ហាញ វីដេអូជាសាធារណ:នោះទេ។ អ្នកណាយល់ពីគ្នា គេនឹងនៅតែស្រលាញ់រាប់អានគ្នា បើអ្នកមិន​យោគយល់ មិនយល់ មានតែបាក់បែក។

កញ្ញាអ៊ីង អ៊ីង បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ថា «អ្នកយល់ គេនឹងយល់ អ្នកមិនយល់ នៅតែមិនយល់ ទោះនិយាយដល់ស្លាប់ ក៏គ្មានបានអ្វីមកវិញដែរ។ គ្រប់យ៉ាងគឺ​ដើម្បី​ការងារ វាគ្រាន់តែជាការសម្ដែង។ បើថតកុន មិនមាន sence ស្នេហា sence sweet ថើបអីទេ មិនបាច់ថតកុន​ម៉ងទៅ! សំខាន់នៅតែជាមនុស្សស្មោះសរ ការស្រលាញ់ គឺការជឿជាក់ បើគេចង់ថើបគ្នាពិតមែន ឬក្បត់នោះ គេមិនបង្ហាញ video public នោះទេ។

អ្នកណាយល់ពីគ្នា គេនឹងនៅតែស្រលាញ់រាប់អានគ្នា បើអ្នកមិនយោគយល់ មិនយល់ មានតែបាក់បែក។ខ្ញុំខំ​ធ្វើការថតទាំងគ្មានពេលគេងគ្រប់គ្រាន់ ១ថ្ងៃ គេងបានតែ៤ម៉ោង ព្រោះចង់បានការងារគុណភាពនិងល្អ។ សួរថាហត់ទេ? គឺហត់ខ្លាំងណាស់ សឹងតែគ្មានពេលគេង។ ការងារមួយៗមិនស្រួលទេណា។ សូមគិត​ក្នុងផ្លូវ​វិជ្ជមាន គ្រប់យ៉ាងជាសិល្បៈ ជាការងារ ជាការសម្ដែងណា។ សូមអរគុណគ្រប់គ្នា អ្នកដែលយល់»៕ ខៀវទុំ

RELATED ARTICLES