Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៥នាក់ ពាក់ព័ន្ធលាងលុយខ្មៅជាង១លានដុល្លារ

វ៉ៃខ្នោះ៥នាក់ ពាក់ព័ន្ធលាងលុយខ្មៅជាង១លានដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាប និងចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១លាន ៣សែនដុល្លារ ក្រោមរូបភាពនៃ ការប្រព្រឹត្តបទល្មើស ក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ ហើយធ្វើការបម្លែងដោយផ្ទេរប្រាក់ចេញទៅវិញ តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency)។

យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្របសម្រួល ពី លោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានបានបើកការ ស្រាវជ្រាវបង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១ ៣០០ ០០០ដុល្លារ នៅក្នុងនោះ សមត្ថកិច្ចបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែរ។ រូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួល ប្រាក់ ហើយធ្វើការបម្លែងដោយផ្ទេរប្រាក់ចេញទៅវិញ តាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិក(Cryptocurrency)។

ករណីនេះបានប្រព្រឹត្តឡើងដោយឧក្រិដ្ឋជនមួយក្រុម មានបណ្តាញនៅក្នុងនិងក្រៅប្រទេស បានធ្វើសកម្មភាព អូសទាញជនសង្ស័យតាមបណ្តាញទំនាក់ទំនងសង្គម ឱ្យចូលជាបក្ខពួកដើម្បីធ្វើសកម្មភាពដូចខាងលើ។ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យ៥នាក់ ត្រូវបាន នាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលនិងដកប្រាក់ ដែលពុំ មានប្រភពច្បាស់លាស់ ដោយបានឬមិនបានទទួលផលប្រយោជន៍ក៏ដោយ ព្រោះការទទួលប្រាក់ដោយ គ្មានប្រភពច្បាស់លាស់ នឹងអាចធ្វើឱ្យខ្លួនក្លាយជាសហចារីនៃបទល្មើស។ ចំពោះរូបបិយប័ណ្ណអេឡិចត្រូចនិក (Cryptocurrency) ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរួចហើយថា ពុំត្រូវបានទទួលស្គាល់ តាមផ្លូវច្បាប់នោះទេ។ សម្រាប់គណនីធនាគារ សូមកុំឱ្យអ្នកដទៃខ្ចីគ្រប់គ្រងនិងប្រើប្រាស់ ព្រោះអាចជាការ ចូលរួមប្រព្រឹត្ត ឬទទួលផលនៃបទល្មើសជាយថាហេតុ ហើយទង្វើនេះ សាមីខ្លួននឹងទទួលខុស ត្រូវចំពោះ មុខច្បាប់៕

RELATED ARTICLES