ដោយ អាចារ្យថាំ
បរមងារ ខ្ពស់ជាងគោរមងារ ដែលកម្រមានឥស្សរជនណាយកបាន ខណៈដែលរបបរាជានិយមបច្ចុប្បន្ន សម្បូរធនធាន– មនុស្ស បណ្ឌិតបញ្ញវន្ត។ ករណីមានព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ឱ្យឡើងជា “សម្តេច” កំពុង មានភាពចម្រូងចម្រាស ពេញបណ្តាញសង្គម ប៉ុន្តែ “ទាញមិនឈ្នះទៅ” គួរទុកឱ្យអ្វីៗមានដំណើរការទៅមុខ ល្អជាងជំទាស់ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “បរមងារសម្តេច” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
ព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា–ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហប្ញទ័យ តែងតាំងប្រធានរដ្ឋសភា នីតិកាលទី៧ ជា “សម្តេចមហារដ្ឋសភា– ធិការធិបតីឃួន សុដារី” និងតែងតាំងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា “សម្តេចមហាបវរធិបតី”។
គ្រាន់តែព្រះរាជក្រឹត្យចេញភ្លាម ស្រាប់តែមានការរិះគន់ព្រោងព្រាតតាមបណ្តាញសង្គម ពីនិន្នាការប្រឆាំង ដែលសូម្បីតែ អ្នកគាំទ្របក្សកាន់អំណាច ក៏មានជំទាស់ខ្លះដែរ ប៉ុន្តែសម្រាប់ “នគរធំ” អត់ជំទាស់អ្វីទេ សំខាន់ឱ្យតែអ្នកដឹកនាំប្រទេស “គិត ប្រយោជន៍ជាតិ” កុំបាន “បរមងារ” ហើយ មិនសូវស្ទុះ ក៏មិនសមដែរ។
ពាក្យថា “បរមងារ” មានន័យថា ងារខ្ពង់ខ្ពស់បំផុត ខុសពី “គោរមងារ” ដែលហៅបានជាទូទៅ សម្រាប់មន្ត្រីរាជការ ជាន់ក្រោម។ បើយោងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ តាំងពីសម័យអង្គរ ក៏មានការតែងតាំង “បរមងារ” បែបនេះដែរ ដូចពាក្យថា “វ្រះកម្រតេងអញ, សម្តេចចៅហ៊្វាទឡ្ហៈ, សម្តេចអគ្គមហាសេនា” គឺសំដៅដល់នាយករដ្ឋមន្ត្រី។ មានពាក្យ “ម្រតេងខ្លោញសភាបតី” បើពិនិត្យពាក្យ “សភា” មានន័យថា ជាមេខ្លោងគ្រប់គ្រងរដ្ឋសភា នៅសម័យអង្គរ ប៉ុន្តែកាលនោះ “អត់ទាន់មានរដ្ឋសភា ដែលបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ទើបអ្នកប្រាជ្ញអក្សរសាស្ត្រ និងសិលាចារឹកវិទ្យា បកប្រែ បរមងារខ្លោញសភាបតី” ថាជា “ប្រធានតុលាការ” ទៅវិញ។
បរមងារ “សម្តេចមហារដ្ឋសភាធិការធិបតី” ជាបរមងារទើបបង្កើតថ្មីសុទ្ធសាធ មានន័យថា អ្នកដឹកនាំរដ្ឋសភាដ៏ធំ ត្រូវ បំពាក់ជូនសម្តេចឃួន សុដារី ដែលមិនធ្លាប់មានពីបុរាណ ប៉ុន្តែអ្នករិះគន់ គេថាអីថាទៅ ធ្វើម៉េច “អ្វីដែលថ្មីអ៊ីចឹងហើយ”។
ដោយឡែក បរមងារនាយករដ្ឋមន្ត្រី “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត” ឃើញមានការបង្គាប់ថែមថា សម្រាប់ មន្ត្រីរដ្ឋបាល អាចហៅឱ្យពេញ ឬហៅកាត់ត្រឹម “សម្តេចធិបតី” ក៏បាន ប៉ុន្តែក៏មានការរិះគន់ថា ការប្រើពាក្យមិនត្រឹមត្រូវ តាមជំនាញសូរក្នុងភាសាបាលី គឺ “បវរ+ អធិបតី = បវរាធិបតី” ទើបត្រូវ ប៉ុន្តែគេចោទថា អ្នកសរសេរព្រះរាជក្រឹត្យ អត់ ចេះបាលី សូម្បីតែពាក្យថា “លទ្ធិ” ក៏ខុសដែរ បែរជាសរសេរថា “លិទ្ធ” ទៅវិញ។
កំហុសរបស់អ្នកសរសេរបែបប្រញាប់ប្រញាល់ពេក ទើបមានខុស ប៉ុន្តែបើយកពាក្យ “បវរ” មកពិនិត្យឃើញថា មិនខុស ពីបុរាណនោះទេ។ បវរ មានចារទុកក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ប្រសើរលើសលែង ថ្លៃថ្លា ធម៌ដ៏បវរ ទ្រព្យដ៏បវរ។ ខ្មែរយើងច្រើនប្រើពាក្យនេះ រួមបញ្ចូលបទសមាស ភ្ជាប់ជាមួយនឹងសព្ទឯទៀត ប្រើជាឋានន្តរ សម្រាប់មន្ត្រី ដូចជា បវរសង្គ្រាម បវរលិខិត បវរអក្ខរា បវរស្នេហា ជាដើម។
គោរមងារ “បវរ” ពីបុរាណ សម្រាប់ប្រគល់ជូនមេកង មេពលណាដែលខ្លាំងក្នុងសង្គ្រាម ឱ្យឡើងស័ក្តិផ្លោះថ្នាក់។ ដូចធ្លាប់ជា “ម៉ឺន” ស័ក្តិ១ហ៊ូពាន់ ស្រាប់តែឡើងបុណ្យស័ក្តិដល់ស័ក្តិ៧–៨ហ៊ូពាន់ តែម្តង ព្រោះតែមេកងនោះខ្លាំងពូកែ។ ដូច្នេះ ភាពខ្លាំងក្នុងការធ្វើសង្គ្រាម កាប់មិនមុត ដុតមិនឆេះ បាញ់មិនត្រូវនេះឯង ជាប្រភព នៃពាក្យថា “បវរសង្គ្រាម”។ ចំណែក កវីបណ្ឌិតខ្លាំងៗ គ្មានគូប្រដូច ត្រូវឡើងគោរមងារជា “បវរលិខិត បវរអក្ខរា” នេះជាខ្លឹមសារនៃពាក្យថា “បវរ” នៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការ ពុំមែនសំដៅតែ “បវរកញ្ញា”នោះទេ។
ចំពោះការរិះគន់ថា “សម្តេចមហាបវរធិបតី” គួរសរសេរថា “បវរាធិបតី” តាមទំនាញសូរបទសន្ធិក្នុងភាសាបាលីនោះ បើពិចារណាទៅ ពីបុរាណគ្មានពាក្យថា “បវរា” នេះទេ គឺមានតែ “បវរ” ចំណែកពាក្យ “អធិបតី” ខ្មែរយើងច្រើនហៅកាត់ អក្សរ អ ខាងដើមចេញ នៅត្រឹម “ធិបតី” ឧទាហរណ៍ “ភ្នំធិបតី” នៅខេត្តបាត់ដំបង ជាដើម។ ដូច្នេះ គេអាចសរសេរថា “បវរធិបតី” ក៏បាន ឱ្យស្របទៅតាមបុរាណ ដែលគ្មាន “បវរា” សម្រាប់ដាក់ជាបរមងារនាយករដ្ឋមន្ត្រី ប៉ុន្តែ ពាក្យនេះ បង្កើតថ្មីសុទ្ធសាធ ដូចបរមងារប្រធានរដ្ឋសភាដែរ។
យើងឃើញ “សម្តេចបវរសេដ្ឋាធិបតី សឺន សាន” ក៏បានយកពាក្យ “បវរ” មកដាក់ដែរ សំដៅដល់អ្នកសេដ្ឋកិច្ចកំពូល ជាទេសាភិបាលធនាគារជាតិ នៅសម័យសង្គមរាស្ត្រនិយម ដែលមានសមត្ថភាព ធ្វើឱ្យតម្លៃប្រាក់រៀល មិនរងអតិផរណា។ លោកតាសឺន សាន គេហៅតាមបរមងារកាត់ឱ្យខ្លីថា “សម្តេចបវរសឺន សាន” ដូច្នេះសម្តេចនាយករដ្ឋមន្ត្រី ទើបឡើងនេះ ក៏អាចហៅ “សម្តេចបវរម៉ាណែត” បានដែរ បើគេភ្លេច ឬមិនចង់ប្រើពាក្យខុសទំនាញសូរបាលី បូកគ្នារវាងបវរ + អធិបតី។
តាមការកត់សម្គាល់សម្រាប់បច្ចុប្បន្នភាព បើស្វាមីឡើងសម្តេច ភរិយាដែលធ្លាប់មានងារជាជំទាវ ក៏ឡើងជាសម្តេច ដែរ ដូច “សម្តេចប៊ុន រ៉ានី ហ៊ុន សែន សម្តេចសៅទី ហេង សំរិន” ជាដើម ដូច្នេះ អាចថាលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អាចនឹងឡើងបរមងារ “សម្តេច” តាមស្វាមី ស្របទៅតាមសុភាសិតថា “ឧកញ៉ាឡើងបុណ្យ ខុនឡើងស័ក្តិ” ពោលគឺឧកញ៉ា បានឡើងជាសម្តេច រីឯ “ខុនណាង” ក៏ឡើងតាមគ្នា ប៉ុន្តែបរមងារសម្តេច ជាស្ត្រីភេទ សម្រាប់តែព្រះរាជវង្សានុវង្សប៉ុណ្ណោះ ដូចសម្តេចព្រះរាជកនិដ្ឋា រស្មីសោភ័ណ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី សម្តេចព្រះអនុជ នរោត្តម អរុណរស្មី។ ទោះយ៉ាងណា សង្គមបច្ចុប្បន្ន អ្វីៗបង្កើតថ្មី ក៏អាចយកបរមងារ សម្តេច មកប្រគល់ជូនភរិយានាយករដ្ឋមន្ត្រី បាន។
ទោះយ៉ាងណា ពាក្យឃ្លោងឃ្លាបុរាណថា “វត្តមួយសង្គ្រាជពីរ ទីមិនស្អាត លោកធាតុមួយ មានព្រះអាទិត្យបី នគរមួយ ស្តេចច្រើនអធិបតី អ្នកប្រាជ្ញគប្បីដឹងដោយឧបមា” ទើបយើងឃើញភាពចម្រូងចម្រាស រិះគន់ ជំទាស់រញ៉េរញ៉ៃពេញហ្វេស–ប៊ុក ខណៈដែលមានការតែងតាំងបរមងារសម្តេច បន្ថែម ចាស់ទុំក្នុងបក្សកាន់អំណាចដែលបានឡើងសម្តេច ពីមុន។ ធម្មតា ការរិះគន់ តែងមានជាធម្មតា សូម្បីតែមនុស្សក្នុងបក្សជាមួយគ្នា ក៏ជំទាស់ដែរ ដូច្នេះបើសមត្ថកិច្ចតាមដានចាប់ខ្លួនអ្នករិះគន់ ទាំងនោះ ប៉ះតែគ្នាឯង នាំឱ្យមានការបែកបាក់ជាតិ ព្រោះគេចោទថា “ស្រុកខ្មែរ ស្តេចច្រើនពេក”។
សរុបទៅ “បរមងារសម្តេច” បើគិតតាមបុរាណ ទាល់តែចាស់ទុំ សក់សព្រោង ទើបបានបរមងារនេះ ប៉ុន្តែ បច្ចុប្បន្នអ្វីៗ សុទ្ធតែបង្កើតថ្មី យោងទៅតាមរបត់នយោបាយ។ សង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និង ស្ថាប័ននីតិប្រតិបត្តិ ដែលទើប ទទួលបានបរមងារ “សម្តេច” នឹងធ្វើការបម្រើជាតិ និងប្រជាជន រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍតទៅ…៕