ភ្នំពេញ៖នៅចុងឆ្នាំ២០២៣ (ឆ្នាំថោះ)នេះមានតារា៣ដួង ដែលស្រេចបំណងធំតាមរយៈការពពោះតាមក្ដីប្រាថ្នានោះគឺឱក សុគន្ធកញ្ញា ,ស៊ឹម សូលិកា និងគង់ ច័ន្ទរដ្ឋា ។ប៉ុន្ដែក៍មានតារាមួយចំនួនទៀតកំពុងបន់ស្រន់ចង់បានកូនង៉ា តែបែជាអត់បានដូចចិត្តទើបមានតែការព្យាយាមតទៅទៀតបើមិនចង់ឲ្យបរាជ័យ។
១៖មាស សុខសោភាៈអតីតតារារាម រូបនេះចង់បានកូនខ្លាំងព្រោះមានពេលខ្លះនាងបានហៅយុវវជនម្នាក់ឈ្មោះBovee Hundley ថាកូនៗទៀតផង បើទោះជាអ្នកស្និតនាងបង្ហើបថាយុវវជនរូបនោះជាក្មួយនាងក្ដី។សុខសោភា ចង់បំពេញបំណងម្ដាយដែលចង់បានចៅពរ ប៉ុន្ដែបើនាងនៅតែមិនហ៊ានរៀបការជាសាធារណៈទេ នោះការពពោះកូនដំបូងនឹងទទួលរងការរិះគន់ជាមិនខានបើទោះជានាងធ្លាប់រៀបការដោយលាក់លៀមចំនួន២ដងគឺកាលពីឆ្នាំ២០០៨ និង២០០៩ ក្ដី។ចំណងស្នេហាសុខសោភា និងអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា រក្សារបាន១៦ឆ្នាំ(២០០៧-២០២៣)មកហើយគឺគ្មានការរង្គោះរង្គើរម្ដងណាទេ ហើយថ្មីៗនេះសុខសោភា បានផលិតចម្រៀងសរសើរពីគុណសម្បត្តិប្ដីនិងនាំលោករ៉ាដា មកថតMV ជាមួយនាងទៀតផង។សុខសោភា ទទួលស្គាល់ថានៅពេលដែលនាងមានអាយុច្រើនបន្ដិចនេះរឿងយកកូនគឺពិតជាពិបាកមែន។
២៖សុគន្ធ និសាៈអ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា បានរៀបការប្ដីជិត៦ឆ្នាំហើយ ប៉ុន្ដែរឿងពពោះយកកូនដំបូងនៅតែសូន្យ ខណៈដែលពេលនេះនាងនិងស្វាមីលោកចៅ សម្បត្តិ កំពុងដើរកម្សាន្ដនៅទឹកដីអាមេរិករយៈពេលខ្លី ហើយFan ជាច្រើនបានជូនពរឲ្យនាងបានសម្រេចបំណងធំគឺការពពោះកូនទី១នេះ បន្ទាប់ពីនិសា បានខកចិត្ត២លើកមកហើយពោលគឺកាលពីឆ្នាំ២០២១ និង២០២២ នាងតាំងចិត្តយកកូនតែអត់បានសម្រេចបើទោះជាកាលពីចុងឆ្នាំ២០២២ នាងធ្លាប់ចេញចូលមន្ទីសម្ភពមួយជាញឹកញាប់ក្ដី តែលទ្ធផលនាងថាអត់អាលីង ឬស្មើសូន្យ។និសា ថាក្រុមគ្រួសារនាងទាំងសងខាងបានជម្រុញឲ្យនាងយកកូនតាំងពីក្រោយរៀបការហើយភ្លាមៗម្លេះ តែនាងនិងប្ដីចង់បានកូនតាមគម្រោងហេតុនេះហើយបានជាពន្យារហូតមកដល់បច្ចុប្បន្ន ហើយពេលចង់បានបែជាមិនដូចចិត្តទៅវិញ។
៣៖ផូ មុនីពៅៈអតីតពិធីការិនីCTN រូបនេះបានវិលពីដំណើរកម្សាន្ដនៅអ៊ឺរ៉ុបជាមួយស្វាមីនិងកូនប្រុសហើយមកដល់ខ្មែរកាលពីពេលថ្មីៗនេះ ខណៈដែលស្វាមីនាងលោកលោក Eric Boissoneau ត្រៀមទៅបម្រើការអាណត្តិថ្មីនៅស្ថានទូតបារាំងប្រចាំនៅវៀតណាម ក្រោយចប់អាណត្តិចាស់នៅទូតបារាំងប្រចាំប្រទេសអូស្រា្ដលី។មុនីពៅ សប្បាយចិត្តខ្លាំងណាស់ដែលស្វាមីជាប់មកបំពេញការងារនៅស្ថានទូតបារាំងប្រចាំវៀតណាមនេះ ព្រោះងាយស្រួលនាងបានចេញចូលមកខ្មែរដើម្បីបានជួបឪពុកម្ដាយញឹកញាប់ជាងមុន។ប៉ុន្ដែមុនីពៅ នៅមិនទាន់សម្រេចបំណងធំមួយទៀតនោះគឺនាងចង់បានកូនទី២ អត់ទាន់បានដូចចិត្ត ខណៈដែលកូនប្រុសទី១របស់នាងឈ្មោះAlexis Boissoneau មានអាយុជិត៦ឆ្នាំហើយ ក្រោយនាងរៀបការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ ។
៤៖គង់ សុជាតិៈ ពិធីការិនីជើងចាស់រូបនេះមានកូនសរុប៣នាក់(ស្រី២) ក្នុងនោះកូនជាមួយស្វាមីមុន២នាក់ ខណៈកូនជាមួយប្ដីក្រោយគឺលោកជា វិបុល មានតែម្នាក់គត់ឈ្មោះដូរី អាយុជិត៧ឆ្នាំ ក្រោយអ្នកទាំងពីរបានរៀបការជាមួយគ្នាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ពោលគឺចំណងស្នេហារក្សារបានជិត១០ឆ្នាំហើយ។សុជាតិ ធ្លាប់ប្រាប់ថាស្វាមីនាងលោកវិបុល ចង់ឲ្យនាងបង្កើតកូនប្រុសភ្លោះ ប៉ុន្ដែដោយសារតែនាងមានអាយុច្រើនបន្ដិចហើយដែរហេតុនេះមិនទាន់ធានានោះទេ ព្រោះត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន។តែគេកត់សម្គាល់ថារយៈពេលជាង៣ឆ្នាំហើយដែលតាំងពីលោកវិបុល រំអុកចង់បានកូនភ្លោះដំបូងរហូតមកដល់ពេលនេះសុជាតិ នៅតែមិនឃើញពពោះសោះ ហេតុនេះការសង្ឃឹមរឿងយកកូនម្ដងឲ្យបាន២នោះនៅឆ្ងាយពីដៃបន្ដិច។
៥៖សារ៉ាយ សក្ខណាៈតារាកូន២រូបនេះបានចេញទៅរស់នៅសហរដ្ឋអាមេរិកតាមស្វាមីនាងលោកមេធាវីប៊ុន កែវមេត្រី រយៈពេលជាង១០ឆ្នាំ មកហើយ ទើបតែពេលនេះនាងបាននាំស្វាមីនិងកូនៗមកនៅខ្មែរច្រើនជាងអាមេរិក ព្រោះមានហាងកែសម្ផស្សធំមួយនៅទួលគោក។សក្ខណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់បានកូនភ្លោះ ព្រោះមិនចង់បង្កើតច្រើនដង តែបើមិនបានដូចចិត្តក៍មិនតូចចិត្តថ្លើមដែរ ព្រោះថាបាន២នាក់រួចហើយ។អំឡុងពេលមិនទាន់ពពោះនេះសក្ខណា បានទទួលថតភាពយន្ដ និងស្ពត រួមទាំងខារ៉ាអូខេឡើងវិញដែលនេះជាសញ្ញាថានាងមករស់នៅខ្មែរវិញ ខណៈដែលស្វាមីនាងនៅចុះឡើងៗពីខ្មែរទៅអាមេរិក ៕