Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកហូតឡានមេតុទីន លក់ឡៃឡុង សងបំណុល កូនតុងទីន

ដកហូតឡានមេតុទីន លក់ឡៃឡុង សងបំណុល កូនតុងទីន

ភ្នំពេញ ៖ ស្ត្រីជាមេតុងទីនអនឡាញម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចុះអនុវត្តសាលក្រម ដកហូតរថយន្តស៊េរីទំនើប ១គ្រឿង លក់ឡៃឡុង ក្រោយរងពាក្យបណ្តឹងរបស់កូនតុងទីន ។

ស្ត្រីមេតុងទីន ឈ្មោះ ជា នីតា ស្នាក់នៅផ្ទះលេខ 35B ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបាន អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចុះអនុវត្តសាលក្រមដកហូតរថយន្តទំនើប ១គ្រឿង លក់ឡៃ ឡុង ដើម្បីសងបំណុលកូនតុងទីន។

ការអនុវត្តដកហូតរថយន្តទំនើប ១គ្រឿង ម៉ាក KAI CANIVAL ពណ៌ស ពាក់ស្លាកលេខ កម្ពុជា ELLA 789 ដើម្បី លក់ឡៃឡុង សម្រាប់ទូទាត់កាតព្វកិច្ចទៅឱ្យម្ចាស់បំណុលនៃការអនុវត្ត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្ទះរបស់ស្ត្រីជាមេតុងទីន ឈ្មោះ ជា នីតា។

យោងតាមសាលក្រមរដ្ឋប្បវេណី លេខ ៤២៧ គ១- ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានី ភ្នំពេញ បានឱ្យដឹងថា អង្គហេតុ និងចំណុចវិវាទ ក)-ខ្លឹមសារនៃសាលក្រម ដែលដើមចោទទាមទារឱ្យតុលាការ ចេញ ៖ ១-ប្តឹងសុំទាមទារប្រាក់ចំនួន ៩៩០០ដុល្លារ។ ២-ប្តឹងសុំបង្គាប់ឱ្យចុងចម្លើយសងសំណងខូចខាត និងសេវា មេធាវីចំនួន ៥០០០ដុល្លារ។ ៣-ប្តឹងសុំឱ្យតុលាការប្រកាសអនុវត្តជាបណ្តោះអាសន្ន នូវសាលក្រម ត្រង់ចំណុចទី១ និងទី២។ ៤-បង្គាប់ឱ្យចុងចម្លើយទទួលបន្ទុកប្រាក់ប្រដាប់ក្តី។ ឃ)-ការពន្យល់ត្រួសៗអំពីរឿងក្តី ៖ តាមពាក្យ បណ្តឹង ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ របស់ដើមចោទ បានបញ្ជាក់ថា ឈ្មោះ ជា នីតា ជាមេតុងទីនរបស់ខ្លួន។ ខ្លួនចាប់ផ្តើមលេងតុងទីន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដោយមួយខែ ដេញចំនួន២ដង ហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ ឈ.ម.ន បានដេញតុងទីន បានចំនួន ៩៩០០ដុល្លារ ប៉ុន្តែឈ្មោះ ជា នីតា មិនព្រម ប្រគល់ប្រាក់ឱ្យគ្រប់ចំនួននោះទេ រហូតដល់បច្ចុប្បន្ន។

តាមសាលក្រមខាងលើ បានបញ្ជាក់ថា សំអាងហេតុផ្អែកតាមលទ្ធផលនៃការពិនិត្យលើកាអះអាងរបស់គូភាគី និងពិនិត្យភ័ស្តុតាង នាពេលទាញហេតុផលដោយផ្ទាល់មាត់ តុលាការយល់ឃើញថា ១-តាមឯកសារ លេងតុង ទីន ក្បាល ៣០០ដុល្លារ តុលាការពិនិត្យឃើញថា ភាគីដើមចោទ និងភាគីចុងចម្លើយ ពិតជាបានព្រមព្រៀងគ្នា លេងតុងទីន ជាមួយគ្នាមែន។ ដើមចោទទាមទារប្រាក់ចំនួន ៩៩០០ដុល្លារ ព្រោះថា ខ្លួនបានដេញតុងទីនក្បាល ៣០០ដុល្លារ ទាំងពីរក្បាល បានប្រាក់ ៩៩០០ដុល្លារ តែចុងចម្លើយឈ្មោះ ជា នីតា ដែលជាមេតុងទីនមិនបាន ប្រគល់ប្រាក់ឱ្យខ្លួនគ្រប់ចំនួនទេ គឺពន្យារពេល និងដោះសារហូត។ ដោយមានការយឺតយ៉ាវ ទើបខ្លួនប្តឹងទាម ទារប្រាក់ចំនួន ៩៩០០ដុល្លារនេះ។

២-តាមការពិនិត្យភ័ស្តុតាង និងការអះអាងរបស់ភាគីដើមចោទ និងភាគីចុងចម្លើយ តុលាការពិនិត្យឃើញថា ចុងចម្លើយឈ្មោះ ជា នីតា ពិតជាមិនបានប្រគល់ប្រាក់ ៩៩០០ដុល្លារ ឱ្យទៅភាគីដើមចោទមែន។ ប៉ុន្តែភាគីចុងចម្លើយ បានអះអាងថា ខ្លួនមិនបានបង់ប្រាក់ចំនួន ៩៩០០ដុល្លារ ព្រោះដើមចោទ នៅខ្វះប្រាក់ដែល មិនទាន់បានបង់ឱ្យមេតុងទីន បន្ទាប់ពីដេញតុងទីនរបស់ខ្លួនងាប់អស់ ទើបមេតុងទីនកាត់ប្រាក់ដេញបាន ចំនួន ៩៩០០ដុល្លារ នៅសល់ ៤៦៣០ដុល្លារ។ ហើយភាគីដើមចោទ ក៏ធ្លាប់បានអះអាងថា បើចុងចម្លើយសងខ្លួនចំនួន ៤៦៣០ដុល្លារ ខ្លួនសុខចិត្តយកនិងដកពាក្យបណ្តឹងលើរឿងនេះ ដោយមិនចង់វែងឆ្ងាយ នៅពេល ដែលដើម បណ្តឹងព្រមទទួលយកប្រាក់ ៤៦៣០ដុល្លារ បែជាឈ្មោះ ជា នីតា មិនព្រមប្រគល់ឱ្យនោះទេ ហើយថែមទាំង គេចខ្លួនមកដល់ថ្ងៃនេះ។ ដូចនេះតុលាការ គប្បីសម្រេចតាមភាពជាក់ស្តែង និងតាមការទទួលស្គាល់ របស់ ភាគីចុងចម្លើយ។

៣-ដើមចោទទាមទារសុំប្រកាសសាលក្រមអនុវត្តជាបណ្តោះអាសន្ន ត្រង់ចំណុចទី១ និងទី២ តុលាការសម្រេច ទទួលស្គាល់តែលើប្រាក់ចំនួន ៤៦៣០ដុល្លារ ដូចនេះការសុំអនុវត្តឱ្យប្រកាសអនុវត្តជាបណ្តោះអាសន្ន គប្បីតុលា ការសម្រេច អនុញ្ញាតតែលើចំណុចទី១ ប្រាក់ចំនួន ៤៦៣០ដុល្លារ ប៉ុណ្ណោះ តាមមាត្រា ១៩៦ នៃក្រមនីតិវិធីរដ្ឋប្ប វណី។ ដោយឡែកការទាមទារចំណុចទី២ ត្រូវច្រានចោល។

ក្រោយពីសមត្ថកិច្ច រួមនិងអាជ្ញាសាលាបានចុះអនុវត្តសាលក្រម នៅគេហដ្ឋានរបស់មេតុងទីន អនឡាញ ឈ្មោះ ជា នីតា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ភាគីស្ត្រីឈ្មោះ ជា នីតា មិនព្រមឱ្យសមត្ថកិច្ចធ្វើការដកហូត រថយន្ត របស់ខ្លួននោះទេ ដោយមានការប្រកែកតវ៉ាជាមួយមេធាវីតំណាងដោយអាណត្តិដើមបណ្តឹង ជាច្រើនម៉ោង និង បានពន្យល់ផ្លូវច្បាប់ជាច្រើនទៅមេតុងទីនអនឡាញរូបនោះ ទើបស្ត្រីខាងលើ សម្រេចចិត្តរកប្រាក់ចំនួនជាង ៤ពាន់ដុល្លារ សងឱ្យកូនតុងទីន (ដើមបណ្តឹង) វិញ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES