Sunday, November 24, 2024
Homeនយោបាយគ.ជ.ប សម្រេច​មិន​លុប​ឈ្មោះ​២០០នាក់ ពីបញ្ជី​បោះ​ឆ្នោត

គ.ជ.ប សម្រេច​មិន​លុប​ឈ្មោះ​២០០នាក់ ពីបញ្ជី​បោះ​ឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឱ្យដឹងថា គ.ជ.ប សម្រេចរក្សាទុក (មិនលុប) ឈ្មោះ អ្នក​បោះឆ្នោតចំនួនសរុប២០០នាក់ ចេញពី បញ្ជីបោះឆ្នោតដំបូងនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប លេខ០០៩ គ.ជ.ប/អគ្គ/ប្រ.ក.ព ចេញផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មានខ្លឹម​សារ​​ទាំងស្រុងថា “នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨ៈ៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការសាធារណៈលើពាក្យបណ្តឹង ចំនួន១៦ ៖ លេខ០៧០, ០៧១, ០៧២, ០៧៣, ០៧៤, ០៧៥, ០៧៦, ០៧៧, ០៧៨, ០៧៩, ០៨០, ០៨១, ០៨២, ០៨៣, ០៨៤ និង០៨៥ នៅសាលសន្និសីទ គ.ជ.ប។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះដឹកនាំ ដោយឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះឯកឧត្តម អនុប្រធាន គ.ជ.ប និងសមាជិក សមាជិកា នៃគ.ជ.ប ទាំងអស់ ជាសមាជិក ក្រុមប្រឹក្សា ជំនុំជម្រះ។

ក្នុងសវនាការថ្ងៃនេះ មានការជជែក ដេញដោលរវាងភាគីដើមបណ្តឹង ចុងចម្លើយ សាក្សី តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ មេធាវី ដើម​បណ្តឹង និងមេធាវីចុងចម្លើយ ព្រមទាំង សមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

ពាក្យបណ្តឹងទាំង១៦នេះ សុទ្ធតែជាបណ្តឹង ជំទាស់សុំលុបឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត សរុបចំនួន២០០នាក់ ចេញពីបញ្ជីបោះ-​ឆ្នោត។​​​ បណ្តឹងទាំងនោះមាន ៖ មកពីរាជធានីភ្នំពេញ ចំនួន០៥បណ្តឹង ខេត្តកំពង់ស្ពឺចំនួន០៣បណ្តឹង ខេត្តពោធិ៍សាត់ចំនួន០៣បណ្តឹង ខេត្តបាត់ដំបង ចំនួន០៣បណ្តឹង និងខេត្តប៉ៃលិនចំនួន០២ បណ្តឹង។

រហូតដល់ម៉ោង១១ៈ០០នាទីយប់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចរក្សាទុក ឈ្មោះអ្នកបោះឆ្នោតទាំង២០០នាក់ ក្នុងបញ្ជី បោះឆ្នោតដំបូងដដែល។ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ បានប្រកាសបើកផ្លូវឱ្យគ្រប់ភាគី ដែលមិនពេញចិត្តនឹងសេចក្តីសម្រេចនេះ អាច ប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈ ពេល០៥ (ប្រាំ)ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបាន ទទួលទម្រង់សម្រង់សេចក្តីសម្រេច (ទ.១២០៣) នៃក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប។

សម្រង់សេចក្តីសម្រេចទាំងស្រុងរបស់ ក្រុមប្រឹក្សាជំនុំជម្រះ មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.necelect.org.kh៕”

RELATED ARTICLES