Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីម្នាក់ប្តឹងម៉ែក្មេកនិងប្អូនថ្លៃ ព្រួតវ៉ៃ ស្នងការបញ្ជា ឲ្យសមត្ថកិច្ច ចាត់ការ

ស្ត្រីម្នាក់ប្តឹងម៉ែក្មេកនិងប្អូនថ្លៃ ព្រួតវ៉ៃ ស្នងការបញ្ជា ឲ្យសមត្ថកិច្ច ចាត់ការ

ភ្នំពេញ ៖ បន្ទាប់ពីមានស្ត្រីម្នាក់ ប្តឹងស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយស្វែងរកជនសង្ស័យជាអតីតម៉ែក្មេក និងប្អូនថ្លៃស្រី ដែលបានមក វ៉ៃដល់ផ្ទះជួល បណ្តាលឲ្យរបួសពេញផ្ទៃមុខមក លោកស្នងការ ជួន ណារិន្ទ បានដាក់បទបញ្ជាទៅអធិការនគរ បាលខណ្ឌឫស្សីកែវ ស្រាវជ្រាវចាត់ការជាបន្ទាន់។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ថា ក្រោយពីបានទទួលព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះ ចាន់ រតនា រស់នៅភួមិបឹង សាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ  រាជធានីភ្នំពេញ បានសំណូមពរតាមបញ្តាញសារព័ត៌មាន ស្នើសុំ ឲ្យស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទើបកាន់តំណែងថ្មី ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងករណីមានស្រ្តីម្នាក់ដែលជាអតីតម្តាយក្មេក និងបក្ខពួកម្នាក់ទៀត បានសម្រុកចូលដល់ក្នុងផ្ទះជួល និងព្រួតគ្នាវ៉ៃ យ៉ាងអនាធិបតេយ្យ ក្នុងសង្កាត់ប្ញស្សីកែវ នោះមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅអធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ ដើម្បីស្រាវជ្រាវជាបន្ទាន់។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានបទបញ្ជានោះហើយ លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើការ បំភ្លឺ និងបញ្ជាក់ថា ស្រ្តីរងគ្រោះ បានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ រួចហើយ ក្រោយពីពេល កើតហេតុ។

ជាមួយគ្នានោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ក៏បានចេញលិខិតកោះហៅស្រ្តីជាម្តាយក្មេកដើម្បីចូលមកបំភ្លឺ ជុំវិញករណីហិង្សានេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បី ដោះស្រាយ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ ចាន់ រតនា បានបំភ្លឺថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២និង០៦នាទីរសៀល ស្ថិតក្នុងផ្ទះជួល ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រូបនាងកំពុងនៅផ្ទះជាមួយកូនប្រុស ឈ្មោះ ទូ កក្កដា អាយុ ៣ឆ្នាំ ពេលនោះឈ្មោះទ្រុយ ចន្ទ្រា អតីតម្តាយក្មេក និងឈ្មោះ ញ៉ុង សុភាព បានមកផ្ទះនាង ក្នុង បំណងយកកូននាងទៅនៅជាមួយពួកគេ ក្រោយកូនប្រុសរបស់គាត់ បានលែងលះជាមួយស្រ្តីរង គ្រោះរួច ហើយ។ ប៉ុន្តែនាងមិនព្រមឲ្យទៅនៅជាមួយពួកគេ ស្រាប់តែឈ្មោះ ទ្រុយ ចន្រ្ទា ស្ទុះមកវាយលើរូបនាងបណ្តាល ឲ្យមានស្នាមរបួសពេញមុខ និងបានយកជើងធាក់ចុងដង្ហើមនាងទៀតផង។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ នឹងបន្តតាមដានបន្ថែមទៀត ហើយផ្តល់ព័ត៌មាននៅពេលខាងមុខទៀត ក្រោយស្រ្តីជាម្តាយក្មេក ចូលខ្លួនបំភ្លឺ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីម្នាក់ ឈ្មោះ ចាន់ រតនា រស់នៅផ្ទះជួល ក្នុងភូមិបឹងសា ឡាងថ្មី សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយស្វែងរកជនសង្ស័យ ២នាក់ម្តាយកូន ដែលត្រូវជាអតីតម្តាយក្មេក និងប្ធូនថ្លៃរបស់ជនរងគ្រោះ បានសម្រុកចូលក្នុងផ្ទះជួលរបស់នាង និងបានបង្កហិ ង្សា ព្រួតគ្នាវាយនាងយ៉ាងចាស់ដៃ បណ្តាលឲ្យមានរបួសស្នាមពេញមុខ រួចជនសង្ស័យបានរត់គេចខ្លួនបាត់។ករណីនេះ ត្រូវបានស្ត្រីរងគ្រោះ បញ្ជាក់ថា បានកើតឡើងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបឹងសាឡាងថ្មី សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យដែលប្រើហិង្សាលើនាង គឺជាអតីតម្តាយក្មេក និងអតីតប្អូនថ្លៃរបស់នាង ហើយករណីនេះ បានកើតឡើងបន្ទាប់ពីនាងបានលែងលះគ្នាជាមួយអតីតស្វាមី រួចរាល់តាមផ្លូវច្បាប់ អស់រយៈ ពេលជាងមួយឆ្នាំមកហើយ។

ស្ត្រីរងគ្រោះ បានឲ្យដឹងបន្តថា មុនកើតហេតុ ជនបង្កហេតុ បានឆាតគំរាមកំហែងនាង ឲ្យប្រគល់កូនរបស់នាង ទៅឲ្យពួកគេ ដោយបានអួតថា ប្តីគេធ្វើការជាធំទៀតផង លុះនាងមិនព្រំឲ្យ ពួកគេក៏តាមមកព្រួតវាយនាងដល់ ផ្ទះជួលតែម្តង។ ហេតុនេះ នាងសូមស្នើសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយស្វែងរកជនសង្ស័យ មកចាត់ការតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ ដល់រូបនាងជាជនរងគ្រោះផង៕

RELATED ARTICLES