Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប្តីមានស្រី ចាប់កូន៣ខែ ជ្រមុជទឹកសម្លាប់

ខឹងប្តីមានស្រី ចាប់កូន៣ខែ ជ្រមុជទឹកសម្លាប់

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ ខឹងប្តីខិលខូចមានស្រីញី បែរជាមកបញ្ចេញកំហឹងនឹងកូនតូច ដែលទើបនឹងកើត បានជាង៣ខែ ដោយចាប់ជ្រមុជទឹកធុង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម រួចដើរទៅអង្គុយបោកខោ អាវនៅក្រោយផ្ទះ ធ្វើដូចជាមិនដឹងរឿង ទីបំផុតត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅចាត់តាមច្បាប់។ករណីឃាតកម្ម ម្តាយចាប់កូនតូច៣ខែ ជ្រមុជទឹកសម្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុក ខ្សាច់កណ្តាល។

ស្ត្រីជាម្តាយចិត្តកំណាចដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនៅ ស្រីណៃ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះនៅ រតនា អាយុ២០ឆ្នាំ មុខរបរជាកម្មករលើកស្រាបៀរ។ ចំណែកទារករងគ្រោះ មានឈ្មោះនៅ រតនា វីសាល ភេទប្រុស អាយុ៣ខែ២០ថ្ងៃ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិបឹងក្រចាប់ត្បូង ឃុំព្រែក តាមាក់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ស្ត្រីសង្ស័យ និងប្តី ឧស្សាហ៍កើតមានជម្លោះទាស់ទែងគ្នាណាស់ ដោយសារប្រពន្ធប្រចណ្ឌប្តីមានស្រីញីច្រើន។ លុះមកដល់ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីសង្ស័យជាម្តាយ បានដាក់កូនតូច (ទារករងគ្រោះ) នៅក្នុងអង្រឹងយោលឱ្យដេក ហើយអង្គុយចាំមើល ពេលប្តីចេញទៅធ្វើការ និងម្តាយក្មេកចេញទៅផ្សារបាត់ ស្រាប់តែស្ត្រីជាម្តាយកំណាចនេះ បានលើកបីទារកចេញពីអង្រឹង ដើរចូល ទៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ហើយចាប់ក្បាលទារកជ្រមុជទឹកក្នុងធុង ទុកចោលរហូតដល់ស្លាប់ បន្ទាប់មកក៏ដើរ ទៅក្រៅផ្ទះ ធ្វើជាបោកខោអាវ ដូចមិនដឹងរឿង។

ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃដដែល ស្ត្រីជាម្តាយក្មេក ត្រឡប់មកពីផ្សារវិញ ឃើញចៅ (ទារករងគ្រោះ) នៅក្នុងធុងទឹក ក៏ស្រែកឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ និងឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យជាម្តាយខាងលើ នាំយកទៅសាកសួរតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាល ខេត្តកណ្តាល បានបញ្ជាទៅកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នគរបាលបច្ចេកទេស វិទ្យាសា ស្ត្រខេត្ត សហការជាមួយអង្គភាពការពារកុមារ (CPU) ចុះទៅសហការជាមួយកម្លាំងផ្នែកនគរបាល យុត្តិធម៌ ស្រុកខ្សាច់កណ្តាល និងប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើកោសល្យវិច័យសព ពិនិត្យកន្លែងកើតហេតុ ដោយប្រើពេលវេលា ៥ម៉ោង ទើបរកឃើញជនសង្ស័យជាម្តាយបង្កើតទារកនេះ ជាឃាតករ ហើយត្រូវបានឃាត់ខ្លួន។នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាម្តាយដែលជ្រមុជទឹកសម្លាប់កូនបង្កើតខ្លួនឯង បានឆ្លើយសារភាពថា នាងពិតជា បានជ្រមុជទឹក សម្លាប់កូនខ្លួនឯងប្រាកដមែន មូលហេតុព្រោះតែខឹងប្តីមានស្រី។

ស្ត្រីសង្ស័យជាឃាតករ បានសារភាពបន្តថា មុនកើតហេតុ នាងនិងប្តី បានឈ្លោះគ្នា ពីរឿងប្តីមានស្រីញីក្រៅផ្ទះ ។ បន្ទាប់មក នៅថ្ងៃកើតហេតុ ដោយសារតែមានកំហឹងពេញខ្លួន ទប់មិនជាប់ ទើបឆ្លៀតពេលដែលប្តីចេញទៅ ធ្វើការ និងម្តាយក្មេកចេញទៅផ្សារបាត់ នាងបានបីកូនតូច យកទៅជ្រមុជទឹកធុង ក្នុងបន្ទប់ទឹក ដើម្បីសម្លាប់ ចោលតែម្តង។

ស្ត្រីសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES