Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកតំណែង មេប៉ុស្តិ៍អតីតចោរប្លន់ បញ្ឈរជើងអធិការ តាមបញ្ជានាយករដ្ឋមន្ត្រី

ដកតំណែង មេប៉ុស្តិ៍អតីតចោរប្លន់ បញ្ឈរជើងអធិការ តាមបញ្ជានាយករដ្ឋមន្ត្រី

ខេត្តកំពង់ធំ ៖ បន្ទាប់ពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្ម និង បញ្ជាភ្លាមៗ ឱ្យស្រាវជ្រាវ ពិនិត្យការតែងតាំងមេប៉ុស្តិ៍នគរបាលរដ្ឋបាលម្នាក់ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្ត បទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីប្លន់ទូមាស កាលពីជិត១០ឆ្នាំមុននោះមក អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចដកហូតមុខតំណែងលោកហុង សារ៉ុម ពីនាយប៉ុស្តិ៍ មកជាមន្ត្រីនគរបាលធម្មតា។ ពាក់ព័ន្ធករណីនេះ តាមប្រភពព័ត៌មានថា អធិការនគរបាលស្រុកស្ទោង លោក យ៉ង់ សំ ក៨ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានចេញលិខិតបង្គាប់ការ ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសំព្រោជ ស្រុកស្ទោង មូលហេតុពាក់ព័ន្ធសំណុំរឿថរបស់តុលាការ។យោងតាមលិខិតបង្គាប់ការរបស់លោកស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវកំណត់ឱ្យទៅបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី។

បន្ទាប់មក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេចដកហូតមុខ តំណែងលោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិ ការដ្ឋាននគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឲ្យមកជាមន្ត្រីនគរបាលធម្មតា។ មូលហេតុល្មើសវិន័យកងក្លាំងនគរបាលជាតិ។

ពាក់ព័ន្ធការដកហូតមុខតំណែងនេះ តាមប្រភពនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន បញ្ផាក់បន្ថែមថា លោកអនុសេនីយ៍ឯក ហុង សារ៉ុម អាចនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ក្រោយរក ឃើញថា កាលពីឆ្នាំ២០១៥ ធ្លាប់ប្រព្រឹត្តបទល្មើសប្លន់ទូមាស នៅស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយគូកនម្នាក់ទៀតដោយ កាលនោះ ប្លន់មាសជាង១៥០តម្លឹង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវបានតែងតាំងជាមេប៉ុស្តិ៍នគរបាល ឃុំសំព្រោជ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ លោកហុង សារ៉ុម បានចូលធ្វើជាប៉ូលិស នៅឆ្នាំ១៩៩៣ នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ នៅឆ្នាំ២០០៩ បានផ្ទេរ មកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ ឆ្នាំ២០១៤ លោកហុង សារ៉ុម ជានាយរងផ្នែកនគរបាលយុត្តិធម៌ ហើយនៅថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៥ ជាប់ចោទ ពីបទសមគំនិតប្លន់ទូមាស នៅផ្សារស្ទោង (ជាប់គុក​៣ឆ្នាំ ដោះលែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨)។

គួរបញ្ជាក់ថា ការសម្រេចដកហូតមុខតំណែងមេប៉ុស្តិ៍សំព្រោជ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្ម និងបញ្ជាភ្លាមៗ ឱ្យស្រាវជ្រាវ ពិនិត្យការតែង តាំងមេប៉ុស្តិ៍នគរបាលរដ្ឋបាលខាងលើ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធ នាគារ ពាក់ព័ន្ធនឹងករណីប្លន់ទូមាស កាលពីជិត១០ឆ្នាំមុន។

នោះកាលពី សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យពិនិត្យការតែងតាំង មេប៉ុស្តិ៍ម្នាក់នៅឃុំសំ ព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់តាមបណ្តាញគណនីសង្គម ធ្វីតធឺរ និងហ្វេសប៊ុក របស់សម្តេច កាលពីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា “ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មាន ប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យស្រាវជ្រាវជាមួយឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជា បន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។ ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបាន ហ្មត់ចត់ មុននឹងធ្វើការតែងតាំងនៅតាមបណ្តាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ…”៕

RELATED ARTICLES