Thursday, July 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូទាក់ដៃចង្កូតដួល ប្តីស្លាប់ ប្រពន្ធបាក់ជើង

ជិះម៉ូតូទាក់ដៃចង្កូតដួល ប្តីស្លាប់ ប្រពន្ធបាក់ជើង

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹកគ្នាចេញពីផ្ទះ សំដៅទៅធ្វើការ ស្រាប់តែកំពុងធ្វើដំណើរតាមផ្លូវ បានទាក់ ដៃចង្កូតជាមួយម៉ូតូ ១គ្រឿងទៀត បណ្តាលឱ្យបុរសជាប្តី ដួលបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ចំណែក ស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ បាក់ជើងម្ខាង រីឯភាគីម្ខាងទៀត រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

បុរសរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះមួង ផុន អាយុ៤៣ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធ ដែលរងរបួសបាក់ជើង មានឈ្មោះស៊ីវ ធីនី អាយុ៤០ឆ្នាំ។ ប្តីប្រពន្ធរងគ្រោះ មានលំនៅ ភូមិស្រែគូ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯភាគីជាអ្នកជិះម៉ូតូម្ខាងទៀត មានឈ្មោះព្រំ ស៊ុនរី ភេទស្រី អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិរៃខាងជើង ឃុំក្រោលគោល ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង (រងរបួសស្រាល)។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីឈ្មោះព្រំ ស៊ុនរី ជិះម៉ូតូ ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅពីលិច ទៅកើត ខណៈមកដល់ចំណុចកើតហេតុ មានប្តីប្រពន្ធរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-8860 ដឹកគ្នាក្នុងល្បឿនយ៉ាងលឿន រួចក៏ទាក់ដៃចង្កូតជាមួយម៉ូតូវ៉េវ បណ្តាលឱ្យបុរសជាប្តីបានដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែកប្រពន្ធ រងរបួសធ្ងន់ធ្ងរ បាក់ជើងខាងស្តាំ រីឯ ភាគីម្ខាងទៀត រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងចាត់បញ្ជូន ស្ត្រីរងគ្រោះជាប្រពន្ធ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

បន្ទាប់មក សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង រួចអូសយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES