Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួនកាប់ក្បាលខ្មែរ ២នាក់ ខឹងមិនឱ្យឆក់ត្រី

យួនកាប់ក្បាលខ្មែរ ២នាក់ ខឹងមិនឱ្យឆក់ត្រី

ខេត្តតាកែវ ៖ ជនជាតិវៀតណាម ១ក្រុម បាននាំគ្នាចូលមកនេសាទត្រី (ប្រើឧបករណ៍ឆក់) ដោយខុសច្បាប់ នៅក្នុងទឹកដីខ្មែរ លុះប្រជាពលរដ្ឋខ្មែរ ប្រទះឃើញ បានហាមឃាត់ ស្រាប់តែក្រុមជនល្មើស បានខឹងសម្បា ព្រួតវាយនិងកាប់ទៅលើបុរសរងគ្រោះជាជនជាតិខ្មែរ ចំនួន២នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចនាំគ្នា រត់ចូលទឹកដីវៀតណាម វិញ តែភ្លាមនោះត្រូវបានសមត្ថកិច្ចចាប់ក្របួចជាប់ម្នាក់ នាំយកមកចាត់ការតាមច្បាប់។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុច វាលបឹងក្នុងទឹកខាងកើត ភូមិសង្កែជួ ឃុំជ័យជោគ ស្រុកបុរីជលសា។

លោកវរសេនីយ៍ទោ នៅ សុគន្ធ អធិការនគរបាលស្រុកបុរីជលសា បានបញ្ជាក់ថា ជនសង្ស័យជាជនជាតិវៀត ណាម ដែលសមត្ថកិច្ចចាប់ខ្លួនបាន មានឈ្មោះវិន ចាក ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិយិនហាយ ឃុំស្វាម ក្រុងចូវដុក ខេត្តអានយ៉ាង ប្រទេសវៀតណាម។ ចំណែកបក្ខពួក ៤នាក់ទៀត ជាជនជាតិវៀតណាម ដូចគ្នា មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនចូលទឹកដីវៀតណាម ក្រោយបង្កហេតុរួច។

លោកអធិការ បន្តថា ចំណែកជនរងគ្រោះជាជនជាតិខ្មែរ ទាំង២នាក់ ទី១-ឈ្មោះធឿន គឿង ភេទប្រុស អាយុ ៣៧ឆ្នាំ មានលំនៅ ភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសា (រងរបួសក្បាល ប្រវែង៣សង់ទីម៉ែត្រ) និងទី២-ឈ្មោះធឿន តាយ អាយុ២៧ឆ្នាំ មានលំនៅ ភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសា (រង របួសដាច់ក្រោមស្លឹកត្រចៀក ដល់ក និងខ្នង២ឆ្នូត)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជនជាតិវៀតណាម ចំនួន៥នាក់ បានធ្វើសកម្មភាពចូលមកនេសាទដោយខុសច្បាប់នៅលើទឹកដីខ្មែរ និងថែមទាំងបានប្រើឧបករណ៍ នេសាទ ខុសច្បាប់ ដូចជា ស្បៃមុង និងអួនបង្កប់ដោយដែកឆក់។ ឃើញបែបនេះ ជនរងគ្រោះទាំង២នាក់ បានចេញទៅ ឃាត់ ស្រាប់តែក្រុមជនជាតិវៀតណាមទាំង៥នាក់ ខឹងសម្បា នាំគ្នាទាញកាំបិតវែង កាប់ទៅលើជនរងគ្រោះ ឈ្មោះធឿន គឿង បណ្តាលឱ្យរងរបួសក្បាល ប្រវែង៣សង់ទីម៉េត្រ និងកាប់លើជនរងគ្រោះឈ្មោះធឿន តាយ រងរបួសដាច់ក្រោមស្លឹកត្រចៀក ដល់ក និងខ្នង ២ឆ្នូត និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យ ប្រទេសវៀតណាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនជាតិវៀតណាម បានម្នាក់ ខណៈបក្ខពួក៤នាក់ទៀត នាំគ្នារត់ គេចចូលទឹកដីវៀតណាម វិញអស់។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា នៅរដូវទឹកឡើងនេះ ឃុំជ័យជោគ និងឃុំកំពង់ក្រសាំង ក្នុងស្រុកបុរីជលសា មានមន្ត្រីខិលខូច បានគប់គិតគ្នាបើកដៃឱ្យជនជាតិវៀតណាម ចូលនេសាទត្រី ខុសច្បាប់ ដោយប្រើឧបករណ៍ ស្បៃយឿន ស្បៃមុង និងអូសអួនបង្កប់ដោយដែកឆក់ និងទ្រូប្រឹស១០០ ពេញផ្ទែបឹង ជារៀងរាល់ឆ្នាំ។ជាពិសេសបំផុតនោះ ជនជាតិវៀតណាម បានចូលមកចាប់ត្រី ក្នុងឃុំទាំង២នេះ បានដោយសេរី តែបើប្រជាពល រដ្ឋខ្មែរ ចាប់ត្រី គ្រាន់តែបានជាម្ហូប ត្រូវកម្លាំងជលផលនិងសមត្ថកិច្ចនៅទីនោះ ចាប់ឃាត់ខ្លួន ដោយចោទថា “នេ សាទត្រី ក្នុងរដូវបិទនេសាទ គឺខុសច្បាប់”៕

RELATED ARTICLES