ភ្នំពេញ ៖ បុរស ២ក្រុម បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង ដោយអង្គុយតុជិតគ្នា លុះក្រោយពេលស្រ វឹងធ្លាក់ភ្នែករៀងៗខ្លួន មានភាគីម្ខាងបោកកែវ ជាហេតុធ្វើឱ្យភាគីម្ខាងទៀតខឹងសម្បា ចោទថាចង់រករឿងក៏កើត ជាជម្លោះពាក្យសម្តីគ្នា រហូតឈានដល់ការបបួលគ្នាចេញមកក្រៅហាង វាយគ្នា។ ទីបំផុតភាគីម្ខាងរងរបួសបែកក្បាល ចំណែកម្ខាងទៀត បែកមាត់ លុះសមត្ថកិច្ចមកដល់ ភ័យខ្លួនខ្លាចនាំទៅប៉ុស្តិ៍ ក៏សម្របសម្រួលសុំទោសគ្នាបញ្ចប់រឿង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ទល់មុខភោជនីយដ្ឋាន «សម្រស់បុប្ផា២៧១» តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវប្រុសៗចំនួន២ក្រុម ដោយម្ខាង មានគ្នា៤នាក់ និងម្ខាងទៀត មានគ្នា៦នាក់ បាននាំគ្នាចូលទៅអង្គុយផឹកស៊ីនៅក្នុងហាងខាងលើ ហើយថែមទាំង អង្គុយតុជិតគ្នាទៀតផង។ លុះនៅពេលផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែភាគីម្ខាង មានគ្នា៤នាក់ បានយក កែវអុកទៅលើតុ ហើយស្រែកឮៗ ធ្វើឱ្យភាគីម្ខាងទៀតដែលមានគ្នា ៦នាក់ អង្គុយតុក្បែរនោះភ្ញាក់ ហើយឡើង ឈរអើតមើល ក៏កើតជាទំនាស់ពាក្យសម្តីគ្នានៅក្នុងហាងតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់មកភាគីទាំង២ក្រុម ខាងលើនេះ បានបបួលគ្នាចេញមកក្រៅហាង រួចធ្វើសកម្មភាព វាយគ្នាទៅវិញទៅមក ផ្អើលបុគ្គលិកនារីៗក្នុងហាង ចេញមកមើល។ បន្ទាប់ពីមានការវាយតប់គ្នាទៅវិញទៅមករួចហើយ ក៏ត្រូវបានអ្នកដំណើរ ក៏ដូចជាបុគ្គលិកហាង នាំគ្នាជួយឃាត់ ព្រោះតែឃើញភាគីទាំងនោះរងរបួសទាំងសងខាង ដោយម្ខាងមានបុរសម្នាក់ រងរបួសបែកក្បាលខាងក្រោយ ហូរឈាម ចំណែកម្ខាងទៀត មានបុរសម្នាក់ រងរបួសបែកថ្ងាស និងបែកបបូរមាត់ផងដែរ។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីវាយតប់គ្នារួចហើយ ភាគីទាំងសងខាង អ្នករងរបួសស្រាលៗ នាំគ្នារត់ គេចអស់ ដោយបន្សល់ទុកតែបុរស ២នាក់ ជាអ្នករងរបួសបែកក្បាល និងបែកថ្ងាស នៅកន្លែងកើតហេតុ ធ្វើការប្រកែកគ្នាយ៉ាងតឹងសរសៃក រហូតទាល់តែផ្អើលកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះមកអន្តរាគមន៍។

ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានឱ្យភាគីទាំងសងខាងធ្វើការសម្រប សម្រួលគ្នា នៅកន្លែងកើតហេតុ ហើយបើចង់មានរឿងវែងឆ្ងាយ ពួកគាត់នឹងនាំខ្លួនទៅដោះស្រាយនៅមូល ដ្ឋានអាវុធ ហត្ថខណ្ឌមានជ័យ។ ពេលនោះភាគីទាំងសងខាង ខ្លាចប៉េអឹមហៅចូលវាស់កម្ពស់ បានសុំទោសគ្នាទៅវិញ ទៅមក ដើម្បីបញ្ចប់រឿង ហើយក៏ជិះម៉ូតូចេញទៅផ្ទះរៀងៗខ្លួនអស់ទៅ៕

