Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធដឹកទឹកសុទ្ធលក់ ទឹកហូរកួចឡានទៅបាត់

ប្តីប្រពន្ធដឹកទឹកសុទ្ធលក់ ទឹកហូរកួចឡានទៅបាត់

ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ ២នាក់ បានធ្វើដំណើរតាមរថយន្ត ១គ្រឿង ដឹកទឹកសុទ្ធ ដើរបោះឱ្យម៉ូយស្រាប់ តែត្រូវបានជំនន់ទឹកភ្លៀងហូរកួចរថយន្ត ធ្លាក់ចូលទឹកបាត់ ចំណែកអ្នកបើកបរនិងប្រពន្ធ សំណាងល្អបាន ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល មិនបង្ក ឱ្យមានគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចទំនប់បង្ហៀរថ្មី ប្រវែង៣០០ម៉ែត្រ ក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

រថយន្តដឹកទឹកសុទ្ធដែលត្រូវទឹកហូរកួចទៅបាត់នោះ ម៉ាក HYUNDAI LIBERO ពណ៌ស ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ កំពង់ចាម 2A-8156។ ចំណែកជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ជាម្ចាស់រថយន្ត បុរសជាប្តី មានឈ្មោះហ៊ីម មេងហ៊រ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្ត រីឯស្ត្រីជាប្រពន្ធ មានឈ្មោះរិទ្ធ ស្រីណា អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គធំ ខេត្តសៀមរាប។

ទាក់ទិនទៅនិងហេតុការណ៍ទឹកជំនន់ទឹកភ្លៀងហូរកួចរថយន្តដឹកទឹកសុទ្ធ ១គ្រឿងខាងលើនេះ លោកស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ថា ហេតុការណ៍នេះ បានកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ហើយ ស្ថិតនៅចំណុចទំនប់បង្ហៀរថ្មី ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខណៈនោះ ទឹកជំនន់កំពុងតែហក់ឡើងមានកម្រិតកម្ពស់ ០,៥០ម៉ែត្រ។

លោកអធិការ បានបន្តថា ក្នុងហេតុការណ៍នោះ ម្ចាស់រថយន្តទាំង២នាក់ប្តីប្រពន្ធ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយសង្គ្រោះជីវិតទាន់ពេលវេលា។ ក្រោយពីកើតហេតុ ម្ចាស់រថយន្ត បានរកឃើញរថយន្ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣  ដោយម្ចាស់រថយន្តបានជួលត្រាក់ទ័រ ១គ្រឿង អូសទាញចេញពីក្នុងទឹក អាងបឹងទំនប់បង្ហៀរថ្មី ហើយបន្តអូសយកទៅខេត្តសៀមរាប ដើម្បីធ្វើការជួសជុល ប្រើប្រាស់ឡើងវិញ៕

RELATED ARTICLES