Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនតាមឪទៅបង់សំណាញ់ លង់ទឹកស្លាប់២នាក់

កូនតាមឪទៅបង់សំណាញ់ លង់ទឹកស្លាប់២នាក់

ខេត្តកំពង់ធំ ៖ ក្មេងប្រុស២នាក់ បានដើរតាមឪពុកទៅបង់សំណាញ់ លុះឪពុករវល់បង់ត្រីភ្លេចខ្លួន ក្មេង ប្រុសទាំង២ក៏នាំគ្នា ចុះលេងទឹក នៅមុខលូ បណ្តាលឱ្យទឹកហូរកួចចូលលូ បាត់រយៈពេល១ម៉ោង ទើប រាវរកឃើញសព។

ករណីក្មេងប្រុសលង់ទឹកស្លាប់២នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។

ក្មេងប្រុសទាំង២នាក់ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះសារុន ធារាជ អាយុ៨ឆ្នាំ មានឪពុកឈ្មោះឃាន់ សារុន អាយុ២៩ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះឃាន់ ចំរើន អាយុ៣០ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះឃាន់ លីនដា អាយុ១២ឆ្នាំ ឪពុកឈ្មោះខន សុឃាន់ អាយុ ៣៦ឆ្នាំ ម្តាយឈ្មោះតុំ អុង អាយុ៣៩ឆ្នាំ។ គ្រួសារទាំង២ ត្រូវជា សាច់ញាតិនឹងគ្នា និងមានលំនៅ ភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ជាមួយគ្នា។

លោកឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះទាំង ២នាក់ បានតាមឪពុក ទៅបង់សំណាញ់ លុះដោយសារតែឪពុករវល់តែបង់សំណាញ់ ពីមួយកន្លែង ទៅមួយ កន្លែង ភ្លេចខ្លួន ទើបក្មេងប្រុសទាំង២នាក់ បានបបួលគ្នាចុះទៅលេងទឹក នៅមុខលូ បណ្តាលឱ្យទឹកហូរកួចចូល លូ បាត់ រយៈពេល ១ម៉ោង ទើបរាវរកឃើញសពនៅខាងជើងភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព ក្មេងប្រុសទាំង២នាក់ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំងពីរ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES