Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញ-លក់កាំភ្លើង ជាប់ខ្នោះ៣នាក់

ទិញ-លក់កាំភ្លើង ជាប់ខ្នោះ៣នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានទិញកាំភ្លើងពីជនសង្ស័យម្នាក់ ក្នុងតម្លៃ ៤ពាន់បាត រួចយកទៅលក់បន្តឱ្យជនសង្ស័យម្នាក់ផ្សេងទៀត ក្នុងតម្លៃ៧ ពាន់បាត ពោលគឺចំណេញបាន ៣ពាន់បាតភ្លាមៗ លុះមិនទាន់ទាំងបានចាយលុយចំណេញផង ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវក្របួចបានទាំង៣នាក់ នាំ យកទៅចាត់ការតាមច្បាប់។

ករណីជួញដូរអាវុធដោយខុសច្បាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិប្រជាធម្មកើត សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបាន ទី១-ឈ្មោះចាន់ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ ទី២-ឈ្មោះតេង ចំណាន ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៣-ឈ្មោះហង្ស ផល្លា មានលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកអធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានករណីជួញដូរអាវុធខុសច្បាប់ភ្លាម កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល សហការជាមួយ កម្លាំងប៉ុស្តិ៍អូរឫស្សី បានចុះធ្វើការត្រួតពិនិត្យនៅចំណុចកើតហេតុខាងលើ និងបានរកឃើញអាវុធខ្លី មួយដើម ម៉ាករ៉ូឡូ ពណ៌ស ស្នាប់ដៃឈើ ពណ៌ត្នោត មាន​គ្រាប់ចំនួន៣គ្រាប់ នៅក្នុងទូទឹកកក ក្នុងខ្ទមតូចមួយ (ជាកាំភ្លើងរបស់ឈ្មោះចាន់ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ)។

លោកអធិការ បានបន្តថា ក្រោយមក កម្លាំងជំនាញបានស្រាវជ្រាវ និងឈានដល់កាឃាត់ខ្លួនជនជាប់ពាក់ព័ន្ធបានម្នាក់ទៀត នៅចំណុចភូមិគីឡូលេខ៤ ដោយ​ជនសង្ស័យមានឈ្មោះតេង ចំណាន ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបានយកកាំភ្លើងពីឈ្មោះប៉ូច ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង រស់នៅភូមិអាងសិលា ឃុំអូរបីជាន់ ទៅលក់ឱ្យឈ្មោះ ហង្ស ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាលិលេយ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងតម្លៃ ៤០០០បាត។ លុះដល់វេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃដដែល កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះហង្ស ផល្លា នៅចំ​ណុច​ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យោងតាមចម្លើយសារភាពរបស់ឈ្មោះហង្ស ផល្លា នៅចំពោះមុខសមត្ថកិច្ច បានបញ្ជាក់ថា កាំភ្លើងនោះ ខ្លួនពិតជាបានយកទៅលក់ឱ្យឈ្មោះ ចាន់ ពៅ បន្តមែន ក្នុងតម្លៃ ៧០០០បាត ពោលគឺចំណេញបាន ៣ពាន់បាត តែមិនទាន់បានចាយលុយចំណេញផង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទៅហើយ។ជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញនៃធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសុំណុំរឿង បញ្ជូនទៅកាន់​ស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES