Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់ប្រពន្ធ១កាំបិត ចាប់អារអណ្តាតកូនស្រី

ចាក់ប្រពន្ធ១កាំបិត ចាប់អារអណ្តាតកូនស្រី

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងពពោះជិតគ្រប់ខែ ស្រាប់តែត្រូវបុរសជាប្តី រករឿងឈ្លោះប្រកែក រួចស្ទុះទាញ កាំបិតចាក់ប្រពន្ធ បណ្តាលឱ្យរងរបួសត្រង់ប្រអប់ដៃយ៉ាងធ្ងន់។ បន្ទាប់មកបុរសកំណាចជាប្តីបាន ស្ទុះទៅចាប់កូនស្រី បម្រុងអារអណ្តាតកូនស្រីថែមទៀត តែសំណាងល្អ កូនស្រីរើបម្រះទាន់បណ្តាល ឱ្យមុតត្រង់មាត់បន្តិចបន្តួច រួចរត់មកក្រៅ ស្រែកហៅអ្នកជិតខាងឱ្យជួយ និងចាប់ឃាត់ខ្លួនបុរស កំណាចជាប្តីនិងឪពុក យកទៅចាត់ការតាមច្បាប់។

ករណីប្តីចាក់ប្រពន្ធ និងអារអណ្តាតកូនស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ជនដៃដល់ដែលចាក់ប្រហារប្រពន្ធនិងកូនស្រី បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមាន ឈ្មោះហួត រដ្ឋា អាយុ៥០ឆ្នាំ ជាមនុស្សមានជំងឺក្រពះនិងសរសៃប្រសាទ ប្រចាំកាយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសូរសំឡេងប្តីប្រពន្ធទាំង២នាក់ ខាងលើ ឈ្លោះប្រកែកគ្នាខ្លាំងៗនៅក្នុងផ្ទះ។ លុះបន្តិចក្រោយមក ស្រាប់តែបុរសជាប្តីដែលជាមនុស្ស មានជំងឺសរសៃប្រសាទ បានទាញយកកាំបិតចាក់ប្រពន្ធ បណ្តាលឱ្យរងរបួសត្រូវប្រអប់ដៃ យ៉ាងធ្ងន់ បន្ទាប់មកបុរសជាប្តី បានស្ទុះទៅចាប់កូនស្រីម្នាក់ទៀត បម្រុងអារអណ្តាតកូនស្រី តែសំណាងល្អ កូន ស្រីប្រឹងរើបម្រះរួច បណ្តាលឱ្យរងរបួសមាត់បន្តិច រួចហើយក៏នាំម្តាយដែលកំពុងពពោះជិតគ្រប់ខែ រត់ ចេញទៅក្រៅផ្ទះ ស្រែកហៅឱ្យអ្នកជិតខាងឱ្យជួយតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋក្បែរខាង បានជួយដឹកបញ្ជូនតាមម៉ូតូកង់បី ទៅ កាន់មន្ទីរភ្លាមៗ ។ ចំណែកជនដៃដល់ជាប្តី បន្ទាប់ពីធ្វើសកម្មភាពរួច មិនបានរត់គេចទៅណាឡើយ បែរជាឡើងទៅសម្ងំដេកលើពូក ក្នុងបន្ទប់ ធ្វើព្រងើយ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីកើត មានករណីខាងលើភ្លាម លោកបានបញ្ជាកម្លាំងសមត្ថកិច្ចឱ្យចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយ អន្តរាគមន៍  និងឃាត់ខ្លួនបុរសជាប្តី យកទៅសាកសួរនៅអធិការដ្ឋាននរគបាល ខណ្ឌច្បារអំពៅ ដើម្បី រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES