Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញសែកស្អុយ ៣ម៉ឺនដុល្លារ អតីតបងថ្លៃប្តឹង

ចេញសែកស្អុយ ៣ម៉ឺនដុល្លារ អតីតបងថ្លៃប្តឹង

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបុរីប៉េងហួត បឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកលឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (អតីតបង ថ្លៃប្តឹង រឿងចេញសែកស្អុយ ដែលមានទឹកប្រាក់ ចំនួន៣៥០០០ដុល្លារ) ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ស្ត្រីដែលត្រូវសមត្ថកិចចាប់ឃាត់ខ្លួន មានឈ្មោះជឿន សុធី ភេទស្រី អាយុ៤១ មុខរបរពាណិជ្ជករ មានលំនៅ ផ្ទះលេខ154E1 ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ចបានបង្ហើបប្រាប់ថា ជនសង្ស័យខាងលើនេះ គឺមានដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន តាមអំណាចសាលក្រម ចេញដោយលោកធ្វាំ ប៊ុណ្ណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ ដោយសាលក្រមបានសម្រេច ៖

១-ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជឿន សុធី ភេទស្រី អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្ការទូទាត់សងប្រាក់ ។២-ឱ្យជនជាប់ចោទសងប្រាក់ទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៣៥០០០ដុល្លារ និងសំណងជំងឺចិត្ត ចំនួន១០ លានរៀល ការទាមទារលើសពីនេះច្រានចោល ។

៣-បង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនឈ្មោះ ជឿន សុធី ភេទស្រី ដើម្បីអនុវត្តទោសខាងលើក្នុងពន្ធនាគារ តាមបញ្ញត្តិ មាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

សាលក្រមជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ និងប្រកាសជាសាធារណៈ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយកំបាំងមុខជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។

ក្រោយពីចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES