ភ្នំពេញ៖ការវិលរកឆាកតន្រ្ដីសារជាថ្មីជាង២ខែនេះនាងទេព បូព្រឹក្ស ហៅស្រីនិច្ច មានការតុបតែងខ្លួនប្លែកៗដែលតារាផ្សេងៗទៀត ពិបាកធ្វើតាមនាងទាំងឈុតសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការ ។ប៉ុន្ដែនេះជាការធ្វើតេស្ដ ឬស្ទាបសង់ទៅលើការគាំទ្ររបស់នាងថាសន្ទុះនាងនៅតែដូចមុនមានកូនឬ អត់ ?យ៉ាងណាការដែលបូព្រឹក្ស ត្រូវបានក្រុមហ៊ុនមួយជ្រើសនាងធ្វើជាBA ហើយមានទាំងផលិតផលខ្លះហៅនាងទៅបង្ហាញម៉ូដនៅបរទេសនោះបញ្ជាក់ថាស្រីនិច្ច នៅតែមានទីផ្សារសិល្បៈ បើទោះជាតារាភាគច្រើនឲ្យតែមានស្វាមី និងកូនហើយពួកគេពិបាកទប់លំនឹងក្ដី ។អ្វីដែលបូព្រឹក្ស ចង់ធ្វើឲ្យFan របស់នាងភ្ញាក់ផ្អើលថែមទៀត ក្រៅពីការស្លៀកពាក់នោះគឺនាងត្រៀមថតMV បទ”ទេវរាជ “ផងដែរ ប៉ុន្ដែមិនដឹងថាចេញមកម្ដងនេះខ្លាំងជាងនៅក្រមុំ ឬពិបាកទៅរួចគេនោះទេ។
ទេព បូព្រឹក្ស បានវិលរកឆាកតន្ដ្រីជាថ្មីកាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកច្រៀងរាំជាង១០ខែដើម្បីសម្រាលកូន។អតីតតារាហង្សមាសម្នាក់នេះបានប្រាប់មុននេះថានាងត្រូវការសម្រកគីឡូថែមទៀត ខណៈដែលស្វាមីនាងលោកងួន ចាន់ដេវីត បានគាំទ្រនិងលើកទឹកចិត្តភរិយាលោកពេញទំហ៊ឹងដូចជាពួកគេចេញច្រៀងសម្ដែងលើឆាកតន្រ្ដីជាមួយគ្នាកាន់តែច្រើនជាងមុនដើម្បីឲ្យស្រីនិច្ច ទទួលបានការចាប់អារម្មណ៍ម្ដងទៀត ព្រោះដេវីត នៅតែល្បីលំដាប់ជូរមុខក្នុងវិស័យរ៉េបនៅឡើយ ហេតុនេះ”សំណាបយោងដី ស្រ្ដីយោងប្រុស” ។ប៉ុន្ដែគ្មានដំណឹងថាបូព្រឹក្ស នឹងចេញបទចម្រៀងសម្រុកនោះទេ ពោលភាគច្រើនគេនៅតែចាប់អារម្មណ៍លើការស្លៀកពាក់និងលេងក្បាច់រាំរបស់នាងច្រើនជាងសម្លេង។
ទេព បូព្រឹក្ស ស្ថិតក្នុងចំណោមតារាដែលលេងក្បាច់រាំសាហាវមានដូចជានាងយូរី និងលាង សុផាឡែន ជាដើម។ក្រោយសម្រាលកូនបាន១០ខែនេះស្រីនិច្ច មិនបន្ធូដៃនោះទេ ក្នុងការលេងក្បាច់រាំ ហើយនាងនិងគូស្នេហ៍ចិត្តដូចគ្នា ពោលគឺចំណាយលុយរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗ ក្នុងការទិញអ៊ឺវ៉ាន់ ម៉ាកប្រេន ប្រេន ពីបរទស ខណៈដែលដំណឹងថាតើពេលណាពួកគេដឹកដៃគ្នារៀបការនោះនៅតែស្ងាត់ឈឹង ជាបន្ដទៅទៀត បន្ទាប់ពីគូស្នេហ៍តារា១គូនេះធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ ហើយក៍លែងមានដំណឹងរៀបអាពាហ៍ ពិពាហ៍ រហូតមកដល់បច្ចុប្បន្ន។
ក្រៅពីទេព បូព្រឹក្ស តារាដែលជ្រើសគូស្នេហ៍ធ្វើជាដៃគូសម្ដែងតែម្ដងមានដូចជាអ្នកនាងខាត់ សុឃីម ,ប៉ាច គីមមួយ ,ពេជ្រ សោភា និងម៉ានីកា ជាដើម ស្របពេលដែលស្រីនិច្ច មិនអាចខ្វះដេវីត បានទេព្រោះស្វាមីនាងនេះហើយអាចកំណត់ពីអាជីពចម្រៀងរបស់នាងបានដោយសារតែលោកធ្វើទាំងភ្លេង និងប៉ារូលច្រៀងឲ្យនាង។តែការចេញបទចម្រៀងបានតិចតួចនៅលើទីផ្សារនោះក៍ជាកត្ដាដ៍ធំមួយ ពិបាកឲ្យនាងទប់ទល់ជាមួយតារាបច្ចុប្បន្នដែលមានកាន់តែច្រើន ការគាំទ្របែកខ្ញែកនោះដែរ។ប៉ុន្ដែបើស្រីនិច្ច នៅតែរក្សារតំណែងជាតារាស្រីផ្នែកយុវវ័យដែលខ្លាំងខាងរាំ និងលេងខ្លួនបានដូចមុនសម្រាលកូនតាមរយៈការចេញមុខតាមConcerts ច្រើនចាប់ពីខែ១១ ឆ្នាំ២០២៣ ដល់ខែ៤ ឆ្នាំ២០២៤ នោះច្បាស់ណាស់ថានាងជាតារាជើងខ្លាំងម្នាក់ដំបូងគេហើយដែលក្រោយមានប្ដីនិងកូនតែមានទីផ្សារចម្រៀងមិនប្រែប្រួលនោះ។
តាមតារាជិតដិតទេព បូព្រឹក្ស បង្ហើបថាតារាពូកែលេងខ្លួនប្លែកៗនេះមានគម្រោងយកកូនថែមទៀត នាពេលខាងមុខនេះ មិនចង់រៀបការត្រឹមមានកូនប្រុស១នោះឡើយ ។ប៉ុន្ដែរឿងរ៉ាវនេះស្រីនិច្ច ធ្លាប់និយាយថានាងមិនអាចប្រាប់ពីគម្រោងរៀបការថាធ្វើនៅពេលណាបានឡើយ ព្រោះរឿងវ៉ាវខ្លះនាងអាចនិយាយបាន ខ្លះទៀត មិនអាចប្រាប់បាន។នាងថាក្រោយចាប់ដៃដេវីត បានជាង៧ឆ្នាំ និងទទួលបានកូន១ ដេវីត កាន់តែថ្នាក់ថ្នមនាងខ្លាំង និងប្លែក រហូតដល់ពេលខ្លះនាងឆ្ងល់ខ្លួនឯងទៀតផង។ចំណែកFan របស់បូព្រឹក្ស ភាគច្រើនសង្ស័យថានាងនិងដេវីត បានចុះអេតាស៊ីវិលរួចហើយទើបបានជាពួកគេសម្រេចចិត្តយកកូនមុនរៀបការបែបនេះ គឺដោយសារតែអ្នកទាំងពីរយល់ចិត្តគ្នាច្បាស់ ហើយតាមរយៈការមានចិត្តដូចគ្នាទាំងការស្លៀកពាក់ និងច្រៀងរាំនោះគេជឿរថាគូស្នេហ៍តារារ៉េប១គូនេះនឹងរក្សារចំណងស្នេហាបានយូអង្វែងជាមិនខាន ៕