វៀតណាម៖ សមាគមស្បៀងេះអាហារវៀតណាមបានថ្លែងថាថ្វីបើមានការប្រឈមមុខជាច្រើនយ៉ាងណាក្តី ក៏វៀតណាមនៅតែខិតខំយ៉ាងខ្លាំងដើម្បីសម្រេចឲ្យបាននូវការនាំចេញអង្ករជាង៥លានតោនក្នុងឆ្នាំ២០១៧នេះ ។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយស្តីពីការពិនិត្យមើលឡើងវិញអំពីប្រតិបត្តិការរបស់សមាគមស្បៀងអាហារវៀតណាមកាលពីឆ្នាំទៅ ដែលបានប្រារព្ធធ្វើឡើងក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នលេខាធិការរបស់សមាគមលោក Hyunh Minh Hue បានថ្លែងថាកាលពីឆ្នាំ២០១៦អង្ករវៀតណាមត្រឹមតែ៤,៨៩លានតោនប៉ុណ្ណោះត្រូវបាននាំចេញទៅបរទេសក្នុងទំហំទឹកប្រាក់ចំនួន២,១២ប៊ីលានដុល្លារថយចុះចំនួន២៥,៥%ផ្នែកបរិមាណនិង២០,៥៧%ផ្នែកទំហំទឹកប្រាក់ ។
លោកបានថ្លែងថាមានការផ្គត់ផ្គង់ហួសប្រមាណក្នុងទីផ្សារពិភពលោកកាលពីឆ្នាំទៅក៏ដូចជានិន្នាការនាពេលថ្មីៗនេះនៅតាមបណ្តាប្រទេសអ្នកនាំចេញធំៗដែលបង្កើនផលិតកម្មក្នុងស្រុកបានជំរុញឲ្យមានការកាត់បន្ថយការនាំចូលបែបនេះ ។
ប្រភពបន្តថាការនាំចេញអង្កររបស់វៀតណាមទំនងជានឹងប្រឈមុខនឹងការលំបាកឆ្នាំនេះស្របពេលដែលការផ្គត់ផ្គង់ដើរមុខនៃតម្រូវការនិង មានការប្រកួតប្រជែងរឹតតែខ្លាំងឡើងនៅលើទីផ្សារពិភពលោកទៀតផង ។
លោកបានស្រង់ប្រភពពីក្រសួងកសិកម្មសហរដ្ឋអាមេរិកថាទិន្នផលអង្ករពិភពលោកក្នុងឆ្នាំ២០១៦-២០១៧ត្រូវបានគេវាយតម្លៃថានឹងកើនឡើង១,៦%ពីបរិមាណឆ្នាំទៅ៤៨០លានតោនដោយសារតែការពង្រីកតំបន់ដាំដុះអង្ករនៅតាមបណ្តាប្រទេសជាច្រើនដូចជា អូស្ត្រាលី មីយ៉ាន់ម៉ា ប្រេស៊ីល ឥណ្ឌា កូរ៉េខាងជើង ប៉ាគីស្ថាន ថៃ និងសហរដ្ឋអាមេរិក ។ ចំណែកការនាំចេញអង្ករពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង១លានតោនឬ២,៦%ឬស្មើនឹង៤០,៦លានតោន។