ទីផ្សារការងារ
ចិន៖ មន្ត្រីធនធានមនុស្សម្នាក់បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថាថ្វីបើសេដ្ឋកិច្ចបន្តបង្អង់ល្បឿន ទីផ្សារការងាររបស់ចិននៅតែមានស្ថិរភាពដដែលកាលពីឆ្នាំ២០១៦ ជាមួយនិងអត្រាអត់ការងារធ្វើនៅតាមទីក្រុងមានកម្រិតល្អប្រសើរស្ថិតក្រោមការគ្រប់គ្រងបាន។
ទិន្នន័យពីក្រសួងសន្តិសុខសង្គមនិងធនធានមនុស្សបង្ហាញថាអត្រាអត់ការងារធ្វើដែលបានចុះបញ្ជីតាមបណ្តាទីក្រុងនានាក្នុងប្រទេសចិនស្ថិតក្នុងកម្រិត៤,០២% នៅដំណាច់ឆ្នាំ២០១៦ ថយចុះពីអត្រា៤,០៤%ដែលសម្រេចបានកាលពីខែមុន ។
តួលេខនេះគឺស្ថិតក្រោមគោលដៅ៤,៥%របស់រដ្ឋាភិបាលដែលបានដាក់ចេញកាលពីដើមឆ្នាំទៅ។ ចិនបានបង្កើតការងារថ្មីសម្រាប់អ្នកដែលតាំងទីលំនៅតាមតំបន់ទីក្រុងចំនួន១៣,១៤លាននាក់លើសពីគោលដៅពេញមួយឆ្នាំចំនួន១០លាននាក់ទៅទៀត។
អ្នកនាំពាក្យក្រសួងលោក Lu Aihong បានឲ្យដឹងនៅក្នុងសន្និសិទកាសែតមួយថាអត្រាអត់ការងារធ្វើរបស់ចិននៅតែមានលំនឹងដដែល ។
លោកបន្ថែមថារដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនានាដែលគាំទ្រដល់ការងារសម្រាប់អ្នកបញ្ចប់កម្រិតសិក្សាថ្នាក់មហាវិទ្យាល័យ កម្មករដែលត្រូវបានបណ្តេញចេញពីការងារឧស្សាហកម្មនិងកម្មករអន្តោប្រវេសន៍ជាដើមខណៈរលកនៃសហគ្រិនរបស់ប្រទេសចិនក៏បានជួយដល់ការងារបង្កើតការងារដល់ប្រជាជនចិន ។ ម្យ៉ាងទៀតប្រព័ន្ធសន្តិសុខសង្គមរបស់ចិនបានធ្វើឲ្យប្រសើរឡើងនិងគុណប្រយោជន៍ដល់ប្រជាពលរដ្ឋចិន ។
សេដ្ឋកិច្ចចិនបានកើនឡើង៦,៧%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០១៦ថយចុះពីកំណើន៦,៩%ដែលគេបានសង្កេតឃើញកាលពីឆ្នាំ២០១៥ ហើយក៏ជាការកត់សម្គាល់នូវកំណើនប្រចាំឆ្នាំដ៏ខ្សោយបំផុតក្នុងអំឡុងពេល២៦ឆ្នាំនេះ ស្របតាមការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដែលកំពុងធ្វើឡើងដែលបានបន្ថែមក្តីបារម្ភលើការបង់បាត់ការងារសម្រាប់ឆ្នាំនេះទៀតផង ។
មន្ត្រីអ្នកនាំពាក្យរូបនេះថែមទាំងបានឲ្យដឹងទៀតថាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពការងារគឺមិនមានការប្រែប្រួលអ្វីនោះឡើយ ដោយសំអាងលើកត្តាដែលអំណោយផលជាច្រើនរាប់បញ្ចូលកំណើនរឹងមាំរបស់ចិន វិធានការកែទម្រង់ដ៏ទំនើប នគរូបនីយកម្ម និងការពង្រឹងសមត្ថភាពនូវការបញ្ចូលរបៀបថ្មីជាដើម ។