Friday, October 18, 2024
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា ហុឺហាឡាន Range Rover

ឈិត សុវណ្ណបញ្ញា ហុឺហាឡាន Range Rover

ឈិត សុវណ្ណបញ្ញា ដែលធ្លាប់តែជិះរថយន្ត Camry Hybrid នោះ ឥឡូវឡើងកាលីបហើយ ដោយទើបទិញឡានម៉ាក Range Rover ពណ៌ស តម្លៃជាង៥ម៉ឺនដុល្លារ ជិះទៅច្រៀងតាមឆាកតន្ត្រីយ៉ាងហ៊ឺហា នាំឱ្យតារារួមដំបូលមួយចំនួនជាមួយសុវណ្ណបញ្ញា ចាប់អារម្មណ៍នាងជាខ្លាំង។ ការប្តូរឡានចាស់ចោល មកជិះអាថ្មីនាពេលនេះ គឺបន្ទាប់ពីមុននេះ តារាដែលជ្រកកោនក្រោមដំបូលហង្សមាស ជាង១០ឆ្នាំរូបនេះ បានរងភាពអាម៉ាស់ ដោយបរាជ័យក្នុងការលើកពានក្នុងកម្មវិធី ប្រលងចម្រៀង “I Am A Singer Cambodia” ដោយសារចាញ់សិស្សប្អូន ដួង វីរៈសិទ្ធ ឆក់ពាននោះ ទៅបាត់​ នាំឱ្យបញ្ញា ស្រពោនឱរាជាខ្លាំង។

ក្នុងជំនួបផ្ទាល់ ឈិត សុវណ្ណបញ្ញា បានរ៉ាយរ៉ាប់ថា នាងមិនបានខូចចិត្តអីទេ រឿងអត់បានពានកាន់ក្នុងដៃនោះ ព្រោះ គិតថា នេះជាបទពិសោធន៍ដ៏ល្អមួយ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីនោះ។

សុវណ្ណបញ្ញា វាចាថា “អូ! រឿងហ្នឹងខ្ញុំមិនពិបាកចិត្តអីទេបង! ព្រោះបានដាក់ចិត្តដាក់កាយអស់ទៅហើយថា ការប្រលង គឺត្រូវតែមានឈ្នះ និងចាញ់អីចឹង ហើយម៉្យាងទៀត អ្នកលើកពាននោះ គឺសុទ្ធតែគ្នាឯងដែរ…(សើច)។ ខ្ញុំបានទទួលបទពិសោធន៍ច្រើនដែរ ពីការចូលរួមប្រលងកម្មវិធី I Am A singer Cambodia នោះ ដូចជាពីមុនមកខ្ញុំមិនធ្លាប់ទេ ច្រៀងកន្ទ្រឹម យីកេអី ព្រោះខ្ញុំជាអ្នកចម្រៀងសម័យ តែពេលបានចូលកម្មវិធីនេះប៉ះល្អតើ! ហើយត្រៀមចិត្តអស់ទៅហើយថា អ្នកណាលើកពានក៏អត់បញ្ហាដែរ”។

ឈិត សុវណ្ណបញ្ញា ហាក់មិនចង់រ៉ាយរ៉ាប់រឿង នាងជិះឡានទំនើបនោះឡើយ តែបែរជាបង្ហើបថា នាងត្រៀមហោះទៅរកលុយនៅអាមេរិក ជាលើកទី២ នៅឆ្នាំ២០១៧ ខាងមុខនេះហើយ ខណៈពេលនេះ កំពុងត្រូវប៉ាន់ច្រៀងរាំនៅរដូវក្តៅក្នុងស្រុកផងដែរ។

តារាហង្សមាសរូបនេះ បន្ថែមថា “នៅរដូវក្តៅ ឆ្នាំនេះ ខ្ញុំទទួលបានការច្រៀង Concert ច្រើនជាងឆ្នាំមុន ដូចជាច្រៀងឱ្យស្រាបៀរ Tuborg ភេសជ្ជៈគោជល់​ ជាដើម និងមានបណ្តាក្រុមហ៊ុនមួយចំនួនទៀត កំពុងតែទាក់ទងដែរ ភាគច្រើនគឺការប្រគំតន្ត្រីតាមបណ្តាខេត្ត ហើយឥឡូវខ្ញុំមានក្រុមរាំ១០នាក់ (ស្រី២) ដើម្បីឱ្យប្លែកជាងឆ្នាំមុនផងដែរ ព្រោះតាមការប្រគំតន្ត្រី ភាគច្រើន គឺគេតម្រូវបទញាក់ ច្រើនជាងបទស្លូវ អីចឹងត្រូវតែមានក្រុមរាំអមច្រើននាក់។ ចំពោះការចេញច្រៀងសម្តែងនៅក្រៅប្រទេសវិញ ខ្ញុំមិនអាចចេញទៅបានទេ នៅពេលនេះ ដោយសារតែយើងរវល់ក្នុងស្រុកដែរ អីចឹងខ្ញុំអាចចេញទៅនៅឆ្នាំ២០១៧ ខែកញ្ញា គឺត្រូវទៅអាមេរិក ជាលើកទី២ បន្ទាប់ពីខ្ញុំបានចេញទៅលើកទីមួយ កាលពីឆ្នាំមុន ជាមួយសារ៉ាយ សក្ខណា នោះ”។

ជុំវិញស្ងាត់ៗ ឈិត សុវណ្ណបញ្ញា លេងម៉ូដឡាន Range Rover ដើម្បីទទួលបានការចាប់អារម្មណ៍សាជាថ្មីនេះ នាំឱ្យមានការខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈថា តារាស្រីស្រស់តូចច្រឡឹងរូបនេះ ប្រហែលជាមានគូស្នេហ៍នៅក្រោយខ្នងជួយឧបត្ថម្ភជាមិនខាន។

តារាដែលកំពុងជិះឡាន Range Rover មានលោកព្រាប សុវត្ថិ, បេប៊ី, សុខ ពិសី, ពេជ្រ សោភា, យក់ ថិតរដ្ឋា ជាដើម…៕

RELATED ARTICLES