ភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រ របស់ផែស្ងួតសុកន១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុក ម៉ូតូ១គ្រឿង ដែលជិះ ដោយយុវសិស្សសាលាម្នាក់ និងបានកិនយុវសិស្សជាអ្នកបើកម៉ូតូ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកបរ រថយន្តបង្ក ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រោមស្ពានអាកាសឈ្នះ–ឈ្នះ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យុវជនរងគ្រោះដែលត្រូវរថយន្តកុងតឺន័រកិនស្លាប់ខាងលើ មានឈ្មោះព្រីង លៃហួយ អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្កជាអ្នកបើកបររថយន្តកុងតឺន័រ មានឈ្មោះគាត គឿន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL-7610 ធ្វើដំណើរតាមបណ្តោយផ្លូវឈ្នះ–ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ដែលទើបនឹង ចេញពីសាលាបំណងទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-8479 ជារបស់ក្រុមហ៊ុនផែស្ងូតសុកន ធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿនរួចក៏ជ្រុលទៅបុកនិងកិន បណ្តាលឱ្យយុវជនរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រចាំនៅ គោលដៅខាងលើ ចាប់ឃាត់ខ្លួន ប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ នាំយកទៅសាកសួរ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។
ដោយឡែក សាកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕