Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រុមបោកលក់សំរឹទ្ធ ៣ម៉ឺនដុល្លារ ជាប់ខ្នោះ៥

 ក្រុមបោកលក់សំរឹទ្ធ ៣ម៉ឺនដុល្លារ ជាប់ខ្នោះ៥

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់  ត្រូវបាននគរបាលស្រុកពញាឮ ធ្វើការឃាត់ខ្លួន ករណី ឆបោក បន្ទាប់ពីជនសង្ស័យបានរៀបផែនការឱ្យជនរងគ្រោះទិញលោហធាតុក្លែងក្លាយ ពីបក្ខពួករបស់ខ្លួន ដោយឱ្យជនរងគ្រោះកក់ប្រាក់មុន ក្នុងតម្លៃ ៣ម៉ឺនដុល្លារ។

ករណីឆបោកនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុច រមណីយដ្ឋាន ភូមិ៥១ ភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ។

មន្ត្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះជា អុក ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ។ ចំណែកជនសង្ស័យ ទាំង៥នាក់ (ស្រី១) ដែលត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរាជ្យ សុរក័ផាន់ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរនាយកក្រុមហ៊ុន នគរហ្គោលត្រេឌីង មានលំនៅ ភូមិថ្មសែត ឃុំប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ទី២-ឈ្មោះហ៊ាង អេង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរគួកជេដី មានលំនៅ ភូមិកសិករ ឃុំអង្គរធំ ស្រុកសៀមរាប ខេត្តសៀមរាប។ ទី៣-ឈ្មោះរ៉ានី វីរៈ ភេទប្រុស  អាយុ៤៩ឆ្នាំ មុខរបររាជការ មានលំនៅ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះហេង សិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ និងទី៥-ឈ្មោះង៉ែត សុខុម ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រីឯវត្ថុតាងចាប់យក រួមមាន ម៉ាស៊ីនរាប់លុយ ចំនួន២គ្រឿង (ម៉ាក Lion CAM 7800W ពណ៌ខ្មៅ ១គ្រឿង និងម៉ាក Bill counter ពណ៌ខ្មៅ ១គ្រឿង) ម៉ាស៊ីនចេញវិក្កយបត្រ ១គ្រឿង ទូរស័ព្ទចំនួន៥គ្រឿង (ម៉ាក OPPO ចំនួន២គ្រឿង ម៉ាក Realme ១គ្រឿង ម៉ាក ណូគា អិនចុចពិល ១គ្រឿង និងម៉ាក TECNO SPARK ១គ្រឿង)។ រថយន្តម៉ាក Lexus RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-4447 និងរថយន្តម៉ាក Ford  ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ផ្លាកលេខ រដ្ឋ០១-៧២១៥ (ជារបស់ឈ្មោះ រ៉ានី វីរៈ)។

ប្រភពដដែល បន្តថា នៅវេលាម៉ោង ១រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះរាជ្យ សុរក័ផាន់ បានជិះរថយន្តម៉ាក Lexus RX-300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2J-4447 ជាមួយជន សង្ស័យ ឈ្មោះង៉ែត សុខុម និងជនសង្ស័យឈ្មោះហេង សិទ្ធ រួមនឹង បក្សពួកខាងលើ បាននាំគ្នាមករមណីយដ្ឋានភូមិ៥១ ដើម្បីជួបជាមួយជនរងគ្រោះឈ្មោះជា អុក។ ក្នុងពេលនោះជនសង្ស័យឈ្មោះ រាជ្យ សុរក័ផាន់ បាននិយាយ ប្រាប់ជនរងគ្រោះថា ខ្លួនជាអ្នកស្គាល់ និងជាអ្នកទំនាក់ទំនងទិញរបស់វត្ថុអច្ឆរិយ បន្ទាប់មកជនសង្ស័យ ឈ្មោះ ហ៊ាង អេង ភេទស្រី និងបក្ខពួក បាននិយាយលួងលោមបញ្ចុះបញ្ចូលជនរងគ្រោះ ឈ្មោះជា អុក បើសិនជា មានវត្ថុអច្ឆរិយ ឈ្មោះរាជ្យ សុរក័ផាន់ គឺជាអ្នកស្គាល់ទំនាក់ទំនងទិញ ក្នុង១ខាំ តម្លៃ១លានដុល្លារ ហើយជន សង្ស័យឈ្មោះហ៊ាង អេង បាននិយាយបន្ថែមទៀតថា រូបខ្លួនមានវត្ថុអច្ឆរិយលោហធាតុ ស៊ីរំសេវរូបគោ (សំរឹទ្ធ) បើចង់មើល ទាល់តែមានប្រាក់កក់មុន ចំនួន៣ម៉ឺនដុល្លារ និងបានបង្ហាញរូបភាពប្លង់ដី មួយសន្លឹក ក្នុងទូរ ស័ព្ទដៃ យកមកបង្ហាញជនរងគ្រោះឈ្មោះជា អុក ដើម្បីមានភាពជឿជាក់ និងយកប្លង់ខាងលើ មកបញ្ចាំ។ ប៉ុន្តែប្លង់ដីនោះ ពុំមានទីតាំងដីច្បាស់លាស់ទេ។ បន្ទាប់មកទៀត ជនសង្ស័យឈ្មោះរ៉ានី វីរៈ បានធ្វើឯកសារ កិច្ចសន្យាផ្តល់ប្រាក់កម្រៃជើងសារ ទិញ-លក់លោហធាតុស៊ីរំសេវ ហៅថា (សំរឹទ្ធ) រវាងឈ្មោះហ៊ាង អេង និងឈ្មោះជា អុក និងបាននាំគ្នាសម្រាកនៅផ្ទះសំណាក់ ក្នុងរមណីយដ្ឋានភូមិ៥១ ចំនួន១យប់។  លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះហួត ប៉ុននី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាកូនរបស់ជនរ ងគ្រោះឈ្មោះជា អុក ដោយមានការសង្ស័យបក្ខពួកខាងលើជាជនឆបោក ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលទំនប់ធំ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញ ចុះទៅ ដល់កន្លែងកើតហេតុ ពេលសមត្ថកិច្ចទៅដល់ ជនសង្ស័យឈ្មោះហេង សិទ្ធ បានយកឯកសារមួយចំនួន ដុតចោលក្នុងបន្ទប់ទឹកផ្ទះសំណាក់ រមណីយដ្ឋាន ភូមិ៥១។

ក្រោយមក សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន៥នាក់ (ស្រី១) និងដកហូតមធ្យោបាយខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ខាងលើ បានឆ្លើយសារភាពថា ចំពោះលោហធាតុ (សំរឹទ្ធ) ដែលពួកខ្លួនបាននិយាយប្រាប់ជនរងគ្រោះ ពីរឿងលក់-ទិញនោះ គឺមិនមានទេ។ មូលហេតុដែលពួកខ្លួននិយាយដូច្នេះ គឺពួកខ្លួនមានចេតនាចង់ភូតកុហកជនរងគ្រោះ តែប៉ុណ្ណោះ។ ចំពោះម៉ា ស៊ីនរាប់លុយ គឺរូបខ្លួនយករបស់កូនមក ដើម្បីបង្ហាញជនរងគ្រោះឱ្យជឿទុកចិត្ត។

ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES