ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពប្លន់ កាលពីរយៈពេលជាង ១៦ឆ្នាំមុន រួចបានរត់គេច ទៅម្ងំលាក់ខ្លួនបាត់ លុះ១៦ឆ្នាំក្រោយ លបចូលស្រុកវិញ ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុច ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង ប៊ុនវាសនា ហៅពែក ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ន ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ចំណុច ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ បានស្រាវ ជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះហេង ប៊ុនវាសនា ហៅពែក ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ មានលំនៅបច្ចុប្បន្ន ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមដីកា បង្គាប់ឱ្យចាប់ខ្លួនលេខ ២០២ ដកចខ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៩ របស់លោក អ៊ិត សុធា ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល ពីបទប្លន់ ប្រព្រឹត្តនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕