Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ជង់ប្លន់ម៉ូតូបុរសដឹកជញ្ជូន ប៉ូលិសវ៉ៃខ្នោះ២នាក់

ភ្ជង់ប្លន់ម៉ូតូបុរសដឹកជញ្ជូន ប៉ូលិសវ៉ៃខ្នោះ២នាក់

ភ្នំពេញ ៖ ករណីយុវជនជាអ្នកដឹកជញ្ជូនអាហារពេលយប់ម្នាក់ ដែលរកលុយទិញទឹកដោះគោកូនខ្ចី ឈប់ម៉ូតូបត់ជើងតូច  ត្រូវជនសង្ស័យយកដាវមកភ្ជង់ក ប្លន់ម៉ូតូបាត់ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែររង្វង់មូលកាំកូស៊ីធី នោះ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវ ជ្រាវបង្ក្រាបបានជនសង្ស័យ ចំនួន២នាក់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) និង ទី២-ឈ្មោះធី សុបញ្ញារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលសំពៅ សង្កាត់ទួល សង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ មានឈ្មោះសាក ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានប្រពន្ធកំពុង សរសៃខ្ចី (ទើបនឹងសម្រាលកូន) មានលំនៅ ផ្ទះលេខ 16E2 ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ រីឯសម្ភារៈបាត់បង់ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN- 8015។ ដោយឡែកសម្ភារៈដកហូត ម៉ូតូ ១គ្រឿង ម៉ាកធូដេ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1AC-7327 លេខតួនិងលេខម៉ាស៊ីន 1057580។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាព ភ្ជង់ប្លន់ម៉ូតូជនរងគ្រោះ ប្រាកដមែន ដោយពួកគេមានគ្នាទាំងអស់៤នាក់ ចំណែក២នាក់ទៀតកំពុងរត់គេចខ្លួន។ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ដោយឡែកបក្ខពួក ២នាក់ទៀត សមត្ថកិច្ច ជំនាញកំពុងបន្តស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

គួររំលឹកថា កាលពីម៉ោង៧យប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានករណីភ្ជង់ប្លន់ម៉ូតូ បានកើតឡើង នៅត្រង់ ចំណុចក្បែររង្វង់មូលកាំកូ តាមផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដោយយុវជនម្នាក់ បានចេញមករកស៊ីដឹកជញ្ជូនអាហារពេលយប់ ដើម្បីរកប្រាក់ទិញទឹកដោះគោកូន (ប្រពន្ធកូនខ្ចី) លុះពេលកំពុងដឹកជញ្ជូនអាហារឱ្យភ្ញៀវ ឈឺបត់ជើងតូច ក៏ឈប់តាមផ្លូវ ដើម្បីបត់ជើង ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ យកដាវមកភ្ជង់ក ប្លន់យកម៉ូតូ ទៅបាត់ ធ្វើឱ្យជនសង្ស័យបានត្រឹមទួញយំ ប្តឹងសុំឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា រាល់ថ្ងៃ ខ្លួនប្រឹងធ្វើការដឹកជញ្ជូនអាហារឱ្យគេ ទាំងយប់ទាំង ថ្ងៃដើម្បីរកប្រាក់សម្រាប់ទិញទឹកដោះគោឱ្យកូនតូច ដែលទើបនឹងសម្រាល ដោយមានតែម៉ូតូ ១គ្រឿង ជាដើមទុន លុះពេលនេះត្រូវចោរប្លន់បាត់ទៀត មិនដឹងថា ត្រូវរំពឹងលើអ្វីទេ។

យុវជនរងគ្រោះរូបនេះ បានបង្ហូរទឹកភ្នែករៀបរាប់ទៀតថា មុនពេលកើតហេតុដោយ ខ្លួនបានដឹក ម្ហូបដែល ភ្ញៀវកម្មង់ យកទៅឱ្យគេ នៅម្តុំក្នុងបុរីអង្គរ រួចក៏បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-8015 ត្រឡប់មកវិញ កាត់តាមបណ្តោយផ្លូវបុរីអង្គរ ខណៈបើកមក ដល់ចំ ណុចកើតហេតុ ក្បែររង្វង់មូលកាំកូស៊ីធី ខ្លួនបានឈប់ម៉ូតូនៅក្រោមដើមអាកាស្យា រួចចុះទៅបត់ជើងតូច ក្បែរនោះមួយភ្លែត ដោយកន្លែងកើតហេតុងងឹតផង ហើយស្ងាត់ទៀត។ ក្រោយពីបត់ជើងរួច ខ្លួនបានឡើង មកជិះម៉ូតូវិញ កាច់សោរៀបបញ្ឆេះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ប្រដាប់ដោយដាវ ១ដើម បានចូល មកធ្វើសកម្មភាពភ្ជង់កគេ រួចស្រែកគំរាមថា “ចុះពីលើម៉ូតូ បើមិនចុះ អញកាប់” ហើយក៏ច្រានរូបគេ ចេញពី លើម៉ូតូ រួចក៏ជិះចេញទៅបាត់ ពេលនោះខ្លួនខំរត់ស្រែកឆោឡោឱ្យអ្នកជិតខាងជួយ ទោះជាខំប្រឹងស្រែក យ៉ាងណា ក៏គ្នាននរណាម្នាក់ជួយដែរ៕

RELATED ARTICLES