អុីរ៉ង់–អាមេរិក៖ រដ្ឋាភិបាលអ៊ីរ៉ង់បានដឹកនាំការធ្វើតេស្តសាកល្បងមីស៊ីលជាលើកដំបូងរបស់ខ្លួនគិតចាប់តាំងពីប្រធានាធិបតីសហរដ្ឋលោកដូណាល់ ត្រាំ ចូលកាន់តំណែង ដែលជាការផ្តល់ឲ្យដល់រដ្ឋបាលថ្មីកំពុងចាប់កំណើននេះនូវឱកាសមួយក្នុងការបង្ហាញដល់ពិភពលោកថាតើពួកគេមានផែនការណ៍បែបណាក្នុងការដោះស្រាយជាមួយនិងគូបដិបក្សដ៏សំខាន់គឺសហរដ្ឋអាមេរិក ។
មន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានថ្លែងប្រាប់ CNN ថាប្រព័ន្ធមីស៊ីលបាញ់ផ្លោងបានរយៈចម្ងាយមធ្យមត្រូវបានបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ ហើយការធ្វើតេស្តនេះបរាជ័យ និងពុំមានការគំរាមកំហែងដល់សហរដ្ឋអាមេរិកឬសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់ឡើយ ។
ក្រុមបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថាខ្លួនកំពុងស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានប្រារព្ធធ្វើឡើងក្នុងកិច្ចប្រជុំបិទទ្វារមួយដើម្បីពិភាក្សាអំពីការធ្វើតេស្តដែលខ្លួនបានលើកឡើងថាមានពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលផ្លោងមួយគ្រាប់ ។
លេខាធិការព័ត៌មានរបស់សេតវិមានលោក Sean Spicer បានអះអាងនៅក្នុងសន្និសិទកាសែតរយៈពេលខ្លីមួយរបស់លោកកាលពីថ្ងៃច័ន្ទថាការធ្វើតេស្តបង្ហោះមីស៊ីលនេះបានកើតឡើងប្រាកដមែន ប៉ុន្តែពុំមានការធ្វើអត្ថាធិប្បាយឲ្យបានលម្អិតអំពីផែនការណ៍របស់សេតវិមានក្នុងកិច្ចព្រមព្រៀងជាមួយនិងរដ្ឋាភិបាលអ៊ីរ៉ង់នោះឡើយ ។
យើងបានដឹងសតិសម្បជញ្ញៈហើយថារដ្ឋាភិបាលអ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីល យើងកំពុងឃ្លាំមើលយ៉ាងម៉ឹងម៉ាត់អំពីសាវតារបស់វា ។ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Bob Corker និងជាប្រធានគណៈកម្មការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភានិងជាអ្នករិះគន់កិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ បានហៅការបាញ់បង្ហោះមីស៊ីលនេះថាជាការរំលោភបំពាននូវការប្តេជ្ញាចិត្តជាអន្តរជាតិរបស់អ៊ីរ៉ង់។
លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអស់រយៈពេលជាយូរមកនេះនឹងនាំឲ្យអ៊ីរ៉ង់ធ្វើការអនុម័តចំពោះការរំលោភបំពានម្តងជាពីរដងនៃការប្រពឹត្តល្មើសដោយការបាញ់ផ្លោងមីស៊ីល ក៏ដូចជាការបន្តគាំទ្រដល់ភេរវកម្ម ការរំលោភសិទ្ធិមនុស្សនិងសកម្មភាពបង្កហេតុដទៃទៀតដែលគំរាមដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ។